អ្នកតាក់តែង​ច្បាប់​អាមេរិក​គាំទ្រ​ការ​វាយប្រហារ​​របស់​ណេតូ​ទៅ​លើ​ហ្កាដាហ្វី​(Gadhafi)

នៅក្នុង​រូបភាព​នេះ​ ជា​ការដើរ​មើល​មួយ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ ឃើញ​ថា​ ពលរដ្ឋ​លីប៊ី​ពិនិត្យមើល​ការខូចខាត​ ខណៈដែល​ពួកគេ​ឈរ​ក្បែរ​ទីកន្លែង​ដែល​កាំជ្រួច​បាន​ផ្ទុះ​នៅ​ក្នុង​បរិវេណ​ទីលំនៅ​របស់​គ្រួសារ​ហ្កាដាហ្វី​​ (Gadhafi)​ ក្នុងទីក្រុង​ទ្រីប៉ូលី (Tripol

អ្នក​តាក់តែង​ច្បាប់​អាមេរិក​នៃ​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ការ​គាំទ្រ​ ចំពោះ​ការ​វាយ​ប្រហារ​តាម​យន្តហោះ​របស់​អង្គការ​ណេតូ​ (NATO)​ ដែល​បាន​សម្លាប់​កូនប្រុស​ពៅ​ និង​ចៅ​៣​នាក់​របស់​មេដឹកនាំ​លីប៊ី​ គឺ​វរសេនីយ៍​ឯក​ ម៉ូអាម៉ា​ ហ្កាដាហ្វី​ (Moammar Gadhafi)។

នៅ​ឆ្នាំ​១៩៨៦​ ម៉ូអាម៉ា​ ហ្កាដាហ្វី​បាន​រួច​ជីវិត​ពី​ការ​វាយ​ប្រហារ​តាម​យន្តហោះ​របស់​សហ​រដ្ឋ​អាមេរិក​ទៅ​លើ​ទីតាំង​របស់​យោធា​លីប៊ី​ និង​លំនៅដ្ឋាន​របស់​មេ​ដឹកនាំ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​(Tripoli)។ ​បើ​សិន​ជា​ របាយ​ការណ៍​បច្ចុប្បន្ន​មាន​ភាព​ត្រឹមត្រូវ​នោះ​ មាន​ន័យ​ថា​ វរសេនីយ៍​ឯក​ហ្កាដាហ្វី​បាន​រួច​ជីវិត​ជាថ្មី​ម្តងទៀត​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ ដែល​បាន​សម្លាប់​សមាជិក​គ្រួសារ​របស់​លោក​បី​ បួន​នាក់។

លោក​លីនហ្ស៊ី​ ហ្ក្រេហាម​ (Lindsey Graham)​ សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​សោត​ ខារូឡែនណា​ (South Carolina)​ បាន​សរសើរ​ដល់​សកម្មភាព​របស់​អង្គការ​ណេតូ។

«ខ្ញុំ​គាំទ្រ​ដល់​អ្វី​ដែល​អង្គការ​ណេតូ​បាន​ធ្វើ។​ ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​បំពេញ​កាតព្វ​កិច្ច​បាន​ល្អ​ប្រសើរ​មួយ។​ នេះ​ជា​វិធី​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ។​ ជម្លោះ​នេះ​អូសបន្លាយ​កាន់តែ​យូរ​ មនុស្ស​រាប់​ពាន់​នាក់​ នឹង​ត្រូវ​ស្លាប់។​ គ្មាន​នរណា​ម្នាក់​នឹង​សោកស្តាយ​ចំពោះ​ការ​ដក​ ហ្កាដាហ្វី​ចេញ​ទេ​ បើ​ទោះជា​គេ​ប្រើ​វិធី​ណា​ក៏ដោយ។​ ខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​ណេតូ​ ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ទាំង​នេះ»។

លោក​ហ្ក្រេហាម​ ដែល​បាន​និយាយ​ក្នុង​កម្មវិធី​ Fox News Sunday នៃ​បណ្តាញ​ទូរទស្សន៍​ Fox​ គឺ​ជា​អ្នកគាំទ្រ​ពី​ដំបូង​នៃ​ការ​គាំទ្រ​ជា​អន្តរជាតិ​ដល់​ក្រុម​បះបោរ​លីប៊ី​ ដែល​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ ម៉ូអាម៉ា​ ហ្កាដាហ្វី​ កាលពី​ដើម​ឆ្នាំ​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លីប៊ី​ម្នាក់​បាន​ហៅ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ថា​ ជា​ការធ្វើឃាត​ដោយ​ចេតនា។​ លោក​សមាជិក​ព្រឹទ្ធ​សភា​ហ្ក្រេហាម​ថ្លែង​ថា​ អង្គការ​ណេតូ​គ្មាន​អ្វី​ត្រូវ​សុំ​អភ័យ​ទោស​ទេ។

