អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសវេណេស៊ុយអេឡា លោក Elliot Abrams បានបា្រប់ក្រុមអ្នកសារព័ត៌មាននៅឯក្រសួងការបរទេសថា អាមេរិកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងប្រទេសវេណេស៊ុយអេឡា និងបាននិយាយទៀតថា ការចុះចេញពីអំណាចរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro គឺជា ការចាំបាច់មួយរបស់ប្រទេស ដើម្បីអាចឆ្ពោះទៅការបោះឆ្នោតដោយសេរីនិងការផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យ។
លោក Abrams អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសវេណេស៊ុយអេឡាបានបញ្ជាក់ «ការចុះចេញរបស់លោក Maduro មិនមែនជាការដាក់ទណ្ឌកម្មទេ។ វាមិនមែនជាការសងសឹកទេ ហើយយើងព្យាយាមបញ្ជាក់ជំហរនេះឲ្យបានច្បាស់»។
លោក Abrams បានថ្លែងទៀតថា លោកមិនទាន់ឃើញមានសញ្ញាណាមួយនៃឆន្ទៈរបស់លោក Maduro ដើម្បីចរចាសម្របសម្រួលគ្នាដែលថាលោកសុខចិត្តព្រមចុះចេញពីអំណាចនៅឡើយទេ។ ការជាប់ឆ្នោតម្តងទៀតរបស់លោក Maduro កាលពីឆ្នាំ២០១៨ ត្រូវបានប្រជាជាតិនានានៅអឌ្ឍគោលខាងលិចចាត់ទុកថាខុសច្បាប់។ សហរដ្ឋអាមេរិកនិងប្រទេសជាង៥០ទៀតបានទទួលស្គាល់មេដឹកនាំក្រុមប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា។
លោក Abrams បានថ្លែងបន្តទៀតថា ដំណើរការចរចារៀបចំឡើងដោយប្រទេសន័រវេសរវាងក្រុមតំណាងរបស់លោក Maduro និងក្រុមតំណាងរបស់លោក Guaido កំពុងជាប់គាំង ដោយក្រុមការងាររបស់លោក Guaido កំពុងធ្វើឲ្យប្រាកដថា លោក Maduro នឹងចូលរួមចរចាក្នុងគោលបំណងល្អ ឬក៏លោកកំពុងព្យាយាមអូសបន្លាយពេលវេលា។
លោក Maduro បានអះអាងថាក្រុមមន្រ្តីរដ្ឋាភិបាលរបស់លោកកំពុងចូលរួមពិភាក្សាជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ដោយបានប្រាប់ថា មានការទាក់ទងគ្នាតាមបណ្តាញជាច្រើន នៅក្រោមការអនុញ្ញាតដោយផ្ទាល់ពីលោក។
លោក Abrams បានសំដៅទៅដល់ការបើកអង្គភាពកិច្ចការវេណេស៊ុយអេឡា ឬហៅកាត់ថា VAU ក្រោមការដឹកនាំរបស់ភារៈធារី James Story នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានី Bogata ប្រទេសកូឡុំប៊ី និងបាននិយាយទៀតថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចហើយ ដើម្បីរង់ចាំស្តាប់ពាក្យរបស់លោក Maduro និយាយផ្ទាល់មាត់ថា «ថ្ងៃដែលរបបដឹកនាំនេះដួលរលំ»។
តំណាងពិសេសសហរដ្ឋអាមេរិកលោក Abrams ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើមន្រ្តីថ្នាក់កំពូលនៃរដ្ឋាភិបាលរបស់លោក Maduro នៅតែបន្តមានប្រសិទ្ធភាពដូចដែលសហរដ្ឋអាមេរិកចង់បាន និងបាននិយាយថាទៀតថា លោកជឿថា ឥឡូវនេះពួកគេកាន់តែលំបាកក្នុងការលក់ប្រេងរបស់ពួកគេតាមតម្លៃទីផ្សារ និងកាន់តែលំបាកក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
លោក Abrams បានថ្លែងបន្ថែមទៀតថា «សហរដ្ឋអាមេរិកសង្ឃឹមថា សហភាពអ៊ឺរ៉ុបនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបដឹកនាំមួយនេះនៅប៉ុន្មានខែខាងមុខនេះ»។
លោក Abrams បាននិយាយទៀតថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានដៅលើរដ្ឋាភិបាលរបស់លោក Maduro មិនមែនទៅលើពលរដ្ឋវេណេស៊ុយអេឡាទេ ហើយក៏រួមបញ្ជូលការលើកលែងដល់ការនាំចូលស្បៀងអាហារ ថ្នាំពេទ្យ និងទំនិញមនុស្សធម៌ផ្សេងៗទៀតផងដែរ។
