ស.រ.អា៖ ស៊ីរី​ព្យាយាម​បង្អាក់​យ៉ាង​ច្បាស់​លើ​កិច្ចចរចា​សន្តិភាព

រដ្ឋមន្រ្តីការបរទេស​ស.រ.អា​លោក John Kerry (ខាង​ស្តាំ) បានមានប្រសាសន៍​ថា «ការ​ទម្លាក់គ្រាប់បែក​តាម​អាកាស​ត្រូវ​តែ​បញ្ឈប់។​ ត្រូវ​តែ​ពិនិត្យ​​ឲ្យ​​បាន​ច្បាស់លាស់ថា​នរណា​ជា​អ្នក​ធ្វើការ​រំលោភ​ទាំង​នេះ»។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោករដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry បាន​ចោទ​ប្រកាន់​ប្រទេស​ស៊ីរី​ថាបាន ​«ខិតខំព្យាយាម​បង្អាក់​យ៉ាង​ច្បាស់» លើ​កិច្ចចរចា​សន្តិភាព​ផ្តួចផ្តើម​ដោយ​អ.ស.ប ដែល​មាន​គោលដៅ​បញ្ចប់សង្គ្រាម​ស៊ីវិល​ប្រកប​ដោយការ​បង្ហូរឈាម​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​នោះ ដោយ​ទាមទារ​ថា ​គ្មាន​ការ​ពិភាក្សា​គ្នា​អំពី​ការ​ដក​ប្រធានាធិបតី​ Bashar al-Assad ពី​អំណាច​នោះ​ទេ។​

អ្នកការទូត​កំពូល​ស.រ.អា​រូបនេះ​បាននិយាយ​ថា អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​បាន​ត្រូវ​កាត់បន្ថយ​យ៉ាង​ច្រើន—ពី៨០ទៅ​៩០ភាគរយ--ចាប់តាំង​ពី​«ការ​បញ្ឈប់អរិភាព» បាន​ត្រូវ​ប្រកាសកាល​ពី​ពីរ​សប្តាហ៍​មុននេះ។​ ក៏ប៉ុន្តែ​លោក​បាន​ថ្លែង​ថា «អ្នករំលោភ​ខ្លាំង​បំផុតតែ​មួយ​គត់» លើ​កិច្ចឈប់បាញ់គ្នា​នេះ​គឺ​របបគ្រប់់គ្រង​របស់​លោក Assad។

លោក Kerry បានមានប្រសាសន៍​ថា «ការ​ទម្លាក់គ្រាប់បែក​តាម​អាកាស​ត្រូវ​តែ​បញ្ឈប់។​ ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ថា​នរណា​ជា​អ្នក​ធ្វើការ​រំលោភ​ទាំង​នេះ»។

លោករដ្ឋមន្ត្រីការ​បរទេស​អាមេរិកាំង​បាន​ថ្លែង​ថា «ការ​រំលោភ​យ៉ាង​ច្រើន​គំរាម​កំហែង​ធ្វើ​ឲ្យ​អន្តរាយ​» ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បញ្ឈប់ការ​ប្រយុទ្ធ​គ្នាជា​អចិន្ត្រៃយ៍ និង​ដល់​ការ​ខិតខំប្រឹង​ប្រែង​ណាមួយ​ក្នុង​ការ​រៀបចំការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក Kerry បាន​មាន​ប្រសាសន៍​ដូច្នេះ​ បន្ទាប់​ពីជំនួប​របស់​លោក​ជាមួយសមភាគី​មក​ពី​ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​ក្រុង​ប៉ារីស​អំពី​វិបត្តិស៊ីរី​ មួយ​ថ្ងៃ​មុន​កិច្ចចរចាអ.ស.ប​មាន​កំណត់​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​ក្រុងហ្សឺណែវ ប្រទេស​ស្វីស៕