សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន​ជិត​សម្រេចបាន​​កិច្ចព្រមព្រៀង​រ៉ែ

រូបភាពផ្គុំគ្នាដែលបានបង្កើតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញពប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (ឆ្វេង) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ និងប្រធានាធិបតីអាមេរិក លោក Donald Trump (ស្តាំ) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ខ្លួន​ជិត​សម្រេច​បានកិច្ចព្រម​ព្រៀង​មួយ​អំពី​រ៉ែ​កម្រ​របស់​អ៊ុយក្រែន​ដែលប្រើប្រាស់​សម្រាប់​ការផលិត​ផលិតផល

​បច្ចេក​វិទ្យានិង​ជាការសង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះតម្លៃ​គ្រាប់​រំសេវ​ដែល​មាន​តម្លៃ​ជាង ១រយ​ពាន់​លាន​ដុល្លារ​ដែល​អាមេរិក​បាន​បញ្ជូន​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​រយៈពេល៣ឆ្នាំ​របស់​រុស្ស៊ី។

អ្នក​ស្រី Karoline Leavitt អ្នក​នាំពាក្យ​សេតវិមាន​បាន​និយាយ​ថា«យើង​ខិត​កាន់តែ​ជិត​សម្រេច​បានកិច្ចព្រមព្រៀង​គ្នា​ហើយ»។

នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​ថា​កិច្ចព្រមព្រៀង​ក្របខណ្ឌ​សេដ្ឋកិច្ច​បាន​ត្រូវ​ធ្វើ​រួច​ហើយ ក៏ប៉ុន្តែ​គឺ​ថាការធានា​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិកដល់អ៊ុយក្រែន​ដែល​រដ្ឋាភិ បាល​ក្រុង​កៀវចាត់ទុក​ជា​ការសំខាន់​នៅមិនទាន់​បាន​ព្រមព្រៀង​គ្នានៅ​ឡើយទេ។

លោក Zelenskyy ត្រូវ​គេ​រំពឹង​ថានឹង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះដើម្បី​ចរចា​ជាមួយ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​សម្តែង​នូវ​ការមន្ទិល​សង្ស័យ​អំពី​ការបន្ត​ជួយ​ឧបត្ថម្ភ​ខាង​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយ ក្រែន។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ លោក​បាន​បដិសេធ​ពុំ​និយាយថា​តើ​លោក​ចង់​ឱ្យ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​នេះ​ឬ​ទេ​ហើយ​បាន​ផ្តួចផ្តើម​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinដោយ​គ្មាន​ការចូលរួម​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ​ដែល​បាន​ចាប់ផ្តើម​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី៣ឆ្នាំ​មុន​នៅ​សប្តាហ៍​នេះ។

លោក​ប្រធានាធិបតី Trump បាន​និយាយអំពី​លោក​ប្រធានាធិបតី Zelenskyy កាលពី​ថ្ងៃ​អង្គារ​ថា«ជាការពិត វា​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ខ្ញុំ​ទេ ប្រសិនបើ​លោក Zelenskyy ចង់​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន។ លោក​ចង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋ កិច្ច​ជាមួយ​ខ្ញុំ។ ខ្ញុំ​យល់​ថា​វា​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ»។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​លោក​មាន​ការមួរម៉ៅ​ដែលលោក​ Joe Biden ​អតីត​ប្រធានាធិបតី​ បាន​យល់ព្រម​ឧបត្ថម្ភ​ខាង​យោធា​ដល់​អ៊ុយក្រែន​ដោយ​មិន​មាន​បទបញ្ញត្តិ​ដែល​ថា​អ៊ុយក្រែន​នឹង​សង​ប្រាក់​វិញ។ លោក Biden បាន​ដឹកនាំ​ក្រុម​ចម្រុះ​សម្ពន្ធមិត្ត​លោក​ខាង​លិច​នៅ​ក្នុង​ការផ្តល់​ជំនួយ​យោធា​ជា​មធ្យោបាយ​មួយ​ដើម្បី​ប្រយុទ្ធ​ការឈ្លានពាន​របស់​រុស្ស៊ី​ដោយ​មិន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ឯង​ផ្ទាល់​ដើម្បី​ប្រយុទ្ធ​ប្រកៀកស្មា​គ្នា​ជាមួយ​កងទ័ព​អ៊ុយក្រែន។ លោក Zelenskyy និយាយ​ថា​ជំនួយ​យោធា​សហរដ្ឋ​អាមេរិក​ជា​ជំនួយ​ឥត​សំណងហើយ​មិន​មែន​ជា​ប្រាក់​កម្ចី​ដែលចាំបាច់​ត្រូវតែ​សង​វិញទេ។

លោក Zelenskyy បាន​និយាយ​ថា​លោក​រំពឹងថា​នឹងមាន​ការពិភាក្សា​ធំទូលាយ​ជាមួយ​លោក​ប្រធានាធិបតី Trump៕