ពេលកំណត់ចុងក្រោយសម្រាប់ធ្វើពន្ធក្នុងសហរដ្ឋអាមេរិកគឺថ្ងៃច័ន្ទទី១៨ខែមេសាកន្លងមកនេះហើយពួកបាតុករបានឆ្លៀតឱកាសនៅថ្ងៃនោះដើម្បីបញ្ចេញនូវទស្សនៈរបស់ខ្លួនលើបញ្ហាសេដ្ឋកិច្ចខ្លះដែលមានការបែកបាក់គ្នាយ៉ាងខ្លាំងដែលប្រទេសនោះបានប្រឈមមុខ រួមមានអត្រាពន្ធហើយនឹងរបៀបដែលប្រាក់ដុល្លារបានមកពីពន្ធដារ គួរត្រូវចំណាយយ៉ាងដូចម្តេច។
ពួកបាតុកររាប់រយនាក់បានដើរនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោនដើម្បីតវ៉ាអំពីអ្វីដែលពួកគេយល់ថាជានយោបាយខុសរបស់រដ្ឋាភិបាល។
បាតុករម្នាក់គឺអ្នកស្រី Liz Hourican មកពីក្រុមប្រឆាំងតវ៉ា CODEPIN។ អ្នកស្រីនិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែចំណាយកាន់តែច្រើនឡើងទៅលើវិស័យសង្គមកិច្ចហើយចំណាយតិចលើសង្គ្រាម។
«យើងចង់បង់ពន្ធសម្រាប់មនុស្សដែលត្រូវការកម្មវិធី បណ្តាញសុវត្ថិភាពរបស់យើងសាលារៀន ការសិក្សាអប់រំ ការថែទាំសុខភាព និងកម្មវិធីផ្សេងៗទៀតដែលធ្វើឲ្យយើងកាន់តែត្រូវការខ្លាំងឡើង»។
ប្រជាពលរដ្ឋអាមេរិកាំង បានប្រញ៉ាប់ប្រញ៉ាល់ចេញចូលពីការិយាល័យប្រៃសណីយ៍កាលពីថ្ងៃច័ន្ទដើម្បីផ្ញើពន្ធដារបស់ខ្លួន។
ប្រជាពលរដ្ឋអាមេរិកាំងជាច្រើនបានប្រើប្រាស់ Computer ដើម្បីធ្វើពន្ធតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពួកអ្នកគាំទ្រចលនា Tea Party ដែលជាអ្នកអភិរក្សនិយមនិងសេរីនិយមបានរៀបចំការប្រឆាំងតវ៉ានៅពាសពេញប្រទេសដើម្បីទាមទារឲ្យបញ្ចុះពន្ធនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល។
នៅឯបាតុកម្មក្នុងរដ្ឋ Connecticut ភាគខាងកើត ពួកបាតុករបានត្រូវជំរុញលើកទឹកចិត្តដោយកម្មវិធីសន្ទនាតាមវិទ្យុរបស់ក្រុមអភិរក្សនិយមដែលរៀបចំដោយលោក Dan Lovallo។
«ដូច្នេះតើពន្ធទាំងនេះកាន់តែខ្ពស់ឡើងឬ? មិនមែនទេ! ឬចំណាយកាន់តែតិចទៅឬ? បាទកាត់ពន្ធ កាត់ពន្ធ!»។
នៅបាតុកម្មមួយផ្សេងទៀតក្នុងរដ្ឋ Minnesota ភាគកណ្តាលខាងជើងលោក Bob James ជាសមាជិកនៃចលនា Tea Party បានបញ្ចេញនូវកង្វល់របស់លោកផ្ទាល់។
«ប្រសិនបើអ្នកណាម្នាក់នៃគ្នារបស់យើងរៀបចំគ្រួសារក្នុងផ្ទះឬការងាររបស់យើងដូចជារបៀបពួកមន្រ្តីជាប់ឆ្នោតរបស់យើងដោះស្រាយរដ្ឋាភិបាល យើងនឹងមិនមាននំបុ័ង ភេសជ្ជៈឬផ្ទះនៅទេ»។
នៅក្នុងរដ្ឋធានីរបស់ប្រទេសជាតិវិញ ពួកបាតុករដូចជាលោក Jesse Lovell អ្នកស្រុកក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រានចោលការជជែកឲ្យហេតុផលរបស់ចលនា Tea Party ថារដ្ឋាភិបាល នឹងធនក្ស័យនោះ។លោក Lovell និយាយទៀតថាលោកជឿជាក់ថាបញ្ហានោះគឺថាអាត្រាពន្ធដារក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះសម្រាប់ពួកអ្នកមានបានធ្លាក់ចុះ នៅខណៈពេលដែលអត្រាពន្ធដារបានកើនឡើងសម្រាប់មនុស្សថ្នាក់កណ្តាលនិងប្រជាពលរដ្ឋអាមេរិកាំងក្រីក្រ។
«យើងកំពុងមានការជជែកដេញដោលយ៉ាងខ្លាំងក្លាទៅវិញទៅមកអំពីពន្ធដារនេះ។ ពួកអ្នកមានខ្លះនឹងមានការជជែកដេញដោលកាន់តែប្រសើរឡើងប្រសិនបើពួកគេនិយាយថាពន្ធដាររបស់ខ្លួនកាន់តែច្រើនទៅៗ។ ក៏ប៉ុន្តែជាការណ៍ពិត ពួកគេមិនមានពន្ធដារច្រើនឡើងៗទេ។ ជាការណ៍ពិត ពួកគេ កំពុងតែបង់ពន្ធដារកាន់តែទាបទៅៗ ហើយទោះជាយ៉ាងណាក៏ដោយ យើងឃើញមានកំហឹងប្រឆាំងពន្ធដារយ៉ាងខ្លាំងហើយនឹងមនុស្សឆ្កួតអំពីការកាត់បន្ថយពន្ធដារដែលខ្ញុំគិតថាយើងមិនដែលបានឃើញកាលពីពេលមុន»។
ពួកបាតុករក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតវ៉ាថាថ្វីបើ មានប្រាក់រាប់ពាន់លានដុល្លារដែលចំណេញបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក្រុមហ៊ុនថាមពលអាមេរិកកាំងជាច្រើន បានប្រើប្រាស់ការលើកលែងពន្ធហើយនឹងភាពធូរលុងដើម្បីទទួលបានប្រាក់បង្វិលមកវិញដែលពួកគេនិយាយថាបានបដិសេធរដ្ឋាភិបាលសហព័ន្ធដែលត្រូវការប្រាក់ចំណូលយ៉ាងខ្លាំង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន