សេតវិមាននិយាយថាសហរដ្ឋអាមេរិកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីដែលលោក Prabowo Subianto អះអាងថាលោកបានឈ្នះ។ លោកជាអតីតឧត្តមសេនីយ៍នៃកងទ័ពជើងគោកដែលមានរឿងចម្រួងចម្រាសកាលពីអតីតកាល។ លោកត្រូវបានហាមប្រាមមិនឱ្យចូលក្នុងសហរដ្ឋអាមេរិកជាងមួយទសវត្សរ៍មកហើយ ដោយសារមានការចោទប្រកាន់ទាក់ទិននឹងការរំលោភលើសិទ្ធិមនុស្ស។
លោក John Kirby ទីប្រឹក្សាផ្នែកទំនាក់ទំនងនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយប្រាប់វីអូអេនៅក្នុងសន្និសីទកាសែតឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា៖ «យើងនឹងអបអរលោក Prabowo Subianto នៅពេលណាសមរម្យ។ ខ្ញុំមិនអាចប្រាប់លោកអ្នកអំពីថ្ងៃខែឬពេលវេលាជាក់លាក់នោះទេ ពីព្រោះខ្ញុំដឹងថាលទ្ធផលនៅមានតទៅទៀត។ យើងនឹងគោរពការបោះឆ្នោតនេះនិងសំឡេងរបស់ពលរដ្ឋឥណ្ឌូណេស៊ី»។
ការរាប់សន្លឹកឆ្នោតដំបូងៗមកពីស្ថាប័នមួយចំនួនបង្ហាញថាលោក Prabowo ដែលដូចជាជនជាតិឥណ្ឌូណេស៊ីភាគច្រើនដែរនិយមប្រើនាមខ្លួនជាជាងនាមត្រកូល បានឈ្នះគូប្រជែងគឺលោក Anies Baswedan និងលោក Ganjar Pranowo ដោយលោកទទួលបានសន្លឹកឆ្នោតគាំទ្រជាង ៥០% ដែលចំនួននេះអាចបញ្ចៀសកុំឱ្យមានការបោះឆ្នោតជុំថ្មី។
លទ្ធផលជាផ្លូវការណ៍មកពីគណៈកម្មការរៀបចំការបោះឆ្នោតទូទៅមានកំណត់នឹងចេញផ្សាយនៅខែក្រោយ។ ប៉ុន្តែលោក Prabowo បានអះអាងជ័យជំនះរបស់លោក ដោយលោកបាននិយាយប្រាប់ក្រុមអ្នកគាំទ្រលោករាប់ពាន់នាក់នៅក្នុងរដ្ឋធានីហ្សាកាតាថា នេះជា«ជ័យជំនះរបស់ពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់គ្នា»។
កាលពីឆ្នាំ ២០២០ រដ្ឋបាលលោក Trump បានលុបចោលការហាមប្រាមមិនឱ្យលោក Prabowo ចូលក្នុងសហរដ្ឋអាមេរិកដែលត្រូវបានដាក់កំហិតដោយមានការចោទប្រកាន់អំពីការរំលោភលើសិទ្ធិមនុស្ស មានរួមការចាប់ពង្រត់និងការធ្វើទារុណកម្មក្រុមសកម្មជនលម្អៀងទៅខាងប្រជាធិបតេយ្យនៅពេលបណ្តេញឳពុកក្មេកលោកគឺលោកប្រធានាធិបតី Suharto ដែលចេញពីតំណែងកាលពីឆ្នាំ ១៩៩៨ និងមានការទាក់ទិនជាមួយឧក្រិដ្ឋកម្មយោធានៅទីម័រខាងកើត។
នៅពេលត្រូវបានសាកសួរដោយវីអូអេអំពីថាតើរដ្ឋបាលលោក Biden ស្រួលចិត្តជាមួយប្រវត្តិការងាររបស់លោក Prabowo ឬទេ លោក Kirby បានគូសបញ្ជាក់ថាសិទ្ធិមនុស្សជា«មូលដ្ឋានគ្រឹះ»នៃគោលនយោបាយការបរទេសរបស់លោក Biden។
លោកបាននិយាយថា«គ្មានការសន្ទនាណាមួយរវាងលោកប្រធានាធិបតីជាមួយពួកមេដឹកនាំបរទេសនៅទីណាក៏ដោយដែលលោកមិនបានលើកឡើងអំពីបញ្ហានិងកង្វល់អំពីសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ ការណ៍នេះនឹងមិនមានការផ្លាស់ប្តូរទេ»។
ព័ត៌មានទាក់ទង៖ ប្រវត្តិដ៏ចម្រូងចម្រាសរបស់បេក្ខជនដែលទំនងឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo បានសន្យាថាបន្តគោលនយោបាយមានប្រជាប្រិយភាពទូលំទូលាយរបស់ប្រធានាធិបតីចេញពីតំណែងគឺលោក Joko Widodo ឬដែលគេនិយមហៅលោកថា Jokowi។ លោក Jokowi បានគ្រប់គ្រងប្រទេសជាមួយរបៀបវារៈមួយនៃទំនើបកម្ម«សេដ្ឋកិច្ចមុនអ្វីៗទាំងអស់»ដែលនាំឱ្យមានការលូតលាស់ផលិតផលសរុបក្នុងស្រុកយ៉ាងលឿន ជំរុញឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជារាស្ត្រច្រើនទីបួនក្នុងពិភពលោក ឱ្យទៅជាប្រទេសមួយមានប្រាក់ចំណូលមធ្យម។
