តុលាការ​កំពូល​អាមេរិក ទទួល​ជំនុំ​ជម្រះ​​រឿងក្តី​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​របស់​លោក Biden

  • ​Reuters

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់ ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​ម្នាក់​នៅ​មជ្ឈមណ្ឌល​សុខភាព Keystone ក្នុង​ក្រុង Chester រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ​ បាន​យល់ព្រម​ទទួល​យកសំណុំ​រឿង​ជម្លោះ​អំពី​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ឬ​ធ្វើ​តេស្ត​កូវីដ១៩​ទូទាំង​ប្រទេសរបស់​រដ្ឋបាល​លោក Joe Biden សម្រាប់​អាជីវកម្ម​ធំៗ​ ហើយ​នឹង​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្សេង​មួយ​ទៀតសម្រាប់​បុគ្គលិក​ថែទាំ​សុខភាព។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បទ​បញ្ជា​របស់​តុលាការ បាន​បញ្ជាក់​ថា តុលាការ​ នឹង​ស្តាប់អំណះអំណាងផ្ទាល់​មាត់ក្នុង​រឿងក្តី​២​ នៅ​ថ្ងៃ​ទី៧ ខែ​មករា ដោយទំនង​នឹង​មានចេញសម្រេច​ឆាប់ៗ បន្ទាប់​ពី​នោះ។

តុលាការ​កំពូល​ដែល​មាន​ក្រុម​អភិរក្ស​និយម​ភាគ​ច្រើន ​គឺ​៦​សំឡេង​ ទល់​នឹង​៣ បាន​ពន្យារ​ពេល​ការ​ចាត់​វិធានការលើ​សំណើ​ក្នុង​គ្រាអាសន្ន​ នៅ​ក្នុង​រឿងក្តី​២​ ដែល​ស្វះស្វែង​រក​ការសម្រេច​ជា​បន្ទាន់។ បទ​បញ្ជា​តម្រូវ​ឲ្យ​ចាក់វ៉ាក់សាំង​នៅ​កន្លែង​ធ្វើការ​នៅពេល​បច្ចុប្បន្ន​នេះ បាន​ចូល​ជា​ធរមាន​នៅ​ទូទាំង​ប្រទេស​ ខណៈដែល​ការ​តម្រូវ​ឱ្យ​បុគ្គលិក​ថែទាំ​សុខភាព បាន​ត្រូវ​រារាំង​នៅ​ក្នុង​រដ្ឋ​ចំនួន​ពាក់​កណ្តាល​នៃ​រដ្ឋទាំង​អស់​៥០ ​របស់​សហរដ្ឋ​អាមេរិក។

រឿង​ក្តី​ទាំង​ពីរ​នេះ បាន​ឡើង​ទៅដល់​តុលាការ​កំពូល​ នៅ​ពេល​ដែល​វីរុសបំប្លែង​ខ្លួន​អូមីក្រុង​ កំពុង​ឆ្លង​រាតត្បាតកាន់តែ​ច្រើន​ឡើង ហើយ​ពួក​មន្ត្រី​សុខភាព​សាធារណៈ បាន​ប្រវេប្រវា​ទប់ទល់​ការកើន​ឡើងយ៉ាង​គំហុក​នូវករណី​ឆ្លង​កូវីដ១៩​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សាលា​ឧទ្ធរណ៍មួយ​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​អនុញ្ញាត​ឲ្យ​ដាក់ការ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ធ្វើការ ដែល​គ្រប​ដណ្តប់​ដល់​អ្នក​ធ្វើ​ការងារ​អាមេរិកាំង​ជាង​៨០​លាន​នាក់​ចូល​ជា​ធរមាន ដែលនេះ​បាន​បណ្តាល​ឲ្យបណ្តា​អាជីវកម្ម រដ្ឋ​និង​ក្រុម​ផ្សេងៗ​ទៀត​ដែល​មាន​បញ្ហា​ជាមួយ​គោលនយោបាយ​នោះ​ សុំ​ឲ្យ​តុលាការ​កំពូល​រាំង​ខ្ទប់​ការ​ដាក់​កំហិត​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ៕