ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា ឬកាត់ហៅថា USAID បានដាក់ដំណើរការជំនួយក្នុងគម្រោងថ្មីមួយរបស់ខ្លួនហៅថា«ការជំរុញភាពជាអ្នកដឹកនាំយុវជន» (AYL ឬ Advancing Youth Leadership) ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជន និងលើកស្ទួយយុវជនក្នុងការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍសហគមន៍។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID ដែលចេញផ្សាយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ កម្មវិធីនេះមានរយៈពេល៥ឆ្នាំ ដែលមានគោលបំណងស្វែងរកយុវជនចន្លោះចាប់ពីអាយុ១៥ដល់២៩ឆ្នាំ ដោយផ្តោតលើអ្នកដែលមកពីក្រុមដែលត្រូវបានគេរើសអើង និងសហគមន៍ដែលខ្វះខាត រួមទាំងសហគមន៍ LGBTQI+ អ្នកដែលមានពិការភាព និងអ្នកដែលមកពីក្រុមជនជាតិដើមភាគតិច ឬសាសនាជនជាតិភាគតិច។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា យុវជនដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានជំនាញជីវិត និងមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ ការតម្រង់ទិស ការត្រិះរិះពិចារណានិងជំនាញទំនាក់ទំនង ជំនាញអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដោយមានការចូលរួមរបស់ពលរដ្ឋ ការកំណត់ចំណោទបញ្ហា និងស្វែងរកដំណោះស្រាយ ជំនាញឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ ជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ជាក់ស្តែង តាមជំនួយខ្នាតតូចដែលដឹកនាំដោយយុវជន កម្មវិធីដែលផ្តោតលើសហគមន៍ និងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយយុវជន។
ប្រទេសកម្ពុជាមានយុវជននិងក្មេងជំទង់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជាង៦០ភាគរយនៃចំនួនប្រជាជនដែលមានអាយុក្រោម៣០ឆ្នាំ និងស្ទើរតែ៣៧ភាគរយដែលមានអាយុចន្លោះពី១០ទៅ២៩ឆ្នាំ ហើយបច្ចុប្បន្ននេះជិត៤៣ភាគរយនៃប្រជាជនដែលមានអាយុធ្វើការនៅក្នុងប្រទេសកម្ពុជា គឺចន្លោះពីអាយុ១៥ ទៅ២៩ ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជាបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា និន្នាការសកលបង្ហាញថា យុវជនកំពុងជួបប្រទះការផ្លាស់ប្តូរនៃការវិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ ស្របពេលសកលលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដូចនេះការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជននៅពេលនេះ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។
អ្នកស្រីថ្លែងដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖ «បទពិសោធន៍របស់យុវជនកម្ពុជាសព្វថ្ងៃគឺខុសពីជំនាន់ឪពុកម្ដាយ ឬអ្នកជំនាន់មុនរបស់ពួកគេ។ បច្ចេកវិទ្យា និងសកលភាវូបនីយកម្មអនុញ្ញាតឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងនៅជិត និងនៅឆ្ងាយ ដោយដឹងពីគុណតម្លៃក្នុងការគាំទ្រយុវជនដោយផ្ទាល់បែបនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ ព្រមទាំងបើកដំណើរការអនុវត្តកម្មវិធី Cambodia Advancing Youth Leadership ដែលជាជំនួយឥតសំណងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID» ។
លោក អ៊ឹម សុធី នាយកប្រតិបត្តិនៃអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ប្រាប់វីអូអេថា គម្រោងរបស់ USAID មួយនេះពិតជាមានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ដែលអាចឱ្យពួកគេចូលរួមជាមួយនឹងយុវជនដទៃទៀត ជាមួយសហគមន៍មូលដ្ឋាន និងភាគីអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងពង្រឹង ភាពទំនាក់ទំនង ការគិតបែបស៊ីជម្រៅ និងភាពជាអ្នកដឹកនាំ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
លោកថ្លែងថា៖ «គម្រោងនេះគឺមានន័យថា ជួយទៅដល់យុវជនដែលគាត់ងាយនឹងរងគ្រោះ យុវជនដែលបាត់បង់ឱកាស ដូចជាយុវជនដែលអត់សូវមានឱកាសដើម្បីឱ្យគាត់អាចរៀននូវជំនាញផ្សេងៗដែលខាងគម្រោងនេះផ្តល់ជូន»។
បើតាមលោក អ៊ឹម សុធី យុវជនកម្ពុជាមួយចំនួននៅមានភាពខ្វះខាតនៅក្នុងការគិតបែបស៊ីជម្រៅ ការប្រាស្រ័យទាក់ទងក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្រសើរ ក៏ដូចជាចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយដែលមិនទាន់អាចប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ដូច្នេះលោកជំរុញយុវជនទាំងអស់ឱ្យមានការចូលរួមនៅក្នុងគម្រោងកម្មវិធីមួយនេះ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេឱ្យមានភាពប្រសើរឡើង។
លោកថ្លែងថា៖ «ខ្ញុំគិតថា ប្អូនៗយុវជនទាំងអស់គួរតែស្វែងយល់គម្រោងនេះ ហើយនិងចូលរួមគម្រោងនេះគ្រប់ៗគ្នា ដើម្បីឱ្យយុវជនទាំងអស់គាត់អាចមានសមត្ថភាពក្នុងការអភិវឌ្ឍ និងក្លាយខ្លួនជាអ្នកដឹកនាំសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបាននៅឡើយទេ។
បើតាមរបាយការណ៍វាយតម្លៃ Cross-Sector Cambodia Youth របស់ USAID ក្នុងឆ្នាំ២០១៩ យុវជនជាច្រើនចាប់អារម្មណ៍លើរឿងរ៉ាវជាច្រើនដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគេ ហើយចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងជួយដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសហគមន៍របស់គេផងដែរ។ ទោះជាយ៉ាងណាក្តី យុវជនកម្ពុជាជាច្រើន គ្មានឱកាសដើម្បីចូលរួម ទទួលបានការអភិវឌ្ឍជំនាញ ការចែករំលែកគំនិត ឬទទួលបានបទពិសោធន៍ជាក់ស្តែង ដើម្បីយកទៅអនុវត្តប្រកបដោយអត្ថន័យនោះទេ។ ការវាយតម្លៃនេះរកឃើញទៀតថា ភាគច្រើននៃគំនិតផ្តួចផ្តើមសមត្ថភាពរបស់យុវជននៅមានទំហំតូច និងមានដែនកំណត់នៅឡើយ។
កម្មវិធី«ការជំរុញភាពជាអ្នកដឹកនាំយុវជន (AYL)» របស់ USAID នឹងគ្របដណ្តប់នៅរាជធានីភ្នំពេញ និងរួមមានតំបន់ជុំវិញខេត្តសៀមរាប (គ្របដណ្តប់លើខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង និងពោធិ៍សាត់) តំបន់ជុំវិញខេត្តរតនគិរី (គ្របដណ្ដប់លើខេត្តស្ទឹងត្រែង និងមណ្ឌលគិរី) និងតំបន់ជុំវិញខេត្តតាកែវ (គ្របដណ្តប់លើខេត្តកំពត ព្រៃវែង និងស្វាយរៀង) ដែលតំបន់ទាំងនេះត្រូវបានបង្កើតឡើងដើម្បីគ្របដណ្តប់ខេត្តទាំង១៤ដែលតំណាងឱ្យជាង៦៦ភាគរយនៃចំនួនប្រជាជនកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនវ័យជំទង់ និងក្រុមដែលត្រូវបានគេរើសអើងខ្ពស់៕