កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមភ្នាក់ងារស៊ើបអង្កេតខាងផ្នែកសន្តិសុខមាតុភូមិនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក រឹបអូសបានរូបចម្លាក់បុរាណខ្មែរមួយ ដែលធ្វើពីថ្មភក់ក្នុងយុគសម័យគ.ស. ៩២១ – ៩៤៥ ពីការស៊ើបអង្កេតមួយលើការលួចវត្ថុបុរាណ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រុមស៊ើបអង្កេតនេះគ្រោងនឹងបញ្ជូនរូបដិមាបុរាណមួយនេះទៅឲ្យកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារគយនិងអន្តោប្រវេសន៍នៃក្រសួងសន្តិសុខមាតុភូមិ ដែលចេញផ្សាយតាមគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី៧ ខែតុលាកន្លងទៅនេះ។
រូបចម្លាក់នេះ ដែលត្រូវបានពិពណ៌នាជាបដិមាតំណាងព្រះសិវៈ និងព្រះនាងឧមា មានតម្លៃជាទឹកប្រាក់ប្រមាណ ៣សែន៥ម៉ឺនដុល្លារ។ រូបបដិមាបុរាណមួយនេះ ត្រូវបានរកឃើញនៅទីក្រុងញូវយ៉ក ក្រោមការស៊ើបអង្កេតរបស់ក្រុមភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិប្រចាំទីក្រុងញូវយ៉ក។ ការស៊ើបអង្កេតនោះ ផ្តោតលើសកម្មភាពលួចវត្ថុបុរាណរបស់បុរសម្នាក់ឈ្មោះ Douglas Latchford ដែលជាអ្នកប្រមូលវត្ថុបុរាណខ្មែរជាច្រើន។
ដោយទទួលបានជំនួយពីលោក John Paul Labbat ភ្នាក់ងារពិសេសនៃផ្នែកស៊ើបអង្កេតសន្តិសុខមាតុភូមិប្រចាំទីក្រុងញូវយ៉ក លោក David Keller ភ្នាក់ងារពិសេសប្រចាំទីក្រុងសាន់ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានរឹបអូសរូបបដិមានេះ នៅកន្លែងដាក់លក់ដេញថ្លៃមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោយពេលដែលអ្នកប្រមូលវត្ថុបុរាណម្នាក់ដែលបានទិញរូបបដិមានេះ បានស្លាប់កាលពីឆ្នាំ២០១៥។
រូបបដិមានេះនឹងត្រូវបានបញ្ជូនទៅឲ្យប្រជាពលរដ្ឋខ្មែរវិញ ក្រោយពេលដែលក្រុមភ្នាក់ងារស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិបញ្ចប់ការស៊ើបអង្កេតទាំងស្រុងរបស់ខ្លួន៕