ក្រសួង​ការបរទេស​អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធានា​កុំ​ឲ្យ​មាន​ការ​គំរាមកំហែង​អ្នក​បោះឆ្នោត

​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ដាក់​លើ​អ្នក​បោះឆ្នោត​កុំ​​ឲ្យ​មាន​ការ​គំរាមកំហែង។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ជៀសវាង​ការ​គំរាមកំហែង​និង​ការ​បំភិតបំភ័យ​ខាង​នយោបាយ ក្នុង​ខណៈ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោកស្រី Katina Adams អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖

«យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ធានា​សេរីភាព​នៃ​លំហ​នយោបាយ​ដែល​គ្មាន​ការ​គំរាមកំហែង​ឬ​ការ​បំភិតបំភ័យ​ក្នុង​ប្រទេស​កម្ពុជា។ យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​សិទ្ធិសេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់‍»។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ប៉ុន្តែ​មុន​ពេល​យុទ្ធនាការ​ចាប់​ផ្តើម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត ប្រទេស​ជាតិ​នឹង​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ឡើង​វិញ រី​ឯ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ព្រមាន​ថា បើ​គណបក្ស​ប្រជាជន​ឈ្នះ​វិញ អ្នក​ចាញ់​ក៏​នឹង​ត្រូវ​បែក​ធ្មេញ​ដែរ បើ​សិន​ជា​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត។

មាន​គណបក្ស​នយោបាយ​ចំនួន​១២ កំពុង​តែ​ប្រកួតប្រជែង​ដើម្បី​គ្រប់គ្រង​លើ​ឃុំ សង្កាត់​ចំនួន​១៦៤៦ នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះជាតិ​ទេ ដែល​មាន​កម្លាំឆង​ប្រហាក់ប្រហែល​គ្នា ដោយ​បាន​ដាក់​បេក្ខជន​នៅ​គ្រប់​ឃុំ សង្កាត់​ទាំងអស់៕