កាលពីថ្ងៃចន្ទ ស.រ.អា.បានដាក់កំហិតការដាក់ទណ្ឌកម្មលើអ្នកស៊ើបអង្កេតជាន់ខ្ពស់នៃប្រទេសរុស្សីនិងឥស្សរជនបួននាក់ទៀតនៃវិមានក្រឹមឡាំងដោយសារអ្វីដែលក្រសួងការបរទេសស.រ.អា.ហៅថាជា «ការរំលោភលើសិទ្ធិមនុស្សដ៏អប្រិយ»។
ជនជាតិរុស្សីទាំងប្រាំនាក់នេះជាមួយបុរសពីរនាក់ទៀតមានទំនាក់ទំនងជាមួយពួក Hezbollah បានត្រូវរងទណ្ឌកម្មតាមរយៈច្បាប់ Magnitsky។
ក្រុមមន្ត្រីស.រ.អា.មិនបាននិយាយជាក់លាក់អំពីអ្វីដែលនាំឱ្យជនទាំង៧នាក់នេះត្រូវដាក់ទណ្ឌកម្មនោះទេ។ ក៏ប៉ុន្តែលោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បាននិយាយថា «ជននីមួយៗក្នុងបណ្តាពួកជនដែលមានឈ្មោះបន្ថែមកាលពីពេលថ្មីៗនេះក្នុងការដាក់ទណ្ឌកម្មបានត្រូវពិចារណាក្រោយពីមានការស្រាវជ្រាវទូលំទូលាយ»។
លោក Kirby បាននិយាយថាជនជាតិរុស្សីទាំងប្រាំនាក់នេះមាន «មុខនាទីជាម៉ាស៊ីនកៀបសង្កត់នៃប្រព័ន្ធពង្រឹងច្បាប់របស់ប្រទេសរុស្សី ព្រមទាំងបុគ្គលមានការទាក់ទិនក្នុងការរំលោភលើសិទ្ធិមនុស្សដ៏អប្រិយ»។
ជនទាំងនេះមានរួមបញ្ចូលមានដូចជាឈ្មោះ Alexander Bastrykin ដែលគេមានជឿថាជាអ្នកស៊ើបអង្កេតកំពូលរបស់វិមានក្រឹមឡាំងនិងជាអ្នកដឹកនាំការបង្ក្រាបលើពួកអ្នកប្រឆាំង។
ជនពីរនាក់ទៀតឋិតក្នុងបញ្ជីនេះគឺ ឈ្មោះ Andrei Lugovoi និងឈ្មោះ Dmitri Kovtun ដែលប្រទេសអង់គ្លេសចាត់ទុកថាជាជនជាប់សង្ស័យខ្លាំងជាងគេនៅក្នុងការស្លាប់ដោយបំពុលរបស់ចារបុរសរុស្សីម្នាក់ដែលជាអ្នករិះគន់ខ្លាំងដល់អាជ្ញាធរវិមានក្រឹមឡាំងគឺលោក Alexander Litvinenko កាលពីឆ្នាំ២០០៦៕