«ទីកន្លែង​ណា​ក៏ដោយ​ដែល​ហ្កាដាហ្វី​ទៅ​ដល់​ គឺ​ជា​គោលដៅ​វាយ​ប្រហារ​ដោយ​យោធា​ស្របច្បាប់។​ គាត់​ជា​មេ​បញ្ជាការ​ និង​ជា​អ្នក​ត្រួតត្រា​លើ​កង​កម្លាំង​លីប៊ី។​ គាត់​មិន​មែន​ជា​មេ​ដឹកនាំ​លីប៊ី​ស្រប​ច្បាប់​ទេ។​ តាម​ទស្សនៈ​របស់​ខ្ញុំ​ គាត់​ជា​មេឃាតករ​ម្នាក់។​ គាត់​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង។​ គាត់​កំពុងតែ​ធ្វើ​សកម្មភាព​ខុស​ពី​ច្បាប់​អន្តរជាតិ។​ គាត់​គួរ​តែ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ ឬ​ត្រូវ​ប្រហារ​ជីវិត»។

តាម​រយៈ​ការ​បង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី​Face the Nation​នៃ​បណ្តាញ​ទូរទស្សន៍​CBS​ លោក​សមាជិក​ព្រឹទ្ធ​សភា​ចន​ ម៉ាក់ខេន​(John McCain)​ នៃ​រដ្ឋ​អារីហ្សូណា​ (Arizona)​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ពលរដ្ឋ​ស្លូតត្រង់​លីប៊ី​ តែ​លោក​បញ្ជាក់​ជាថ្មី​ចំពោះ​ការ​គាំទ្រ​របស់​លោក​ក្នុងការ​បណ្តេញ​វរសេនីយ៍​ឯក​ហ្កាដាហ្វី​ចេញ​ពី​តំណែង។

សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ លោក​ឃេនត៍​ ខន់រ៉ាដ​ (Kent Conrad)​ ដែល​បាន​និយាយ​ក្នុង​កម្មវិធី​ Fox News Sunday​ ក៏​បាន​បញ្ចេញ​មតិ​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការ​ដែល​ធ្វើ​ជា​បន្ត​របស់​អង្គការ​ណេតូ​នោះ​ផង​ដែរ។

«ហ្កាដាហ្វី​ត្រូវតែ​ចាកចេញ។​ ខ្ញុំ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្ញុំ​គិត​ថា​ លោកអ្នក​ត្រូវ​កម្ទេច​គ្រឹះ​នៃ​អំណាច​របស់​គាត់។​ ហើយ​គ្រឹះ​នៃ​អំណាច​របស់​គាត់​ គឺ​កង​វរសេនា​ធំ​ដែល​ត្រួតត្រា​ដោយ​កូនប្រុស​របស់​គាត់​ ទាហាន​ស៊ីឈ្នួល​ដែល​គាត់​ជួល​ពី​ប្រទេស​ផ្សេងៗ​ ប្រាក់​កាស​ និង​កុលសម្ព័ន្ធ​របស់​គាត់។​ ខ្ញុំ​ជឿ​ថា​ អ្វីៗ​ទាំងអស់​នោះ​គួរតែ​ត្រូវ​ដាក់​ជា​គោលដៅ​ និង​ត្រូវ​តាម​កម្ទេច​ចោល។​ លោក​អ្នក​មិន​អាច​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ធ្វើ​ដូច្នេះ​បាន​ទេ»។

លោក​សមាជិក​ព្រឹទ្ធសភា​ខន់រ៉ាដ​បាន​ទទួល​ស្គាល់​ថា​ តាម​ការ​យល់​ឃើញរបស់​លោក​អំពី​ច្បាប់​អាមេរិក​គឺ​ថា​ បុគ្គល​ម្នាក់ៗ​មិន​មែន​ជា​គោលដៅ​វាយប្រហារ​ដោយ​យោធា​ទេ។​ ក៏ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ការ​តាម​កម្ទេច​រចនា​សម្ព័ន្ធ​គាំទ្រ​យោធា​របស់​វរសេនីយ៍​ឯក​ហ្កាដាហ្វី​ គឺ​មាន​ភាព​ស្របច្បាប់​យ៉ាង​ពេញលេញ​ ដែល​ជា​សកម្មភាព​អាច​នាំ​ទៅ​រក​ការ​សម្លាប់​មេ​ដឹកនាំ​ហ្កាដាហ្វី។

លោក​ដេវីឌ​ ខាម៉ឺរូន​ (David Cameron)​ នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​មាន​ប្រសាសន៍​ថា​ អង្គការ​ណេតូ​ដាក់​គោលដៅ​វាយ​ប្រហារ​លើ​ទីបញ្ជាការ​ និង​អង្គភាព​គ្រប់គ្រង​លីប៊ី​ មិនមែន​ទៅ​លើ​បុគ្គល​ទេ៕

ប្រែ​សម្រួលដោយ​ លី ម៉ូរីវ៉ាន់