ប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្សពាក់ព័ន្ធឧក្រិដ្ឋកម្មបានប្រែក្លាយទៅជាបញ្ហាក្នុងតំបន់ និងពិភពលោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយពលរដ្ឋអាមេរិកាំងបានខាតបង់ជាង១០០លានដុល្លារទៅលើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ការបញ្ជាក់របស់ស្ថានទូតអាមេរិកបែបនេះធ្វើឡើង បន្ទាប់ពីមានជំនួបរវាង អ្នកស្រី Aleks Zittle អនុប្រធានស្តីទីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី៩ ខែសីហា ដោយបានជួបប្រជុំពិភាក្សាផ្លាស់ប្តូរព័ត៌មានលើការអនុវត្តច្បាប់រួមគ្នារវាងកម្ពុជា និងអាមេរិក។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉េលជាភាសាអង់គ្លេស និងបានប្រែសម្រួលជាភាសាខ្មែរថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្សពាក់ព័ន្ធឧក្រិដ្ឋកម្មបានក្លាយទៅជាបញ្ហាក្នុងតំបន់ និងពិភពលោកដែលកំពុងរីកធំឡើងក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ការប៉ាន់ស្មានជាទូទៅបង្ហាញថា ពលរដ្ឋអាមេរិកាំងបានខាតបង់ជាង១០០លានដុល្លារទៅលើប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ជាផ្នែកមួយនៃការព្យាយាមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនេះ លោក Wesley បានបញ្ជាក់ថា កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រការបណ្តុះបណ្តាលរយៈពេល១ម៉ឺន៨ពាន់ម៉ោងសម្រាប់សមភាគីកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិត។ វគ្គបណ្តុះបណ្តាលនេះចំណាយទឹកប្រាក់ជាង៣៥លានដុល្លារដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ សម្រាប់ការគាំទ្រដល់ជនរងគ្រោះដោយការជួញដូរនៅកម្ពុជា។ កិច្ចការភាគច្រើនត្រូវបានអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិដើម្បីជួយជនរងគ្រោះទាំងកម្ពុជា និងបរទេស។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ចុងក្រោយមួយស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្សដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ ចំណាត់ថ្នាក់នេះត្រូវបានដាក់មកលើប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍របស់ក្រសួងការបរទេសដែលចេញផ្សាយជាសាធារណៈកាលពីខែមិថុនាឆ្នាំ២០២៤ ប្រតិបត្តិការឆបោកអនឡាញស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី៣នៃការ រីកចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេថា អ្នកស្រីបានទទួលដំណឹងអំពីរបាយការណ៍ដែលសហរដ្ឋអាមេរិកថា ពលរដ្ឋខ្លួនបានខាតបង់ថវិកាប្រមាណជាង១០០លានដុល្លារលើការឆបោកតាមអនឡាញដែលមានប្រភពនៅប្រទេសកម្ពុជា ប៉ុន្តែអ្នកស្រីមិនមានព័ត៌មានលម្អិតជុំវិញការខាតបង់ថវិកានេះឡើយ។
អ្នកស្រីបន្ថែមថា ជនរងគ្រោះតាមប្រព័ន្ធអនឡាញត្រូវបានបែងចែកជាពីរប្រភេទ រួមមានអ្នកត្រូវបានគេប្រើប្រាស់ និងអ្នកត្រូវគេឆបោក ហើយការឆបោកតាមអនឡាញនោះមានប្រភពជាច្រើន មិនមែនមានតែកម្ពុជាមួយប៉ុណ្ណោះទេ។
អ្នកស្រីថ្លែងថា៖ «ហើយប្រសិនបើមានប្រភពពីកម្ពុជាតែមួយម៉ាត់ហ្នឹង យើងក៏អត់ដឹងថា ប្រភពណាដែរ ពីព្រោះដូចយើងដឹងហើយថា ការទាក់ទងនេះតាមប្រព័ន្ធអនឡាញ។ អ៊ីចឹងបានថ្ងៃមុនយើងជជែកគ្នាជាមួយនឹងស្ថានទូត [អាមេរិក] គឺយើងត្រូវការសហការគ្នាក្នុងការធ្វើការផ្តល់ទន្និន័យឱ្យគ្នាទៅវិញទៅមក ដូចថា ច្បាស់ប៉ុណ្ណាដែលអាចស្រាវជ្រាវរកឃើញ ដើម្បីឱ្យយើងធ្វើការសហការជាមួយគ្នា»។
ពាក់ព័ន្ធនឹងការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកលើការប្រយុទ្ធការជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ដែលមិនបានផ្តល់ដោយផ្ទាល់មកកាន់រដ្ឋាភិបាលប៉ុន្តែបែរជាធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល អ្នកស្រី ជូ ប៊ុនអេង ថ្លែងថា ជំនួយសហរដ្ឋអាមេរិកមិនដែលត្រូវបានផ្តល់មកកាន់រដ្ឋាភិបាលកម្ពុជាឡើយ បើទោះបីជាសហរដ្ឋអាមេរិកថា ជំនួយនេះគឺស្ថិតក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញក៏ដោយ។
អ្នកស្រីលើកឡើងថា៖ «អាហ្នឹងតាំងពីដើមមក ដូចមិនមែនឥឡូវហ្នឹងទេ! យើងតាំងពីគេហៅថា ទោះបីយើងកំពុងអត់ឃ្លានយ៉ាងណា ជំនួយហ្នឹងមិនមកកម្ពុជាជារដ្ឋាភិបាលទេ សុខចិត្តយកទៅជួយនៅតាមព្រំដែន ជួយតាមប្រទេសផ្សេងៗ។យើងធ្លាប់ដឹងហើយតើរឿងហ្នឹង! ហើយបើចង់ដឹងទាល់តែសួរទៅខាងសហរដ្ឋអាមេរិកខ្លួនឯង។ សួរកម្ពុជាម៉េចដឹង?»
