អាមេរិក​ព្រមាន​ដល់​ចិន​​​ជា​ថ្មី​ម្តង​​ទៀត​ចំពោះ​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​ហ្វីលីពីន​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

  • ​Reuters

រូបឯកសារ៖ នៅ​ក្នុង​រូបថតកាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដែល​ផ្ដល់​ឲ្យ​ដោយ​ឆ្មាំ​ដែនសមុទ្រ​ហ្វីលីពីន បាន​ឲ្យ​ដឹង​ថា ឆ្មាំដែនសមុទ្រ​របស់ខ្លួន​បាន​ល្បាត​ក្បែរ​នឹង​នាវា​របស់​ចិន​នៅ​តំបន់​ថ្មប៉ប្រះទឹក Sabina ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​អាទិត្យបានព្រមាន​ដល់​ប្រទេស​ចិន​ជា​ថ្មី​ម្តង​ទៀត​ថា ការ​វាយ​ប្រហារ​ណាមួយ​លើ​កងទ័ព​ហ្វីលីពីន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ នឹងអាច​នាំឲ្យ​មាន​ការ​ប្រើសន្ធិសញ្ញាការពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាមេរិក​និង​ហ្វីលីពីន​ឆ្នាំ​១៩៥១។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ដែល​បាន​ធ្វើ​ឡើងចំ​ខួប៥​ឆ្នាំ​នៃសាល​ក្រម​របស់​តុលាការ​អាជ្ញា​កណ្តាលអន្តរជាតិ​ដែល​បាន​បដិសេធ​ការ​ទាមទារ​កាន់កាប់​ដ៏​លើសលប់​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។​

ប្រទេស​ចិន​ដែល​បាន​ទាម​ទារ​ទឹកដី​ភាគ​ច្រើន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ បាន​ទទួល​រង​នូវការ​តវ៉ា​ពី​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​និង​ប្រទេស​វៀតណាម​។ ចិន​បាន​បញ្ជាក់​ជា​ថ្មី​ទៀតកាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា រដ្ឋាភិបាលចិន​មិន​ទទួល​ស្គាល់​នូវ​សាល​ក្រម​របស់​តុលាការអាជ្ញា​កណ្តាល​អន្តរជាតិ​នោះ​ទេ។

លោក ​Blinken​ លើក​ឡើង​ថា៖ «សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់​ជា​ថ្មី​នូវ​នយោបាយ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​លោក​និយាយ​យោង​ទៅ​លើការ​បដិសេធ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump លើ​ការ​ទាម​ទារ​នូវ​ប្រភព​ធនធាន​ភាគ​ច្រើនបំផុត​ដោយ​ប្រទេស​ចិន​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។

លោក​បន្ថែម​ថា៖ «យើង​សូម​បញ្ជាក់​សារ​ជា​ថ្មី​ថា ការ​វាយ​ប្រហារ​ណា​មួយទៅលើ​កង​កម្លាំង​ប្រដាប់​អាវុធ​ នាវា​សាធារណៈ និង​យន្តហោះ​របស់​ប្រទេស​ហ្វីលីពីន​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ នឹង​អាច​នាំ​ទៅ​ដល់​ការ​ប្រើប្រាស់​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅមក​រវាង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៥១ ត្រង់​មាត្រា​ទី​៤ ស្តី​ពី​ការ​សន្យា​ការ​ការពារ​គ្នា​ទៅវិញ​ទៅ​មក​របស់​អាមេរិក៕