ការប្រមូលយកទិន្នន័យថតសម្លេងតាមទូរស័ព្ទដ៏ទូលំទូលាយ ដោយទីភ្នាក់ងារ សំងាត់ទទួលបន្ទុកសន្តិសុខជាតិសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការវាយប្រហារភេវកម្មនោះ ត្រូវបានបញ្ឈប់នៅពេលមានភាពទាល់ច្រកផ្នែកផ្លូវច្បាប់ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ប៉ុន្តែការកែទម្រង់មាត្រាច្បាប់ស្តីពីការឈ្លបយកការណ៍សម្ងាត់ អាចនឹងត្រូវធ្វើជាថ្មីនៅថ្ងៃខាងមុខ។
ទីភ្នាក់ងារស៊ើបការសម្ងាត់នេះបានចាញ់ក្តីក្នុងការប្រមូលទិន្នន័យតាមទូរស័ព្ទកាល ពីពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យ បន្ទាប់ពីព្រឹទ្ធសភាខកខានក្នុងការព្រមព្រៀង គ្នាកាលពីថ្ងៃអាទិត្យ ដោយមិនព្រមទទួលយកចំពោះការពង្រីកមាត្រាច្បាប់ ជាច្រើន ដើម្បីឲ្យដំណើរការក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
កម្មវិធីសំងាត់ពេលមុនគឺប្រមូលព័ត៌មានដូចជាលេខទូរស័ព្ទ ថ្ងៃខែអំឡុងពេលនៃការហៅទូរស័ព្ទ ដើម្បីរារាំងជនសង្ស័យជាភេរវករនោះ បានរងនូវការរិះគន់ ខ្លាំងពីពលរដ្ឋអាមេរិកាំងដែលនិយាយថា កម្មវិធីនេះរំលោភលើសិទ្ធិឯកជនរបស់ពួកគេ។
ក្រុមអ្នកគាំទ្រចំពោះការឈ្លបយកការណ៍សម្ងាត់មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានស្តីបន្ទោសដល់សមាជិកព្រឹទ្ធសភា Rand Paul ដែលជាបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦ មកពីគណបក្សសាធារណរដ្ឋចំពោះ ការជាប់គាំង។ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Kentucky បានរារាំងការអនុម័តភ្លាមៗចំពោះវិធានការណ៍ដែលសភាបានកែសម្រួលកម្មវិធីអនុញាតិឲ្យទីភ្នាក់ងារសន្តិសុខជាតិស្នើសុំទិន្នន័យទូរស័ព្ទពីក្រុមហ៊ុនតាមករណីជាក់លាក់មួយៗ តែមិនអនុញាតិឲ្យប្រមូលទិន្នន័យដោយចិត្តឯងនោះ។សមាជិកព្រឹទ្ធសភា Rand Paul និយាយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបានរារាំងការអនុម័តភ្លាមៗចំពោះវិធានការណ៍ដែលសភាបានកែសម្រួលកម្មវិធីអនុញាតិឲ្យទីភ្នាក់ងារសន្តិសុខជាតិស្នើសុំទិន្នន័យទូរស័ព្ទពីក្រុមហ៊ុន កាលពីថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០១៥។
ព្រឹទ្ធសភាទំនងជានឹងបន្តពិភាក្សាអនុម័តច្បាប់ ដែលមានការកែទម្រង់ដោយ សភានេះនៅថ្ងៃអង្គារ។
អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងកាលពីយប់ថ្ងៃអាទិត្យថា ព្រឹទ្ធសភាចាំបាច់ត្រូវធានាខុសត្រូវចំពោះចន្លោះពេលដែលគ្មានការទទួលខុសត្រូវនេះ ហើយថាកម្មវិធីថ្មីនេះមានការសម្របសម្រួលដ៏សមរម្យរវាងតុល្យភាពសន្តិសុខនិងសិទ្ធិជាឯកជន។
ដោយគ្មានការអនុញាតិថ្មីណាមួយ ទីភ្នាក់ងារសន្តិសុខជាតិត្រូវបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ននូវកម្មវិធីស៊ើបយកការណ៍សំងាត់របស់ខ្លួនចំនួនពីរ។
កាលពីព្រឹកថ្ងៃអាទិត្យ នាយកអង្គការស៊ើបការណ៍សំងាត់ CIA លោក John Brennan បានជម្រុញឲ្យព្រឹទ្ធសភាអនុម័តការអនុញាតិថ្មី ដោយព្រមានថា ក្រុមភេរវករស្វែងរកការឆក់ឱកាសគ្រប់ពេលចំហទាំងអស់ក្នុងកិច្ចប្រឹងប្រែងស៊ើបយកការណ៍នោះ៕