មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក ​បន្ត​ជំរុញ​ឲ្យ​មាន​ការកែ​ទម្រង់​ប្រជាធិបតេយ្យ​កម្ពុជា

លោកស្រី Piper Campbell អតីត​ភារធារី​អាមេរិក​ប្រចាំ​អាស៊ាន លោក​ឯកអគ្គរដ្ឋទូត Ha Kim Ngoc និង​លោក Randall Schriver ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក នៅ​ឯវេទិកា​ការទូត​នៃ​ប្រទេស​តំបន់​ទន្លេ​មេគង្គ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ដើម​ខែមិថុនា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​គឺ​លោក ​រ៉ានដល ឆ្រៃវឺ ​(Randall Schriver) ​បាន​ថ្លែងថា​ដំណើរ​វិលថយ​ក្រោយ​ផ្នែក​ប្រជាធិបតេយ្យ​នៅកម្ពុជា​ត្រូវតែ​វិលទៅ​រក​ប្រជាធិប តេយ្យ​និងការ​កែទម្រង់​ពិត​ប្រាកដ។

នៅពេល​ដែល​ក្រុម​មេដឹក​នាំ​នយោបាយ​កម្ពុជា​នៅមិន​ទាន់​វិលទៅ​រកការ​ពិភាក្សា​គ្នា និង​ឈាន​ដល់​កិច្ចព្រម​ព្រៀង​ណាមួយ​លើការ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ ​មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បន្តទទូច​ឲ្យ​មាន​ការកែ​ទម្រង់​ស្ថាន​ការណ៍​កម្ពុជា។​

មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​គឺ​លោក ​រ៉ានដល ឆ្រៃវឺ ​(Randall Schriver) ​បាន​ថ្លែងថា​ដំណើរ​វិលថយ​ក្រោយ​ផ្នែក​ប្រជាធិបតេយ្យ​នៅកម្ពុជា​ត្រូវតែ​វិលទៅ​រក​ប្រជាធិប តេយ្យ​និងការ​កែទម្រង់​ពិត​ប្រាកដ។

ថ្លែង​ប្រាប់​ VOA ​ក្រោយ​ពេល​ចូលរួម​ ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ការទូត​នៃ​ប្រទេស តំបន់​ទន្លេមេគង្គ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល ​Meridian ​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​សប្តាហ៍​មុន​ លោក​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​ រ៉ានដល ឆ្រៃវឺ (Randall Schriver) ​បាន​ថ្លែងថា​ដំណើរ​ការ​កែទម្រង់​នយោបាយ​នៅ​កម្ពុជា ​មានការ ដើរថយ​ក្រោយ ​រាប់ទាំង​ការ​រំលាយ​គណបក្ស​ជំទាស់​ ការធ្វើ​ទុក្ខ​បុកម្នេញ​លោក​ កឹម សុខា​ មេដឹកនាំ​ក្រុម​ជំទាស់ និង ​ការដក​ហូត​អាសនៈ​សភា ​ដែល​គណបក្ស​សង្គ្រោះ ជាតិ​គ្រប់គ្រង​កាល​ពីមុន។

«ខ្ញុំគិត​ថា​ ទាំងនេះ​គឺជា​ជំហាន​អវិជ្ជមាន ​ហើយ​យើង​ចង់ឃើញ​ថាដំណើរ​ការប្រជាធិប តេយ្យ​ពិតប្រាកដ ​វិល​ត្រឡប់​មកវិញ ​ហើយនឹង​ផ្លូវ​ដែល​ឆ្ពោះទៅ​កាន់ការ​កែទម្រង់​ដ៏ពិត ប្រាកដ‍»។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​កឹម សុខា ​ត្រូវចាប់​ឃុំខ្លួន ​ហើយ​គណបក្ស​ក៏ត្រូវ រំលាយ​មុនការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ​ទន្ទឹមគ្នា​ដែលមាន​ការចោទ​ប្រកាន់​ព្រោង ព្រាត​កើតឡើង​អំពីការ​រិតត្បិត​អង្គការ​សង្គម​ស៊ីវិល​ សមាគម ​សារព័ត៌មាន​ឯករាជ្យ មួយ​ចំនួន។​ ការបោះឆ្នោត​មួយ​ ដែលមាន​គណបក្ស​នយោបាយ​១៩ទៀត​ចូលរួម ​តែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់ អំណាច​ចូលរួម​នោះ​ បានបើក​ផ្លូវឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយក​រដ្ឋ មន្ត្រី​ ហ៊ុន សែន​បាន​ឈ្នះ​អាសនៈ​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង ​ហើយ​ទុកឲ្យ​ច្បាប់រដ្ឋ ធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​តម្រូវ​ថាឲ្យ​មាន​របប​ប្រជាធិបតេយ្យ​ សេរី​និយម ​ពហុបក្ស នោះ ​ហាក់​ដូចជា​មានភាព​ចន្លោះ​ប្រហោង។

