ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden បានផ្ញើសារសាទរពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនារបស់ពុទ្ធសាសនិកនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ។
លោកបានថ្លែងថា៖ «ពេលយើងគោរពដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធ យើងទទួលស្គាល់ពលរដ្ឋអាមេរិកាំងកាន់ព្រះពុទ្ធសាសនា ដែលបានចូលរួមវិភាគទានដ៏ធំសម្បើមដល់សហគមន៍និងប្រទេសរបស់យើង»។
លោក Biden ក៏បានថ្លែងបន្ថែមថា៖ «ពិធីបុណ្យវិសាខបូជា ជាពេលឆ្លុះបញ្ចាំងឱវាទរបស់ព្រះពុទ្ធរួមទាំងភាពចាំបាច់ក្នុងការខិតខំដើម្បីសន្តិភាពនិងយុត្តិធម៌ និងបណ្តុះក្តីមេត្តានិងករុណា ពេលយើងខិតខំរួមគ្នាឆ្ពោះទៅរកអនាគតមួយដ៏ត្រចេះត្រចង់ជាងនេះ»។
ពិធីបុណ្យវិសាខបូជារបស់សាសនាព្រះពុទ្ធត្រូវបានធ្វើឡើងនៅខែឧសភា នៅតាមបណ្តាប្រទេសដែលគោរពសាសនាព្រះពុទ្ធជាចម្បង ដូចជានៅតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ៕