អាមេរិក​ជំរុញ​ចិន​កុំ​ឱ្យ​មាន​ប្រតិកម្ម​ជ្រុល​ចំពោះ​«ទស្សនកិច្ច​ដោយ​សន្តិវិធី»​របស់​សមាជិក​សភា​អាមេរិក​ទៅ​តៃវ៉ាន់

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ជជែក​ជាមួយ​សមាជិក​គណៈប្រតិភូ​សភា​អាមេរិក​ក្នុង​អំឡុង​ជំនួប​មួយ​នៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​គឺ​ស្រប​ជាមួយ​នឹង​គោល​នយោបាយ​ជា​យូរ​មក​ហើយ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ និង​បាន​ជំរុញ​ប្រទេស​ចិន​កុំ​ឱ្យ​មាន​ប្រតិកម្ម​ជ្រុល​ចំពោះ «ដំណើរ​ទស្សនកិច្ច​ដោយ​សន្តិវិធី» របស់​សមាជិក​សភា​អាមេរិក ឬ​ក៏​កុំ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ឯកតោភាគី​ណា​មួយ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ យោធា​ចិន​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បន្ថែម​ទៀត​នៅ​ជិត​ប្រជុំ​កោះ Penghu របស់​តៃវ៉ាន់ ស្រប​ពេល​ដែល​សមាជិក​សភា​អាមេរិក​មួយ​ក្រុម​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen និង​សមាជិក​សភា​តៃវ៉ាន់។

ដំណើរ​ទស្សនកិច្ច​ថ្មី​ចុងក្រោយ​បង្អស់​របស់​គណៈប្រតិភូ​សភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​នេះ​ដឹកនាំ​ដោយ​លោក​សមាជិក​ព្រឹទ្ធសភា Edward Markey ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​អ៊ីនធឺណិត​អន្តរជាតិ​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​អាមេរិក។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ​ដែល​ធ្វើ​ឱ្យ​ចិន​ខឹង​យ៉ាង​ខ្លាំង។

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ចិន​បាន​មាន​ប្រតិកម្ម​ជ្រុល​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi នេះ។ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា ចិន​បាន​ប្រើ​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ជា​លេស​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​អំពី​ទស្សនកិច្ច​របស់​ក្រុម​សមាជិក​សភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​លើក​នេះ​ថា៖ «សមាជិក​សភា​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ហើយ​ពួកគេ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អស់​ពេល​មួយ​រយៈ​មក​ហើយ​ថា មាន​ភាគី​តែ​ម្ខាង​ដែល​ស្វះស្វែង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​ស្ថានភាព​បច្ចុប្បន្ន [នៅ​ច្រក​សមុទ្រ​តៃវ៉ាន់]។ ភាគី​នោះ​មិន​មែន​ជា​សហរដ្ឋ​អាមេរិក ឬ​ក៏​តៃវ៉ាន់​នោះ​ទេ។ ភាគី​នោះ​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ភាគី​នោះ​កំពុង​ស្វះស្វែង​បំផ្លាញ​ស្ថានភាព​បច្ចុប្បន្ន [នៅ​ច្រក​សមុទ្រ​តៃវ៉ាន់]»៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង VOA ភាសា​ចិន​កុកងឺ​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។