រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឲ្យប្រទេសប៉ារ៉ាហ្គាយ (Paraguay) ធ្វើការជាមួយកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តការទូតរបស់ខ្លួន ដើម្បីជម្នះការរាតត្បាតនៃជំងឺកូវីដ១៩ បន្ទាប់ពីមានការតវ៉ាប្រឆាំងនៅក្នុងប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះអំពីចំណាត់ការរបស់រដ្ឋាភិបាលនៅក្នុងវិបត្តិសុខភាពនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់បានតវ៉ាប្រឆាំងនៅក្នុងរដ្ឋធានីអាសង់ស្យុង (Asuncion) អំពីការខ្វះថ្នាំសង្កូវ និងគ្រែនៅកន្លែងសង្គ្រោះបន្ទាន់នៅពេលដែលមានការកើនឡើងនូវការឆ្លងជំងឺកូវីដ១៩ ហើយបានអំពាវនាវឲ្យប្តឹងទម្លាក់លោកប្រធានាធិបតី Mario Abdo ចេញពីតំណែង។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា លោករដ្ឋមន្ត្រី Blinken បាននិយាយជាមួយលោកប្រធានាធិបតី Abdo កាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកខំប្រឹងប្រែងដើម្បីជួយដោះស្រាយបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩នេះ ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបញ្ចេញមតិដោយសេរី ការតវ៉ាប្រឆាំងដោយសន្តិវិធីនិងនីតិរដ្ឋ។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោករដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តធ្វើការជាមួយបណ្តាដៃគូប្រជាធិបតេយ្យនៅក្នុងតំបន់និងនៅក្នុងពិភពលោក រួមទាំងកោះតៃវ៉ាន់ ដើម្បីជម្នះការរាតត្បាតជាសាកលនេះ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយនឹងបង្កើនតម្លាភាពនិងការទទួលខុសត្រូវ»។
ប្រទេសប៉ារ៉ាហ្គាយជាសម្ព័ន្ធមិត្តខាងការទូតតែមួយគត់របស់កោះតៃវ៉ាន់នៅក្នុងតំបន់អាមេរិកខាងត្បូង។ ចិនបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដោយមិនមានសិទ្ធិជារដ្ឋមួយទេ។
សហរដ្ឋអាមេរិក បានសម្តែងនូវក្តីកង្វល់អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីទទួលបានការគាំទ្រពីប្រទេស១៥ផ្សេងទៀតដែលនៅមានចំណងការទូតជាមួយកោះតៃវ៉ាន់នៅឡើយ ហើយនឹងការពង្រីកឥទ្ធិពលរបស់ចិន ជាពិសសនៅក្នុងតំបន់អាមេរិកឡាទីន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាតំបន់អំណាចរបស់ខ្លួន៕