ស.រ.អា​និង​រុស្ស៊ី​យល់​ស្រប​គ្នា​លើ​ផែន​ការ​ដើម្បី​បញ្ឈប់​​សង្គ្រាម​នៅ​ស៊ីរី

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា​​ John Kerry (ខាងស្តាំ) ​ចាប់ដៃ​​ជាមួយ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Sergei Lavrov​​ ។

ស.រ.អា​ និង​រុស្ស៊ី​បាន​ប្រកាសផែនការ​យ៉ាង​ស្មុគ្រ​ស្មាញ​និង​ធំធេង​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ក្នុង​ទីក្រុងហ្សឺណែវ ដើម្បី​បញ្ឈប់​សង្គ្រាម​៥​ឆ្នាំ​នៅ​ប្រទេស​ស៊ីរី និង​ដើម្បី​ឲ្យប្រទេស​ទាំង​ពីរ​ធ្វើ​សហប្រតិបត្តិការ​ក្នុង​ការ​បង្រ្កាបក្រុម​ភេរវកម្ម​នៅប្រទេស​ស៊ីរី។

កិច្ច​ព្រមព្រៀង​នេះ​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​តាំង​ចិត្ត​ឡើង​វិញ​ចំពោះ​បទឈប់​បាញ់​ទូទាំង​ប្រទេស នៅ​មុនពេល​ថ្ងៃ​លិច​នៃ​ថ្ងៃទី១២​កញ្ញា ដែលជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​បុណ្យ​ Eid នៃ​សាសនា​ឥស្លាម។

«យើង​គិត​ថាគ្មាន​អ្វី​សាកសម​ជាង​ការ​ដែល​ភាគី​ទាំង​អស់​ប្រមូល​ផ្តុំ​គ្នា ហើយ​ធ្វើ​ឲ្យ​បុណ្យ Eid ​នេះ មាន​ន័យ​សម្រាប់ពល​រដ្ឋ​ស៊ីរី និង​តំបន់​នេះទេ» នេះ​ជា​ប្រសាសន៍របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា John Kerry ​ពេល​ដែល​លោក​ឈរ​នៅ​ទន្ទឹម​គ្នា​ជាមួយ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Sergei Lavrov ។

ស.រ.អា​និង​ប្រទេស​រុស្ស៊ី​បាន​យល់​ស្រប​គ្នា​លើ​វិធានការដែល​នឹង​រារាំង​មិន​ឲ្យ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី ធ្វើ​ការ​ហោះ​ហើរ​ពី​លើ​ទី​តាំង​របស់​ក្រុម​ប្រឆាំង និង​លើ​កន្លែង​ផ្សេងៗ​ទៀត​ ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា។

លោក​ Lavrov ​បាន​ថ្លែង​ថា ​លោក​បាន​ប្រាប់​រដ្ឋាភិបាល​ស៊ីរី​អំពី​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​ថា​រដ្ឋាភិបាល​របស់​លោក​ Assad ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គោរព​តាម៕