ប្រភព​ថាអាមេរិក​កំពុង​ធ្វើការ​លើការឈប់​បាញ់​គ្នា​នៅ​លីបង់​ ខណៈ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​នៅ​តំបន់ Baalbek

  • ​Reuters

ផ្សែងហុយចេញពីទីតាំងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលសំដៅទៅលើទីក្រុង Baalbek ភាគខាងកើតនៃប្រទេសលីបង់ ក្នុងជ្រលងភ្នំ Bekaa នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

អ្នក​សម្រប​សម្រួល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ស្តីពី​សំណើ​មួយ ​ដើម្បី​បញ្ឈប់​អរិភាព​រវាង​អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា​របស់​លីបង់ ​ដែល​ចាប់ផ្តើម​ដោយ​មាន​ការ​ឈប់​បាញ់​គ្នា​រយៈពេល ៦០ថ្ងៃ។ នេះ​តាម​ប្រភព២កាលពី​ថ្ងៃ​ពុធ ក៏ប៉ុន្តែ អ៊ីស្រា​អែល​បាន​បង្កើន​ការវាយ​ប្រហារ​និង​ការទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង​ប្រវត្តិសាស្ត្រ Baalbek របស់​លីបង់​ បន្ទាប់ពី​ការចេញ​ការប្រកាស​ឲ្យជម្លៀស​មនុស្ស​ដ៏​ច្រើន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រភព​ទាំងពីរ​គឺមនុស្ស​ម្នាក់​ដែល​បាន​ទទួល​ព័ត៌មានអំពី​ការចរចា​នោះ​ និង​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ម្នាក់​ដែល​ធ្វើការ​ស្តីពី​ប្រទេស​លីបង់​។ ពូគគេ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reutersថា​ នឹង​ត្រូវ​ប្រើរយៈពេល២ខែ​ដើម្បី​ធ្វើសម្រេចនូវ​ការអនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ ១៧០១ ​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ ២០០៦ ដើម្បី​រក្សា​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ឲ្យគ្មាន​អាវុធ​នៅ​លើកលែង​ក្រោម​ការ​សមត្ថកិច្ច​របស់​រដ្ឋ។

មន្ត្រី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ពួក​មន្ត្រី​សេតវិមាន​មាន​ លោក Brett McGurk និង​លោក Amos Hochstein នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​ចរចា​បញ្ហា​នានា​«រួមទាំង​តំបន់​ហ្កាហ្សា ប្រទេស​លីបង់ ចំណាប់​ខ្មាំង អ៊ីរ៉ង់​និង​បញ្ហា​ធំៗទៀត​របស់​តំបន់»។

មេដឹកនាំ​របស់​ក្រុមហេសបូឡា លោក Naim Qassemបាន​និយាយ​ថា​ ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នឹង​យល់ព្រម​ចំពោះ​ការឈប់បាញ់គ្នា​នៅ​ក្នុង​រង្វង់​សមត្ថកិច្ច ប្រសិនបើ អ៊ីស្រាអែល​ចង់​បញ្ឈប់​សង្គ្រាម ក៏ប៉ុន្តែ បាន​និយាយ​ថា ​អ៊ីស្រាអែល​រហូត​មកទល់​ពេល​នេះ​មិន​បាន​យល់ព្រម​ដល់​សំណើ​ណាមួយ​ដែល​អាច​ត្រូវ​ពិភាក្សា​គ្នា​ទេ។

នេះ​ជា​សុន្ទរកថា​លើក​ទី១ របស់​លោក Qassem ជា​អគ្គលេខា មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​ហេសបូឡា បាន​ប្រកាស​នូវ​ការបោះឆ្នោត​របស់​លោក​ចំពោះ​តំណែង​នេះ​បន្ទាប់ពី​អ៊ីស្រាអែល​បាន​ធ្វើឃាត​លោក Hassan Nasrallah មេដឹកនាំ​យូរ​អង្វែង​របស់​ក្រុម​នោះ។

កិច្ចខំប្រឹងប្រែង​ឈប់​បាញ់​គ្នា​នៅ​ពេល​ថ្មីៗបំផុត​នេះ​ កើត​មាន​ឡើង​នៅពេល​ដែល​កិច្ចប្រតិបត្តិការ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុមហេសបូឡា​នៅ​ក្នុង​ប្រទេស​លីបង់ បាន​បន្ត​រីកកាន់តែ​ធំឡើង។

កងទ័ព​របស់​អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ លើ​ទីក្រុង Baalbek ភាគ​ខាង​កើតលីបង់ ​ដែល​មាន​ព្រះវិហាន​រ៉ូម៉ាំង​ដ៏​ល្បីល្បាញ​មួយ​ ហើយ​និង​ភូមិ​នានា​នៅ​ក្បែរ​នោះ។ នេះ​បើ​តាម​ប្រភព​សន្តិសុខ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បន្ទាប់ពីការប្រការ​ឲ្យ​ជម្លៀស​របស់​អ៊ីស្រាអែល។ ជន​ជាតិ​លីបង់​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីដ​រាប់​ពាន់​នាក់ រួម​មាន​អ្នក​ជា​ច្រើន​ពី​តំបន់​ទាំងនោះដែល​បាន​ស្វែងរក​ការជ្រកពួន​ក្នុង​ទីក្រុង​ ​បាន​រត់គេចខ្លួន​បន្ទាប់​ពី​ការព្រមាន​ត្រូវ​បាន​ចេញ៕