សេតវិមានឲ្យដឹងថាស.រ.អ.រំពឹងថាប្រទេសប៉ាគីស្ថាននឹងស៊ើបអង្កេតយ៉ាងពេញលេញនិងទាំងស្រុងជុំវិញអ្វីដែល ស.រ.អ.ហៅថា ការសន្មត់អំពីថាមានបណ្ដាញគាំទ្រមួយដែលអនុញ្ញាតឲ្យអូសាម៉ាប៊ិនឡាដិនរស់នៅក្នុងប្រទេសប៉ាគីស្ថាន។ សេតវិមានក៏ធ្វើប្រតិកម្មផងដែរទៅនឹងអត្ថាធិប្បាយរបស់នាយករដ្ឋមន្ដ្រីនៃប្រទេសប៉ាគីស្ថាន។
កាលពីថ្ងៃច័ន្ទ ការថ្លែងភាគច្រើនទៅកាន់អ្នកយកព័ត៌មាននៅសេតវិមានផ្ដោតលើការស៊ើបអង្កេតដែលប្រទេសប៉ាគីស្ថាននិយាយថា កំពុងតែប្រព្រឹត្ដធ្វើ ក្រោយពីប្រតិបត្ដិការណ៍វាយលុកពិសេសរបស់ ស.រ.អ.ដែលសម្លាប់ប៊ិនឡាដិន ហើយនឹងអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ដ្រី Yousuf Raza Gilani ព្រមទាំងស្ថានភាពទំនាក់ទំនងរវាង ស.រ.អ.និងប្រទេសប៉ាគីស្ថាន។
នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សភាប៉ាគីស្ថាន លោក Gilani បដិសេធការចោទប្រកាន់ថា សេវាស៊ើបការណ៍សម្ងាត់ ឬ យោធានៃប្រទេសប៉ាគីស្ថានដឹងអំពីវត្ដមានរបស់អូសាម៉ាប៊ិនឡាដិន នៅក្នុងទីក្រុង Abbottabad ឬថា ពួកគេបានជួយឧបត្ថមម្ភគាត់។
លោក Gilani និយាយថា ទំនាក់ទំនងរបស់ប៉ាគីស្ថានជាមួយ ស.រ.អ.នៅតែខ្លាំងដដែលក៏ប៉ុន្ដែលោកព្រមានប្រឆាំងនឹងប្រតិបត្ដិការដូចគ្នានេះនាពេលអនាគត ដោយនិយាយថាប្រទេសប៉ាគីស្ថានរក្សាសិទ្ធិវាយបកវិញយ៉ាងពេញទំហឹង។
លោក Jay Carney អ្នកនាំពាក្យសេតវិមាននិយាយថា ការពិគ្រោះគ្នា ការសុំយោបល់នៅតែបន្ដធ្វើតទៅទៀត ក្នុងលំដាប់ថ្នាក់ជាច្រើន អំពីការទៅជួបប្រពន្ធរបស់អូសាម៉ា ប៊ិនឡាដិន ហើយនឹងការប្រើសម្ភារ: ឯកសារដែលប្រទេសប៉ាគីស្ថានអាចបានប្រមូលទុក រឹបអូស ក្រោយពីកងកុម្ម៉ង់ដូ ស.រ.អ.ចេញពីបរិវេណផ្ទះរបស់ ប៊ិនឡាដិន នៅទីក្រុង Abbottabad ។
លោក Carney ឆ្លើយតបយ៉ាងដូច្នេះនៅពេលដែលអ្នកយកព័ត៌មានសួរលោកថាតើលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាទុកចិត្ដការប្ដេជ្ញាចិត្ដរបស់មេដឹកនាំប្រទេសប៉ាគីស្ថានរូបនោះដែលសន្យាថានឹងធ្វើការស៊ើបអង្កេតពេញលេញដែរឬទេ។
«យើងជឿថា ពួកគេនឹងស៊ើបអង្កេតអំពីរឿងនេះ ហើយយើងសង្ឃឹមថាការស៊ើបអង្កេតនេះនឹងប្រព្រឹត្ដធ្វើដោយពេញលេញនិងទាំងស្រុង។ ក៏ប៉ុន្ដែពិតណាស់ហើយ យើងក៏ស៊ើបអង្កេតដោយខ្លួនឯងដែរ ហើយនេះជាផ្នែកមួយនៃទំនាក់ទំនងសហប្រតិបត្ដិការដែលយើងត្រូវមាន ហើយកាលពីអតីតកាល យើងសហការណ៍គ្នា ទោះបីយើងខ្វែងគំនិតគ្នាក៏ដោយ ហើយយើងគិតថាយើងនឹងបន្ដមានតទៅទៀតនាពេលអនាគត»។
លោក Carney និយាយថាលោកប្រធានាធិបតីអូបាម៉ាប្រាដដក្នុងចិត្ដថាលោកមានសិទ្ធិហើយនឹងមានកាតតព្វកិច្ចបញ្ជាឲ្យធ្វើការលុកលុយទៅក្នុងបរិវេណផ្ទះរបស់ អូសាម៉ា ប៊ិនឡាដិន។
នៅក្នុងសេចក្ដីសម្ភាសន៍ជាមួយទូរទស្សន៍ CBS ក្នុងកម្មវិធី ៦០នាទី ដែលផ្សាយនៅថ្ងៃអាទិត្យលោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ថា ស.រ.អ.ជឿថាប្រាកដជាមានបណ្ដាញគាំទ្រអ្វីម្យ៉ាងចំពោះប៊ិនឡាដិននៅក្នុងប្រទេសប៉ាគីស្ថាន។
លោកអូបាម៉ាមានប្រសាសន៍ថា ប្រទេសប៉ាគីស្ថានបានប្រាប់ ស.រ.អ.ថាខ្លួនមានបំណងយ៉ាងជ្រាលជ្រៅរកឃើញថា តើមេដឹកនាំពួកអាល់ខេដាមានបណ្ដាញគាំទ្រប្រភេទណា៕
ប្រែសម្រួលដោយ កង ស៊ីវន