លោក Jokowi បានឈ្នះលោក Prabowo ក្នុងការបោះឆ្នោតមុនៗ តែនៅឆ្នាំនេះលោកបានគាំទ្រអតីតគូប្រជែងរបស់លោកតាមរយៈកូនប្រុសច្បងរបស់លោកគឺលោក Rakabuming Raka អាយុ៣៦ឆ្នាំ ដែលបានឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោក Prabowo។
លោក Gibran អាចជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Prabowo ក្រោយតុលាការធម្មនុញ្ញរបស់ឥណ្ឌូណេស៊ីបានបង្កើតការលើកលែងមួយដល់បទបញ្ញត្តិមួយដែលថាបេក្ខជនប្រធានាធិបតីត្រូវតែមានអាយុយ៉ាងតិច៤០ឆ្នាំ។ ការណ៍នេះនាំឱ្យមានការរិះគន់ថាលោក Jokowi ប្រឹងប្រែងបង្កើតសន្តតិវង្សនយោបាយមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតទីបីក្នុងពិភពលោក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមើលរំលងកង្វល់ទាំងនេះ ដោយសារមុខនាទីសំខាន់របស់ឥណ្ឌូណេស៊ីនៅក្នុងការប្រជែងឥទ្ធិពលខាងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិននិងការប្រឹងប្រែងអន្តរជាតិដើម្បីកាត់បន្ថយបញ្ហានៃការប្រែប្រួល អាកាសធាតុ។ ឥណ្ឌូណេស៊ីជាប្រទេសដឹកជញ្ជូនធ្យូងថ្មច្រើនជាងគេទៅលក់ឯប្រទេសក្រៅហើយប្រទេសនេះអះអាងថាខ្លួនមាននីកែលច្រើនបំផុត ដែលជាធាតុសំខាន់មួយនៃអាគុយរថយន្តអគ្គិសនី។
លោក Aaron Connelly ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិខាងការសិក្សាយុទ្ធសាស្ត្រ។ លោកបាននិយាយប្រាប់វីអូអេថា«ប្រសិនបើលទ្ធផលបង្ហាញជ័យជំនះរបស់លោក Prabowo នៅខែក្រោយ ខ្ញុំរំពឹងថាសហរដ្ឋអាមេរិកនឹងទាក់ទងជាមួយលោក Prabowo ដូចដែលខ្លួនទាក់ទងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅក្រោយលោកបានឈ្នះឆ្នោតកាលពីឆ្នាំ២០១៤ ដោយបានលុបចោលការរឹតត្បិតលើការទាក់ទងជាមួយលោក»។
កាលពីឆ្នាំទៅ លោក Biden បានស្វាគមន៍លោក Modi នៅក្នុងទស្សនកិច្ចផ្លូវការណ៍នៅឯសេតវិមាន។ លោកប្រធានាធិបតី Biden បានឱបអ្នកជាតិនិយមហិណ្ឌូអត្តាធិបតេយ្យរូបនេះដែលរដ្ឋាភិបាលលោកបានបង្ក្រាបសេរីភាពសារព័ត៌មាននិងពួកមេដឹកនាំប្រឆាំង។ ពួកសមាជិកសភានិងក្រុមសកម្មជនបានរិះគន់សកម្មភាពនេះរបស់លោក Biden នៅពេលរដ្ឋបាលលោកផ្តល់អាទិភាពដល់ភូមិសាស្ត្រនយាបាយដោយមិនគិតគូរអំពីសិទ្ធិមនុស្ស។
ដូចជាមួយប្រទេសឥណ្ឌាដែរ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឃើញថាជាប្រទេសមួយធ្វើឱ្យមានតុល្យភាពជាមួយចិន សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងជាមួយឥណ្ឌូណេស៊ីដែលមានពលរដ្ឋម៉ូស្លីមច្រើនបំផុតក្នុងពិភពលោកនិងជាសំឡេងសំខាន់មួយនៃផ្នែកខាងត្បូងពិភពលោក។
ជាច្រើនខែមកហើយ រដ្ឋាភិបាលក្រុងហ្សាកាតានិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានពិភាក្សាគ្នាអំពីភាពដៃគូខាងរ៉ែសម្រាប់សម្រួលពាណិជ្ជកម្មនីកែល ការយករ៉ែនីកែលនិងឧស្សាហកម្មសំរិតសំរាំងពឹងពាក់ភាគច្រើនលើវិនិយោគពីក្រុមហ៊ុនចិន ហើយដោយសារមានកង្វល់អំពីបរិស្ថានក៏មានការកម្រិតឧស្សាហកម្មនេះក្នុងទីផ្សារសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