សហរដ្ឋ​អាមេរិក​ពិចារណា​ឡើងវិញ​ពី​ការរិតត្បិត​កាំជ្រួច​មីស៊ីល​​អ៊ុយក្រែន​ដែល​បាញ់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី

ប៉ូលិស​មើល​រថយន្ត​កាកបាទ​ក្រហម​ដែល​ឆេះ​ ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donetsk ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២៤។ (ប៉ូលិស​តំបន់ Donetsk / AP)

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​សញ្ញា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ប្រហែល​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​បាញ់​កាំជ្រួច​មីស៊ីល​កាន់តែ​ច្រើន​ឡើង​ចូល​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដើម្បី​បំផ្លាញ​អាវុធ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ដាក់​ពង្រាយ​ដើម្បី​វាយ​ប្រហារ​តាម​អាកាស​ទូទាំង​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​កេងប្រយោជន៍​ពី​ការស្ទាក់ស្ទើរ​របស់​សម្ពន្ធមិត្ត​លោក​ខាង​លិច​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​អំពី​ការអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​វាយ​ប្រហារ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹក​ដីរុស្ស៊ី។

លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​ទៀត​ថា«ការពន្យា​នៅ​ក្នុង​ដំណើការ​នេះ​នាំឱ្យ​រុស្ស៊ី​រំកិល​ទីដៅ​យោធា​ទាំង​នោះ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី»។

សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​លោក​ខាង​លិច​របស់​ខ្លួន​ដែល​គាំទ្រ​អ៊ុយក្រែន​មាន​លក្ខណ្ឌ​ក្នុង​ការផ្គត់ផ្គង់​កាំជ្រួច​មីស៊ីល​របស់​ខ្លួនន​ដល់​អ៊ុយក្រែន​ដោយមាន​លក្ខខណ្ឌដែល​ថា​កាំជ្រួច​ទាំង​នេះ​មិន​ត្រូវ​បាញ់​ចូល​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​ការភ័យ​ខ្លាច​ថា​សង្គ្រាម​របស់​រុស្ស៊ីជាង៣០ខែ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​រីក​កាន់តែ​ធំឡើង។

អ៊ុយក្រែន​បាន​វាយ​ប្រហារ​ទីក្រុង​មូស្គូ​ដោយ​ប្រើ​ដ្រូន​ហើយ​បាន​បាញ់​ផ្តក់​លើ​ទីដៅ​នានា​ដែល​ខិត​កាន់​តែជិត​ទៅនឹង​ព្រំដែន​អ៊ុយក្រែន​និង​រុស្ស៊ី ក៏ប៉ុន្តែ លោក Zelenskyy បាន​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យសម្ពន្ធមិត្ត​លោក​ខាង​លិច​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​វាយ​ប្រហារ​ទីដៅ​នានា​ជា​ទីកន្លែង​ដែល​រុស្ស៊ី​កំពុង​ស្តុកទុក​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​ដើម្បី​ប្រើប្រាស់​វាយ​ប្រហារ​ទឹក​ដី​អ៊ុយក្រែន៕