ប្រធាន ​USAID ​បង្ហាញ​ពី​សក្តានុពល​វិនិយោគទុន​នៅ​កម្ពុជា​និង​បញ្ហា​ប្រឈម

នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ក្រុមហ៊ុន​អាមេរិកាំង​និង​អន្តរជាតិ​មើល​ឃើញ​ប្រទេស​កម្ពុជា​ថា​ជា​គោលដៅ​វិនិយោគ​ទុន​ដ៏ទាក់ទាញប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​មួយ​ចំនួនដើម្បី​បង្ក​បរិយាកាស​ឲ្យពួកគេ​អាច​ដាក់​ទុន​វិនិយោគ​បាន។ នេះ​បើ​តាម​ការលើកឡើង​របស់​អ្នកស្រី Samantha Power ​នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិសកល​ (USAID)។ ​

អ្នកស្រី ​Power ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ក្នុង​រាជធានី​ភ្នំពេញ​ថា ​អ្នកស្រី​បាន​ពិភាក្សា​បញ្ហា​នេះរួច​ហើយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ដដែល​នេះ។​

អ្នកស្រី​បាន​បន្ថែម​ថា៖ «ដើម្បី​ឲ្យ​ពួកគេ​អាច​មក​បណ្តាក់​ទុន​នៅ​ទីនេះ​បាន​គឺ​ ពួកគេ​ចង់ឃើញ​ការកែលម្អ​ដ៏​មាន​អត្ថន័យ​នៅក្នុង​បរិយាកាស​ដែល​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្មបាន​ដែល​ក្នុង​នោះ​មាន​ការដោះស្រាយ​អំពើ​ពុករលួយ​ លើក​កម្ពស់​ការគោរព​សិទ្ធិ​ការងារ​ និង​ដោះស្រាយ​ ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដែល​កំពុង​ញាំញី​កេរ្តិ៍ឈ្មោះរបស់​កម្ពុជា​នៅ​ឆាក​អន្តរជាតិ»។​

អ្នកស្រី​ Power ​បន្ថែម​ថាការណ៍​ដែល​កម្ពុជា​ធ្វើការ​ឆ្ពោះ​ទៅ​រក​តម្លាភាព​កាន់តែ​ច្រើន​ ​មាន​គណនេយ្យភាព និង​ការការពារ​សិទ្ធិមនុស្ស​អាច​បើក​ច្រក​ឲ្យ​មាន​ភាពរុងរឿង​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជន​កម្ពុជា​ ដែល​អាច​ជា​កត្តា​ជោគជ័យ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី។

អ្នកស្រី​ Power ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​២២ ​ដល់ ​២៣​ខែ​តុលា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​អ្នកស្រី​ Power ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ទីភ្នាក់ងារ​ USAID​ដោយ​អ្នកស្រី​បាន​ទៅ​ខេត្ត​សៀមរាប​ដើម្បី​ពិនិត្យ​មើល​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​គាំទ្រ​ក្នុងចំណោម​នោះ​មាន​គម្រោង​ទប់ស្កាត់​ជំងឺ​របេង។ អ្នកស្រី​ Power ក៏​បាន​បាន​ជួប​ជាមួយ​សមាជិក​សហជីព ​និង​សកម្មជន​ការងារ ​ដែល​ធ្វើការ​នៅ​ប្រាសាទ​អង្គរវត្ត ដើម្បី​ពិភាក្សា​អំពី​លក្ខខណ្ឌ​ការងារ ​និង​បញ្ហា​សិទ្ធិការងារ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​មកទាក់ទាញ​អ្នកវិនិយោគ​ទុន​អាមេរិកាំង​ដោយ​មន្ត្រីកម្ពុជា​អះអាង​ថា ​នៅ​ក្នុង​អាណត្តិ​១​ឆ្នាំ នៃ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន ម៉ាណែត ​កម្ពុជា​មាន​បរិយាកាស​វិនិយោគ​ប្រសើរ​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង។ ពួកគេ​អះអាង​ថាកម្ពុជា​បាន​បង្កើតវិធានការ​មួយ​ចំនួន​ដូច​ជា​ការ​បង្កើន​តម្លាភាព​ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ ​និង​ការ​ទាក់ទង​និង​ស្តាប់​កង្វល់​របស់​អ្នក​វិនិយោគ​ច្រើន​ជាង​មុន។
ក្នុង​ចំណោម​មន្ត្រី​នោះ​មាន​លោក​ស៊ុន ចាន់ថុល​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC។ លោក​ ​បាន​ធ្វើដំណើរ​មក​សហរដ្ឋ​អាមេរិក​កាល​ពី​ចុង​ខែ​កញ្ញា និង​ដើម​ខែ​តុលា ​ដើម្បី​ទាក់ទាញ​វិនិយោគិនពី​សហរដ្ឋ​អាមេរិក​និង​កាណាដា។​

