មន្ត្រី​សន្តិសុខ​អាមេរិក​ព្រមាន​ពី​ការ​គំរាម​កំហែង​ខ្លាំង​ពី​​​ភេរវកម្ម​ក្នុង​ស្រុក

រូបឯកសារ៖ កងទ័ពឆ្មាំការពារជាតិឈរប្រចាំការការពារសន្តិសុខនៅក្បែរតុលាការកំពូលសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​សន្តិសុខ​សហរដ្ឋ​អាមេរិក​ព្រមានពី​កំហឹង​បន្ត​មាន​ឡើង​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​ការ​ខឹង​សម្បារ​ផ្សេង​ទៀត​ដែលអាច​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ថ្មី​នៅ​ទូទាំង​ប្រទេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​និងប៉ុន្មាន​ខែខាង​មុខ។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​សេចក្តី​ប្រកាសដោយ​បាន​ព្រមាន​ថា «បរិយាកាស​គំរាមកំហែង​ខ្លាំង»​ ទំនង​ជា​មាន​រហូត​ដល់​ចុង​ខែ​មេសា។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​ដែល​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ថា៖ «កុបកម្ម​ហិង្សា​បាន​បន្ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ហើយ​យើង​នៅ​តែ​ព្រួយ​កង្វល់​ថា ក្រុម​បុគ្គល​មាន​ការ​រកាំ​ចិត្ត​ជាមួយ​ការប្រើ​អំណាចរបស់​អាជ្ញាធរ​គ្រប់គ្រង ​និង​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី និង​ការ​សារទុក្ខ​ផ្សេង​ទៀត​ និង​កត្តាបុព្វហេតុ​នៃ​មនោគមវិជ្ជា អាច​បន្ត​ប្រមូល​ផ្តុំ​ឡើង​វិញ»។​

សេចក្តី​ប្រកាស​នោះបាន​ព្រមាន​បន្ត​ទៀតថា​ ក្រុម​ជ្រុលនិយម​ហិង្សា​ក្នុង​ស្រុក «អាច​ទទួល​បាន​ការ​លើក​ទឹកចិត្តពី​ការ​វាយ​សង្គ្រប់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២១​នេះ ឱ្យ​វាយ​ប្រហារ​ក្រុម​មន្ត្រី​ជាប់ឆ្នោត​និង​អគារ​រដ្ឋាភិបាល»។

កាល​ពី​ថ្ងៃ​ច័ន្ទ យោធា​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា ខ្លួន​នឹង​រក្សា​ទ័ព​ឆ្មាំ​ការពារ​ជាតិ​ប្រហែល​៧.០០០​នាក់​ នៅ​ក្នុង​រដ្ឋធានី​រហូត​ដល់​ពាក់​កណ្តាល​ខែ​មីនា ដោយ​លើក​ឡើង​ពីការ​បារម្ភខាង​សន្តិសុខ​ជំុវិញ​ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន​ រួម​មាន​សន្ទរកថា​នៅ​ពេល​ខាង​មុខ​របស់​លោក​ប្រធានាធិបតី Joe Biden ទៅ​កាន់​សម័យ​ប្រជុំ​រួម​របស់​សភា និង​ការ​កាត់ទោស​ប្តឹង​ទម្លាក់​អតីត​ប្រធានាធិបតី Donald Trump៕