យ៉ាងណាមិញ អ្នកស្រី ជូ ប៊ុនអេង អះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែទទួលស្វាគមន៍ជាមួយភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការដោយមិនមានការអើសរើងឡើយ។ អ្នកស្រីបញ្ជាក់ទៀតថា កម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសដែលសកម្មក្នុងការឆ្លើយការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធតាមអនឡាញផងដែរ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Wesley Holzer មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកតាមសារអ៊ីមែលនៅថ្ងៃអង្គារនេះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាតយល់ ថា ក្នុងស្ថានភាពដែលកម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់កម្រិត៣ ឬ Tier 3 នេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមកលើមុខមាត់របស់ប្រទេសកម្ពុជា ស្របពេលមានការព្រួយបារម្ភពីភាគីឥណ្ឌាលើបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញ និងមានការជូនដំណឹងផ្សេងៗអំពីការធ្វើដំណើរមកកាន់កម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំយល់ឃើញថា កម្ពុជាយើងគួរតែពង្រឹងបន្ថែមនូវកិច្ចការក្នុងការបង្រ្កាប និងការទប់ស្កាត់ការជួញដូរមនុស្សឬក៏ការឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះផលលំបាកដែលកើតឡើងយើងដឹងហើយទី១ទាក់ទងនឹងបញ្ហាភ្ញៀវទេសចរណ៍អន្តរជាតិ ទី២គឺការវិនិយោគសម្រាប់កម្ពុជា ទី៣ទាក់ទងនឹងសន្តិសុខសុវត្ថិភាពសម្រាប់កម្ពុជាយើង»។
បើតាមលោកអំ សំអាត អាជ្ញាធរកម្ពុជាគួរតែទទួលបានការបណ្តុះ បណ្តាលជំនាញដែលអាចបង្ក្រាបបទល្មើសបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ ហើយជនដែលប្រព្រឹត្តបទល្មើស ទោះជាមន្ត្រីមានឋានៈបែបណាក៏ត្រូវតែទទួលការផ្តន្ទាទោស ហើយមន្ត្រីអនុវត្តច្បាប់ត្រូវនៅឱ្យឆ្ងាយពីសកម្មភាពជួញដូរមនុស្ស ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការស៊ើបអង្កេត និងទប់ស្កាត់បទល្មើស។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៤បានបញ្ជាក់ថា ការបន្តទទួលបានកម្រិត ៣ ក្នុងកិច្ចខិតខំលុបបំបាត់ និងទប់ស្កាត់ការជួញដូរមនុស្ស ធ្វើឱ្យកម្ពុជាដែលស្ថិតក្នុងកម្រិតទាបបំផុតនេះខាតប្រយោជន៍មួយចំនួន។ ផលប្រយោជន៍មួយចំនួនដែលកម្ពុជានឹងខាតបង់ គឺសហរដ្ឋអាមេរិកនឹងមិនផ្តល់ជំនួយខ្លះដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ និងពាណិជ្ជកម្ម ហើយមូលនិធិខ្លះដែលផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរសិក្សា និងវប្បធម៌អាចត្រូវបានដកមករក្សាទុកវិញ។ ធនាគារ ពហុភាគី និងមូលនិធិរូបិយវត្ថុអន្តរជាតិអាចច្រានចោលប្រាក់កម្ចី ឬការប្រើប្រាស់ផ្សេងៗទៀតនៃស្ថាប័នមូលនិធិនានាចំពោះប្រទេសដែលគេចាត់ចូលកម្រិត៣ លើកលែងតែកិច្ចការមនុស្សធម៌ កិច្ចការពាក់ព័ន្ធពាណិជ្ជកម្ម និងជំនួយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាក់ស្តែង។
សេចក្តីថ្លែងការណ៍រួមរបស់ស្ថានទូតអាមេរិក និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា បញ្ជាក់ថា អាមេរិកទន្ទឹងរង់ចាំការបន្តការចូលរួមជាមួយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលធ្វើទុក្ខបុកម្នេញដល់មនុស្សជុំវិញពិភពលោក រួមទាំងនៅកម្ពុជា និងសហរដ្ឋអាមេរិក៕