តំណាងទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងនៅថ្ងៃសុក្រនេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ដែលផ្តល់ដល់កម្ពុជា មិនមែនជាជំនួយមានលក្ខខណ្ឌ ឬដើម្បីដោះដូរយកអ្វីមួយនោះទេ។
នេះជាការថ្លែងរបស់លោក Benjamin Wohlauer ភារធារីអាមេរិកដែលមានវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ តំណាងឲ្យឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy ដែលកំពុងបំពេញការងារនៅទីក្រុងវ៉ាស៊ីនតោន។ ពិធីនេះ មិនមានវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចពិធីទទួលវ៉ាក់សាំងរបស់ប្រទេសចិន និងជប៉ុន កាលពីកន្លងទៅនោះទេ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចូលរួមក្នុងពិធីនោះ។
លោក Benjamin Wohlauer បានថ្លែងថា វ៉ាក់សាំងជើងដំបូងដែលមានប្រមាណ៤៥ម៉ឺនដូសនេះ ជា«អំណោយរបស់ពលរដ្ឋអាមេរិក» ដែលអាចជួយបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋកម្ពុជាជាង១លាននាក់ ដោយសារវ៉ាក់សាំងនេះ ចាក់តែមួយដូសប៉ុណ្ណោះ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកមាន«ការប្តេជ្ញាចិត្តយូរអង្វែង» ចំពោះសុខភាពសាធារណៈកម្ពុជា។
Your browser doesn’t support HTML5
តំណាងទូតអាមេរិករូបនោះ ក៏បានគូសបញ្ជាក់ថា អាមេរិកមិនមែនផ្តល់វ៉ាក់សាំងទាំងនេះ ដើម្បីដាក់លក្ខខណ្ឌអ្វីមួយសម្រាប់កម្ពុជានោះទេ។
លោកថ្លែងជាភាសាអង់គ្លេស និងមានការបកប្រែថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនចែករំលែកដូសទាំងនេះ ដើម្បីទទួលបានការអនុគ្រោះ ឬស្វែងរកសម្បទានទេ។ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ។ យើងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត»។
វ៉ាក់សាំងជើងទីពីររបស់អាមេរិក នឹងត្រូវបញ្ជូនមកកម្ពុជា នៅថ្ងៃទី២ ខែសីហា។
ទាក់ទងនឹងការមិនបានចូលរួមរបស់នាយករដ្ឋមន្រ្តីក្នុងពិធីនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានបញ្ជាក់ការសម្រេចទៅ ឬមិនទៅ អាស្រ័យលើពេលវេលាទំនេររបស់នាយករដ្ឋមន្រ្តី។
លោកប្រាប់វីអូអេថា៖ «ហើយការសម្រេចចិត្តហ្នឹងជាការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីដែលគ្មាននរណាទៅបង្គាប់លោកបាន»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សពលរដ្ឋកម្ពុជា បានថ្លែងថានាយករដ្ឋមន្រ្តីមិនប្រកាន់ថា វ៉ាក់សាំងផ្តល់ឲ្យរបស់ប្រទេសណានោះទេ ហើយនៅពេលលោកទំនេរ លោកនឹងចូលរួម។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅទទួលវ៉ាក់សាំងរបស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ដល់កម្ពុជាក្រោមយន្តការកូវ៉ាក់ដូចគ្នានឹងវ៉ាក់សាំងដែលផ្តល់ដោយអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Chad Roedemeier បានបដិសេធមិនអត្ថាធិប្បាយជុំវិញអវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនិងកិច្ចការសកលនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក យល់ថា នេះអាចមើលឃើញថា ជា«ការមើលងាយមួយ»។
លោកបន្ថែមថា វាច្បាស់ណាស់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅស្វាគមន៍វ៉ាក់សាំងដែលជាជំនួយរបស់ចិននិងជប៉ុន ដែលជាសញ្ញាបង្ហាញពីប្រទេសដែលលោក «គោរព»។
លោកប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រនេះថា៖ «ការធ្វើដូចនេះប្រហែលត្រូវបានមើលទៅដូចជាការមិនដឹងគុណ ដែលនឹងធ្វើឲ្យប្រជាជនកម្ពុជាចំណាយប្រាក់ នៅពេលដែលជំនួយនៃវ៉ាក់សាំងដ៏សំខាន់មិនមាន»។
លោកបន្ថែមថា៖ «នៅក្នុងករណីណាក៏ដោយ ស្របពេលដែលករណីកើនឡើងនៃការឆ្លងដោយសារវីរុសបំប្លែងថ្មីដែលតា (Delta) វាមិនមែនជាស្ថានភាពណាមួយដែលអ្នកចង់ខាំដៃអ្នកដែលបានជួយអ្នកនោះទេ»។
នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី មានការបង្ហោះសារថា៖ «អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ»។ សារហ្វេសប៊ុកនេះបញ្ជាក់ទៀតថា មានប្រទេសចំនួន៤ហើយដែលបានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា រួមមានប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងជាង២លានដូស ជប៉ុន១លានដូស អាមេរិក១លានដូស និងអង់គ្លេស៤១ម៉ឺន៥ពាន់ដូស។
នៅក្នុងការថ្លែងតាមសុន្ទរកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា«ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ»ដល់ពលរដ្ឋអាមេរិកនិងរដ្ឋាភិបាលអាមេរិកចំពោះការផ្តល់វ៉ាក់សាំងនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជារំពឹងថា ទទួលបានវ៉ាក់សាំងប្រមាណ២០%នៃពលរដ្ឋកម្ពុជា គឺប្រហែល៧លានដូសពីប្រទេសផ្សេងៗតាមរយៈយន្តការកូវ៉ាក់។
គួរបញ្ជាក់ថា កម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ បានជាង៧លាននាក់ហើយ គឺស្មើជាង៧០%នៃគោលដៅចាក់ឲ្យបានយ៉ាងតិច១០លាននាក់នាត្រឹមខែតុលាខាងមុខនេះ។ វ៉ាក់សាំងដែលចាក់ដល់ពលរដ្ឋយ៉ាងច្រើននេះ ភាគច្រើនជាវ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់(Sinovac) ដែលកម្ពុជាទទួលបានតាមរយៈជំនួយឥតសំណង និងការបញ្ជាទិញពីប្រទេសចិន៕