លោក Kerry៖ សហរដ្ឋ​អាមេរិក​រៀបចំ​កិច្ចប្រជុំ​ពិភពលោក​ស្តី​ពី​វិបត្តិ​ជន​ភៀស​ខ្លួន

លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៤៦ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។

កាល​ពី​ថ្ងៃ​សុក្រ លោក​រដ្ឋ​មន្ត្រីការបរទេស​ស.រ.អា.​ John Kerry បាន​អំពាវនាវ​ដល់​ប្រទេស​ជាតិ​នានា​ក្នុង​ពិភពលោក​ឱ្យ​បង្កើនកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ដោះស្រាយវិបត្តិ​ដែល​កើត​ឡើងដោយ​ចំនួនច្រើន​នៃ​ក្រុម​ជន​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម​ដែល​មិន​ធ្លាប់​មាន​ច្រើន​ដូចនេះ​កាល​ពីពេល​មុនៗ ការ​ជួយ​ក្រុម​ជន​រងគ្រោះ​ដោយសារ​វិបត្តិ​សាកល​ឯ​ទៀតៗ​ និង​ឱ្យ​ប្រយុទ្ធប្រឆាំង​នឹង​កំណើន​នៃ​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​នៅ​កម្រិត​ជាមូលដ្ឋានមួយ។

ដោយ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស លោក​ Kerry បាន​ប្រកាស​ថា​ លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​មួយ​នៅ​ឯ​អ.ស.ប.​ក្នុង​បុរី​ញូវយ៉ក នៅ​ពេល​បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​នេះ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​សាកល។​

គោលដៅ​នៃ​សន្និសីទ​នេះ​មាន​ដូចជា​ ការ​បង្កើន​ចំនួន​ប្រទេស​ជាតិ​ដែល​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​ខាង​មនុស្សធម៌​របស់​អ.ស.ប.​ និង​កំណើន​នៃ​ចំនួន​ប្រទេស​ដែល​ចង់​ជួយ​ទទួល​គ្រួសារ​ជន​ភៀស​ខ្លួន​ឱ្យ​ទៅ​តាំង​ទី​លំនៅ​ជា​ថ្មី​ដោយ​សុវត្ថិភាព។

លោក Kerry បាន​មាន​ប្រសាសន៍​ថា «វិស័យ​ឯកជន សង្គម​ស៊ីវិល និង​អង្គការ​សាសនា​ក៏​នឹង​ត្រូវ​បាន​គេ​អំពាវនាវ​ឱ្យ​ជួយ​បញ្ចូល​ក្រុម​ជន​ភៀស​ខ្លួន​ទៅ​ក្នុង​សហគមន៍​ជា​ម្ចាស់​ផ្ទះ​ខាង​សង្គមកិច្ច ខាង​ការ​សិក្សា​អប់រំ​ និង​តាម​រយៈការ​មាន​ការងារ​ធ្វើ​ផង​ដែរ។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា «យើង​ដឹង​ថា​យើង​អាច​ធ្វើ​ដូចម្តេច​អំពី​ការណ៍​នេះ​ក្នុង​វិធី​មួយ​ដែល​ការពារ​សន្តិសុខ​របស់​ប្រទេស​យើង»។

ស.រ.អា.​បាន​ប្រកាស​ផែនការ​ទទួល​ជនភៀស​ខ្លួន​៨ម៉ឺន​៥​ពាន់​នាក់​មិន​ឱ្យ​ហួស​ពី​ខែ​វិច្ឆិកានិង​១សែន​នាក់​នៅ​ឆ្នាំក្រោយ។

លោក​ Kerry ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ និង​សាជីវកម្ម​នៅ​ទូទាំង​ពិភពលោក។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន «លូត​លាស់​ក្នុង​ល្បឿន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ហើយ​បាន​គំរាម​កំហែង​ដល់​ការ​លូតលាស់​សាកល​ថែម​ទៀត​ផង»។

លោក​ Kerry បាន​មានប្រសាសន៍​ថា អំពើ​ពុករលួយ​ក្នុង​រដ្ឋាភិបាល​ជា «កត្តា​មួយ​នាំ​ឱ្យ​មានភាព​ជ្រុល​និយម» ជា «គ្រោះថ្នាក់​សង្គម​មួយ» និង​ជា «កត្តា​បំផ្លាញ​ឱកាស​មួយ»។ វា​បំផ្លាញ​ជំនឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ​ត្រឹមត្រូវ​តាម​ច្បាប់។ ហើយ​គ្មាន​នរណា​ដឹង​ច្បាស់​លាស់​អំពី​ការណ៍​នេះ​ជាង​ពួក​ជ្រុល​និយម​ឃោរឃៅ​ ដែល​ជា​ទៀងទាត់ បាន​ប្រើ​អំពើ​ពុករលួយ​ជា​ឧបករណ៍​មួយ​សម្រាប់​ជ្រើស​រើស​សមាជិក​ពួក​គេ»។

សុន្ទរកថា​នេះ​កាល​ពី​ថ្ងៃ​សុក្រ​បាន​បញ្ចប់​ការ​ប្រជុំ​ពីរ​ថ្ងៃ​របស់​លោក Kerry នៅ​ក្នុង​ក្រុង​ Davos៕