ទាំង​សេតវិមាន​ ក្រសួងការ​បរទេស​អាមេរិក​ ក្រុម​មន្ត្រី​ក្រសួងការពារប្រទេស​ សភា​អាមេរិក​និង​ សហភាព​អឺរ៉ុប​ បញ្ចេញ​ប្រតិកម្ម​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ កម្ពុជា​ដោយ​ទទូច​ឲ្យមាន​ការស្តារ​ឡើងវិញ​ ដោយ​អនុញាត​មានការ​ដោះលែង​លោក កឹម សុខា ​ការអនុញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ ​ការ​ផ្តល់ អាសនៈ​សភា ​និង ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ឡើង​វិញ ដើម្បី​បញ្ចៀស​វិធានការ​ជា​បន្ត​បន្ទាប់ ​ដែលគេ​ដឹងថា​នោះអាច​ជាការ​ព្យួរ​ប្រព័ន្ធ​អនុ គ្រោះពន្ធ​ដល់​ទំនិញ​កម្ពុជា​ដូចជា​ EBA ​និង​ GSP ​ដែល​ផ្តល់​ឲ្យកម្ពុជា​ចំណេញ​ប្រាក់ រាប់រយ​លាន​ក្នុងមួយ​ឆ្នាំៗ។

ក្រុម​មន្ត្រី​របស់​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្មនិង​ការ​បរទេស​បាន​ចាប់​ផ្តើម​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​មន្ត្រី​របស់​អង្គការ​សង្គម​ស៊ីវិល​ នៅសប្តាហ៏​នេះ​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទិន​ស្ថាន​ភាព​នយោ បាយ​បច្ចុប្បន្ន​ដែល​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យមាន​ដំណោះ​ស្រាយ។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​ «ការធ្វើ​មាតុភូមិ​និវត្តន៍​នៃថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ‍» ​កាលសប្តាហ៍ថ្មីៗនេះ គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវរំលាយ​បាន​ប្តេជ្ញា​ជាថ្មីថា​នឹង​តស៊ូ​នយោបាយ​បែប​អហិង្សា​ដើម្បី​ឲ្យមាន​ការ​ដោះលែង​លោក​ កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់​ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​និង​ការពារ ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ និង​ GSP ​កុំឲ្យ​បាត់បង់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះជាតិ​ដដែល ​ដែលថា​ក្រុម​មេដឹកនាំ គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវវិល​ទៅកាន់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ បាន​បញ្ជាក់​ពីការ​ប្តេជ្ញាធ្វើ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​និងសហរដ្ឋ​អាមេរិក​ បញ្ចៀស​ការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង ​GSP‍»។

សេចក្តី​ថ្លែងការណ៍​ដដែល ​បាន​អំពាវ​នាវ​ដល់​ជនរួមជាតិ​ខ្មែរ ​គ្រប់​មជ្ឈដ្ឋាន​ គ្រប់ និន្នាការ​នយោបាយ​រួមកម្លាំង​គ្នា​ រក្សា​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង​ GSP ​ដើម្បី​បញ្ចៀស​នូវការ​ឈឺចាប់​ និង​សេចក្តី​ទុក្ខលំបាក​ របស់​ពលរដ្ឋ​ខ្មែរ​យើង។

លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អាមេរិក នៅ​ឯវេទិកា​ការទូត​នៃ​ប្រទេស​តំបន់​ទន្លេមេគង្គ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល Meridian អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ដើមខែ​មិថុនា​ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោក ​ជុំ សុន្ទរី ​ឯក​អគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេស​អាមេរិក ​បានថ្លែង​ប្រាប់​ VOA​ ថា លោក​បាន​ពន្យល់​ជូនមន្ត្រី​អាមេរិកាំង​ច្រើន​ហើយ​អំពី​ស្ថានការណ៍​កម្ពុជា។

«បញ្ហានេះ ​ខ្ញុំបាន​ជួបជាមួយ​នឹង​ខាង​សភា​ក៏ដូចជា​ជាមួយ​នឹង​ខាង​ក្រសួងការ​បរទេស គឺក្នុង​ហ្នឹងខ្ញុំ​បានជម្រាប​ជូននៅ​លើចំណុច​សំខាន់​ពីរ ​គឺទី១ ​គឺការ​រីកចម្រើន​ក្នុង​ទំនាក់ ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ​ជាមួយ​នឹង​អាមេរិក ​ហើយនឹង​ការគូស​បញ្ជាក់ អំពីការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ ពីបំណង​ដ៏ស្មោះស្ម័គ្រ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​មាន​ទំនាក់ទំនង​ ក្នុងការ​កសាង​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ ល្អ ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ​ហើយខ្ញុំ​ក៏បាន​ជម្រាប​អំពី​ការរីក​ចម្រើន​មួយចំនួន​លើ ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា‍»។

នៅពេល​សួរ​លម្អិត​អំពីរឿង​រីកចម្រើន​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ លោក​ជុំ សុន្ទរី ​មិនបាន​បញ្ជាក់​បន្ថែមទេ។

លោកស្រី​ Piper Campbell ​ជាអតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​និង​ជា​អតីត​ភារធារី​អាមេរិក​ប្រចាំ​តំបន់​អាស៊ាន​បាន ​អះអាង​ថានេះ​ជាពេល​ប្រឈម​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​និង សហរដ្ឋ​អាមេរិក ​តែ​លោកស្រី​អះអាង​ថា​ការរក្សា​ប្រព័ន្ធ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ពីរ​គឺជា​រឿង​សំខាន់​ណាស់ ​ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ទន្លេមេគង្គ​ដែល​កម្ពុជា​ជា​សមាជិក​មួយ​ផង​នោះ។

«នេះជា​មូលហេតុ​ដែលខ្ញុំ​ឃើញថា​អង្គការ​ដ៏សំខាន់​ដូចជា​អង្គការ​អនុតំបន់ ​ការ​ធ្វើ ទំនាក់​ទំនង​ដូចជា​ជាមួយ​នឹង​ប្រទេស​ទាំងប្រាំ​នៃតំបន់​មេគង្គ​ក្រោម​និង​គំនិត​ផ្តួចផ្តើម​តំបន់​មេគង្គ​ក្រោម​ឬធ្វើ​កិច្ចការ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ​ក្នុង​បរិបទ​អាស៊ាន ​នឹង​អនុញាត​ឲ្យមាន​ការ​រក្សា​ប្រព័ន្ធ​ទំនាក់​ទំនង​បើក​ចំហរ ​ហើយខ្ញុំ​សង្ឃឹម​ថា​ប្រព័ន្ធ​ទំនាក់​ទំនង​ទាំងនោះ​នឹង​បង្កើត​លទ្ធផល‍»។

ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ធ្វើទំនាក់​ទំនង​ជាអន្តរជាតិ​យ៉ាងខ្លាំង​ ក្នុង​ពេល​មាន​ការ គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​នយោបាយ​ពី​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប ដោយសារ​តែ​ប្រជាធិបតេយ្យ ​និង ​សិទ្ធិមនុស្ស​ក្តី៕