Your browser doesn’t support HTML5

លោក ស៊ុន ចាន់ថុល អះអាង​ថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ប្រសើរ​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​អាមេរិក

​លោក ស៊ុន ចាន់ថុល ​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្រោយ​វេទិកា​អ្នកដឹកនាំ​អាស៊ាន (ASEAN Leadership Forum) នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សាយុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា​ថា​នៅ​ពេល​នេះ ​នីតិវិធី​ជាច្រើន​រួម​ទាំង​ការ​ដាក់​ពាក្យ​សម្រាប់​គម្រោង​វិនិយោគ​ទុន​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC ត្រូវ​ធ្វើ​ឡើង​តាម​អនឡាញ​ដែល​នឹង​ជួយ​កាត់​បន្ថយ​អំពើ​ពុករលួយ។​

មន្ត្រី​កម្ពុជា​បាន​ថ្លែង​បន្ត​ថា​មាន​សក្ដានុពល​លេច​ធ្លោ​មួយ​ចំនួន​របស់​កម្ពុជា ដែល​រួម​មាន​ កត្តា​ភូមិសាស្ត្រ​នៅ​កណ្តាល​តំបន់​ទន្លេ​មេគង្គ មាន​រដ្ឋាភិបាល​ដែល​គាំទ្រ​ក្រុម​ធុរកិច្ច (pro-business government) ​សមាជិកភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន និង​ហេដ្ឋារចនាសម្ពន្ធ​ប្រសើរ​ជាង​មុន​ជា​ដើម។

បញ្ហាប្រឈម​ដទៃ​ទៀត​សម្រាប់​អ្នកវិនិយោគ​ទុន​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​គឺ​មាន​ដូច​ជា​ស្ថិរភាព​នយោបាយ​ដែល​មាន​ការតានតឹង​និង​ការរឹតត្បិត​លើ​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនយោបាយ​នៅ​ក្រៅ​ប្រទេស។​

អ្នកស្រី​មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ប្រាប់​វីអូអេ​ថា​ក្រុម​ប្រឆាំង​មិនជំទាស់​នឹង​ការវិនិយោគ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ទេ។ ប៉ុន្តែ​កម្ពុជា​ត្រូវ​មាន​តម្លាភាពជៀសវាង​អំពើ​ពុករលួយ​និង​ត្រូវ​មាន​តុលាការ​ឯករាជ្យ។​ ទន្ទឹម​នឹង​នោះ​សិទ្ធិ​សេរីភាពរបស់​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការបញ្ចេញ​មតិ​ក៏​ជា​កត្តា​សំខាន់​ដែរ។

អ្នកស្រី​មូរ សុខហួរ​បន្ថែម​ថា៖
«យើង​ចង់​ឲ្យ​មាន​បរិបទ​ប្រទេស​កម្ពុជា​មួយ​ដែល​ចំណេញ​ប្រទេស​កម្ពុជា​ដូច្នេះ​បើក​ទៅ​សេរីភាព​នៃ​ការបញ្ចេញ​មតិ បើក​ទៅក្នុង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​សេរី​និង​យុត្តិធម៌»។

អ្នកស្រី​នាយិកា ​Power ​ក៏​បាន​ប្រកាស​ពី​ជំនួយ​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ក្នុង​នោះ មាន​ទឹកប្រាក់​ចំនួន​៦ ​លាន​ដុល្លារ​របស់​ទីភ្នាក់ងារ​ USAID​ ចំពោះ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​វិស័យ​ការងារ​ដើម្បី​ជួយ​ដល់​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ ចំពោះ​ការគ្រប់គ្រង​តាម​លទ្ធិ​ប្រជាធិបតេយ្យ ​គោរព​សិទ្ធិមនុស្ស ​និង​ការគាំទ្រ​ដល់​សង្គម​ស៊ីវិល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ USAID៕​