សហរដ្ឋអាមេរិកដាក់បម្រាមលើការនាំចូលដូងប្រេសរបស់ម៉ាឡេស៊ី ដោយសារក្រុមហ៊ុនប្រេងដូង Sime Darby របស់ប្រទសនេះ ប្រើកម្លាំងពលកម្មដោយបង្ខំដើម្បីផលិតប្រេងដូង។
ដោយលើកឡើងពីការចោទប្រកាន់ប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុនម៉ាឡេស៊ី ឈ្មោះ Sime Darby Plantation Berhad។
ទីភ្នាក់ងារគយនិងការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនបានចេញបទបញ្ជាដកហូតទុកដែលអនុញ្ញាតឱ្យទីភ្នាក់ងារនេះ រារាំងការដឹកជញ្ជូននៅក្នុងសហរដ្ឋអាមេរិកនៃផលិតផលប្រេងដូងរបស់ក្រុមហ៊ុនសៀម ដាប៊ី (Sime Darby) ដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។
លោក Mark A. Morgan ស្នងការស្តីទីនៃភ្នាក់ងារគយនិងព្រំដែន បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «ការចេញសេចក្តីបង្គាប់ឱ្យឃាត់ទុកនេះបង្ហាញពីសារៈសំខាន់ចាំបាច់ សម្រាប់ជនជាតិអាមេរិកដើម្បីស្រាវជ្រាវប្រភពដើមនៃផលិតផលប្រចាំថ្ងៃដែលពួកគេទិញ»។
អតិថិជនអាមេរិកអាចជួយបញ្ចប់ទាសភាពសម័យទំនើប ដោយជ្រើសរើសទិញផលិតផលដែលពួកគេដឹងថា មានលក្ខណៈក្រមសីលធម៌និងប្រើធនធានមនុស្សដោយមនុស្សធម៌។
ប្រេងដូងត្រូវបានប្រើនៅក្នុងផលិតផលជាច្រើនពីអាហាររហូតដល់គ្រឿងសម្អាងនិងរហូតដល់ចំហេះ។ ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ជាអ្នកនាំចេញប្រេងដូងដ៏សំខាន់ដែលជាផលិតកម្មត្រូវបានស្តីបន្ទោសថានាំឲ្យមានការកាប់បំផ្លាញព្រៃឈើ។
បណ្តាញទូរទស្សន៍ខ្សែកាប CNN រាយការណ៍ថា សហរដ្ឋអាមេរិកបាននាំចូលប្រេងដូងឆៅ គិតជាទឹកប្រាក់ប្រមាណ ៤១០ លានដុល្លារ ពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំសារពើពន្ធ ២០២០។
អ្នកស្រី Ana Hinojosa នាយិកានៃនាយកដ្ឋានពង្រឹងច្បាប់ពាណិជ្ជកម្មរបស់ទីភ្នាក់ងារគយនិងព្រំដែន បានប្រាប់ CNN ថា៖ «ប្រេងដូងគឺជាគ្រឿងផ្សំនៅក្នុងផលិតផលជាច្រើន ដែលអតិថិជនអាមេ រិក ទិញនិងប្រើប្រាស់ ហើយខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតនិងអ្នកនាំចូល ត្រូវដឹងកន្លែងដែលប្រឈមនឹងហានិភ័យខ្ពស់នៃការប្រើកម្លាំងពលកម្មដោយបង្ខំ និងទាមទារឱ្យអ្នកផ្គត់ផ្គង់របស់ពួកគេប្រកាន់ខ្ជាប់ ដើម្បីការពារសិទិ្ធមនុស្សរបស់កម្មកររបស់ពួកគេ»។
ក្រុមហ៊ុន Sime Darby មិនបានឆ្លើយតបភ្លាមៗចំពោះការប្រកាសការហាមឃាត់នោះទេ។ នេះជាក្រុមហ៊ុនទី ៣ របស់ម៉ាឡេស៊ីនៅឆ្នាំនេះ ដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរសហរដ្ឋអាមេរិក ដោយសារមានការចោទប្រកាន់ពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ៕
ប្រែសម្រួលដោយពីន ស៊ីសុវណ្ណ