រដ្ឋមន្រ្តី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ

  • ​Reuters

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែងសុន្ទរកថាមួយនៅក្រសួងការបរទេស​សហរដ្ឋ​អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ នៅ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស ​និង​ក្រសួង​ការពារ​ជាតិ​អាមេរិក​ កាលពី​ថ្ងៃ​ពុធ។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ទី​មួយ ​នៃ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden។

ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ក្តី​បារម្ភ​កើន​ឡើង​អំពី​ការ​ប្រឈម ​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន និង​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង។

លោក Blinken និង​លោក Austin នឹង​ជួប​ប្រជុំ​ក្នុង​កិច្ច​សន្ទនា ២+២ ជាមួយ​សមភាគី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៨ ខែ​មីនា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​ទៅ​រក​ការ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​អនុវត្ត​នូវ​គោល​នយោបាយ​ការបរទេស​កាន់តែ​ខ្លាំងក្លា​ នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​តំបន់​ផ្សេងៗ​ទៀត។

រួម​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន រដ្ឋបាល​របស់​លោក Biden ក៏​នឹង​ត្រួត​ពិនិត្យ​ឡើង​វិញ​ទាំង​ស្រុង​ផងដែរ​នូវ​គោល​នយោបាយ​របស់​ខ្លួន​ ចំពោះ​ប្រទេស​កូរ៉េ​ខាងជើង៕