នាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមផ្លូវទឹកដ៏រសើបក្នុងចន្លោះកោះតៃវ៉ាន់ និងប្រទេសចិន ចេញពីនៅពេលភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលក្រុងតៃប៉ិនិងរដ្ឋាភិបាលក្រុងប៉េកាំង។
នាវា 7th Fleet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ថា នាវា USS Curtis Wilbur ប្រភេទ Arleigh Burke ដែលបំពាក់កាំជ្រួចមីស៊ីលធ្វើដំណើរ «ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់» កាលពីថ្ងៃអង្គារ ដោយស្របតាមច្បាប់អន្តរជាតិ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ដំណើរនាវានេះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ។ យោធាសហរដ្ឋអាមេរិកនឹងបន្តហោះហើរបើកនាវានិងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កប៉ាល់បានធ្វើដំណើរទៅទិសខាងត្បូងដោយឆ្លងកាត់ច្រកសមុទ្រនេះ ហើយស្ថានភាពគឺធម្មតា។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការបែបនេះប្រហែលមួយខែម្តង ហើយប្រទេសចិនខឹងសម្បារ ហើយថ្លែងប្រឆាំងប្រតិបត្តិការនេះ។
រដ្ឋាភិបាលក្រុងតៃប៉ិ បានត្អូញត្អែជារឿយៗថា ប្រទេសចិន បានបញ្ជូនកងកម្លាំងយន្តហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។
សកម្មភាពខ្លះនៃសកម្មភាពទាំងនោះរបស់ចិនអាចរួមមានការចូលរួមពីនាវាចំបាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនទៀត។ ប្រទេសចិនបាននិយាយថា សកម្មភាពរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់មានគោលបំណងការពារអធិបតេយ្យភាពរបស់ចិន។ រដ្ឋាភិបាលតៃវ៉ាន់បានបរិហារថា សកម្មភាពនោះជាការប៉ុនប៉ងបំភិតបំភ័យ៕