លោកបានថ្លែងបន្តថា «ប៉ុន្តែរបបដឹកនាំរបស់លោក Maduro កំពុងចំណាយប្រាក់របស់ខ្លួនលើអ្វីផ្សេង ដែលមិនមែនជាស្បៀងអាហារ ឬថ្នាំពេទ្យ ប៉ុន្តែគឺជាការសងបំណុលទៅឲ្យប្រទេសរុស្ស៊ីនិងចិនទិញអាវុធពីរុស្ស៊ី និងចំណាយលើអ្វីផ្សេងៗទៀតដែលមិនផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋវេណេស៊ុយអេឡា រួមទាំងអំពើពុករលួយធ្ងន់ធ្ងរផងដែរ។
រដ្ឋបាលលោក Trump បានដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់វេណេហ្ស៊ុយអេឡាកាលពីខែមករា ក្នុងគោលបំណងទម្លាក់លោក Marudo។ ប៉ុន្តែសារជីវម្មប្រេងជាតិរបស់ចិន ឬហៅកាត់ថា CNPC ក្រុមហ៊ុនចម្រាញ់ប្រេង Rosneft របស់រុស្ស៊ី និងអ្នកទិញប្រេងវេណេហ្ស៊ុយអេឡាសំខាន់មួយទៀតមិនស្ថិតក្នុងទណ្ឌកម្មរបស់អាមេរិកទេ។
លោក Abrams បាននិយាយថា «ក្រុមហ៊ុនដែលគ្មានពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក និងគ្មានប្រតិបត្តិការជំនួញជាប្រាក់ដុល្លារអាមេរិកនឹងស្ថិតនៅខាងក្រៅទណ្ឌកម្មទាំងនេះ»។
ចិននិងរុស្ស៊ីគឺជា ម្ចាស់បំណុលធំបំផុតរបស់វេណេស៊ុយអេឡា និងជាប្រទេសទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុសំខាន់នៅក្នុងប្រទេសណេវេហ្ស៊ុយអេឡា។ ប៉ុន្តែប្រទេសទាំងពីរមិនយល់ស្របជាមួយគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលដាក់លើរដ្ឋាភិបាលរបស់លោក Maduro ទេ។
រយៈពេល៦ខែដំបូងនៅក្នុងឆ្នាំនេះ ចិនបាននាំចូលប្រេងឆៅជាង៨លានតោនពីប្រទេសវេណេស៊ុយអេឡា ដែលស្មើនឹង៣,៥ភាគរយនៃការនាំចេញសរុបរបស់ខ្លួន។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានគយចិន។
សហរដ្ឋអាមេរិកកំពុងប្រុងប្រយ័ត្នអំពីរបាយការណ៍នានាដែលថា សារជីវម្មប្រេងជាតិ CNPC របស់ចិន កំពុងផ្អាកទិញប្រេងឆៅពីវេណេហ្ស៊ុយអេឡាកាលពីខែសីហា។
លោក Abrams បានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍កន្លងមកថា «ខ្ញុំនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយយើងនឹងរង់ចាំមើល តើអ្វីបានកើតឡើងកាលពីខែសីហា និងអ្វីនឹងកើតឡើងនៅខែកញ្ញានេះ។ ប៉ុន្តែក្នុងពេលឥឡូវនេះយើងមិនទាន់មានទិន្នន័យនៅឡើយទេ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់មើលឃើញពីចំណាត់ការដែលបង្ហាញថាចិននឹងយល់ស្របជាមួយសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក Maduro នៅឡើយទេ។
ឆ្លើយទៅនឹងសំណួររបស់ VOA លោក Abrams បានឆ្លើយថា «វាប្រហែលជាថាសារជីវម្មប្រេងជាតិ CNPC របស់ចិនអាចដកខ្លួនចេញ ប៉ុន្តែមិនមែនមានន័យថា ចិនដកខ្លួនឈប់ទិញប្រេងពីវេណេហ្ស៊ុយអេឡាទេ»។
កាលពីថ្ងៃទី៥ ខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញបទបញ្ជាប្រតិបត្តិគំរាមកំហែងបង្កកទ្រព្យសម្បត្តិទាំងអស់ដែលមាននៅសហរដ្ឋអាមេរិករបស់បុគ្គលណាឬក្រុមហ៊ុនណាដែលត្រូវបានកំណត់ថាបានជួយជាសម្ភារៈ គាំទ្រ ឬបានផ្តល់ជាហរិញ្ញវត្ថុ សម្ភារៈឬផ្គត់ផ្គង់បច្ចេកវិទ្យាដល់រដ្ឋាភិបាលរបស់លោក Maduro៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា