លោក Ted Cruz បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលជាអ្នកនាំមុខគេទី២បន្ទាប់ពីលោក Donald Trump បានជ្រើសរើសលោកស្រី Carly Fiorina ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាមួយ ឲ្យធ្វើជាបេក្ខជនឈរឈ្មោះអនុប្រធានាធិបតី។
លោកស្រី Fiorina ធ្លាប់ធ្វើជាប្រធានមហាក្រុមហ៊ុនបច្ចេកវិទ្យា Hewlett Packard មុនពេលដែលលោកស្រីត្រូវបានបណ្តេញចេញដោយសារតែក្រុមហ៊ុននោះបានខាតបង់ចំណូល ហើយលោកស្រីក៏ធ្លាប់ឈរឈ្មោះធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋផងដែរ ប៉ុន្តែលោកស្រីបានដកខ្លួនចេញពីការប្រកួតប្រជែងលើកមុននេះដោយសារតែលោកស្រីទទួលបានការគាំទ្របន្តិចបន្តួចប៉ុណ្ណោះនៅក្នុងការប្រជែងតាមរដ្ឋនីមួយៗ។
លោក Trump បាននាំមុខគេខាងគណបក្សសាធារណរដ្ឋ ប៉ុន្តែលោកនៅមិនទាន់ទទួលបានចំនួនប្រតិភូគ្រប់គ្រាន់ដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិដើម្បីជំនួសតំណែងរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅឡើយទេ។ លោក អូបាម៉ា នឹងត្រូវចប់អាណត្តិរបស់លោកនៅខែមករាឆ្នាំក្រោយនេះ។
លោក Cruz ដែលជាអ្នកសង្គមនិយមប្ដូរផ្តាច់ និងក៏ជាសមាជិកព្រឹទ្ធសភារដ្ឋ Texasនោះ នៅមិនទាន់មានចំនួនប្រតិភូគ្រប់គ្រាន់ដើម្បីទទួលបានការជ្រើសតាំងពីគណបក្សសាធារណរដ្ឋ មុនពេលដែលគណបក្សនេះធ្វើមហាសន្និបាតបក្សនៅខែកក្កដានៅឡើយទេ។ ប៉ុន្តែលោកកំពុងតែព្យាយាមរារាំងលោក Trump មិនឲ្យទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតជុំទី១បាន។ លោក Cruz សង្ឃឹមថា មហាសន្និបាតដែលជាប់គាំងនឹងជ្រើសរើសលោកជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតជុំទី២៕