សហរដ្ឋអាមេរិក​និង​ហ្វីលីពីន​បាន​បញ្ចប់​សមយុទ្ធ​យោធា​ធំ​បំផុត

ប្រព័ន្ធ​រ៉ុក្កែត M142 High Mobility Artillery Rocket System (HIMARS) របស់​អាមេរិក​បាញ់​មីស៊ីល​មួយ​គ្រាប់ អំឡុងពេល​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែល​មាន​ឈ្មោះ​ថា «Balikatan» នៅក្នុង​ស្ថានីយ៍​កងទ័ព​ជើងទឹក​ក្នុង​ខេត្ត Zambales ភាគខាងជើង​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ កងយោធា​ស.រ.អ.​បាន​និយាយ​ថាទាហាន​ជិត​១​ម៉ឺន​៨​ពាន់​នាក់​នៃ​ប្រទេស​ទាំង​ពីរបាន​ចូល​រួម​ក្នុង​សមយុទ្ធ​នេះ ​ដែល​ជា​សមយុទ្ធ​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​៣៨​ឆ្នាំ​នៃ​សមយុទ្ធ​យោធា។​

នៅ​ក្នុង​ភាសា​ Tagalog ​នៃ​ប្រទេស​ហ្វីលីពីន ​ពាក្យ​ Balikatan​ មាន​ន័យ​ថា​ «ស្មា​ទល់​នឹង​ស្មា»​ ឬ​«រំលែក​បន្ទុក​រួម​គ្នា»។ ពាក្យ​នេះ​កាន់​តែ​ទំនង​ជាង​កាលពី​ឆ្នាំ​ទៅនៅ​ពេល​ទំនាក់​ទំនង​រវាង​សម្ព័ន្ធ​មិត្ត​ដ៏​យូរ​នេះ​ល្អ​ប្រសើរ​ជាង​មុនតាំង​ពី​លោក​ប្រធានាធិបតី ​Ferdinand Marcos Jr.​ បាន​ជាប់​ឆ្នោត។

កាល​ពី​ថ្ងៃ​ទី​២៦​ ខែមេសា​ លោក ​Marcos ​ បាន​មើល​សមយុទ្ធ​នេះ​ដោយ​ផ្ទាល់​ពី​ប៉ម​សង្កេត​ការណ៍​មួយ​ក្នុង​ក្រុង ​San Antonio ​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ហ្វីលីពីន។​ នៅ​ថ្ងៃ​នោះ កងកម្លាំង​ស.រ.អ.​និង​ហ្វីលីពីន​បាន​ធ្វើការ​ជា​មួយ​គ្នាដោយ​កំណត់​គោល​ដៅ​ និង​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​របស់​ហ្វីលីពីន​ដែល​ឈប់​ប្រើ។

លោក ​Marcos ​បាន​ស្វះស្វែង​កែ​លម្អ​ទំនាក់​ទំនង​ជា​មួយ​ស.រ.អ.​ដែល​រអាក់​រអួល​នៅ​ពេល​លោក​ Rodrigo Duterte ​កាន់​តំណែង​ប្រធានាធិបតី​មុន​លោក​ ​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​ដោយសារ​មាន​កំណើន​ភាព​តានតឹង​ជា​មួយ​ប្រទេស​ចិន​អំពី​បញ្ហា​ដែន​សមុទ្រ​មាន​ជម្លោះ​ក្នុង​តំបន់។​

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​រិះគន់​ខ្លាំង​ដល់​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ «កលល្បិច​ថ្មីៗ​របស់​ចិន​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង»​កាលពី​ដើម​សប្តាហ៍​ចុងក្រោយ​នៃខែមេសាប្រឆាំង​នឹង​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ខ្ពង់រាប​បាត​សមុទ្រ​ Ayungin Shoal។ ​កងឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​ធ្វើការ​យាម​ល្បាត​ក្នុង​សមុទ្រ​ជា​ប្រចាំ។

យន្តហោះ​ប្រភេទ MV-22 Osprey ទាហាន​ម៉ារីន​អាមេរិក ចុះចត​ក្នុង​អំឡុងពេល​សមយុទ្ធ​យោធា​រួមគ្នាមួយ​ដែល​មាន​ឈ្មោះ​ថា «Balikatan» នៅក្នុង​ស្ថានីយ៍​កងទ័ព​ជើងទឹក​ក្នុង​ខេត្ត Zambales ភាគខាងជើង​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ខ្ពង់រាប​បាត​សមុទ្រ​ Ayungin Shoal ​ដែល​គេ​ហៅ​ថា ​Second Thomas Shoal ​ដែរ​នោះ ​ជា​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មួយ​ក្នុង​ប្រជុំ​កោះ ​Spratly។ ​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​រាយ​ការណ៍​ថា​ នាវា​ពីរ​គ្រឿង​នៃ​កងឆ្មាំ​សមុទ្រ​ចិន​ «បាន​ស្ទាក់»​ពួក​គេ​នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ​ ​ហើយ​បាន​ធ្វើ​«កលយុទ្ធ​គឃ្លើន»នៅ​ចម្ងាយ​តែ​៤៦​ម៉ែត្រ​ពី​នាវា​ពួក​គេ។​

ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ទទូច​ថា​ បាតុភាព​ហៀប​មាន​ឧប្បត្តិហេត​នោះ​បណ្តាល​មក​ពី​កង​ឆ្មាំសមុទ្រ​ហ្វីលីពីន​ ហើយ​អះអាង​ថា​ កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ជា​អ្នក​គឃ្លើន។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters រាយ​ការណ៍​ថា​ ប្រទេស​ចិន​បាន​ទាមទារ​អធិប​តេយ្យភាព​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​សឹង​តែ​ទាំងអស់។​ ដែន​សមុទ្រ​នេះ​លាត​សន្ធឹង​ជាង​១​ពាន់​៥​រយ​គ.ម.​ពី​ដែន​ដីគោក​របស់​ចិន​ ហើយ​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​វៀតណាម​ ហ្វីលីពីន ​ម៉ាឡេស៊ី​ ព្រុយណេ ​និង​ប្រទេស​ឥណ្ឌូណេស៊ី។ សេចក្តី​សម្រេច​មួយ​របស់​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦​បាន​បដិសេធ​ខ្សែ​បន្ទាត់​ដែន​សមុទ្រ​នេះ​ថា​ គ្មាន​មូលដ្ឋាន​ខាង​ផ្លូវ​ច្បាប់។​

ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ត្រូវ​បាន​និយាយ​យោង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​ Balikatan កាល​ពី​ថ្ងៃ​សុក្រ​ទី​២៨ ខែ​ខែ​មេសា។​ ​នាយ​អគ្គ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ហ្វីលីពីន​លោក ​Andres Centino ​បាន​កត់​សម្គាល់​ថា​ «លទ្ធផល​ល្អ»​នៃ​សមយុទ្ធ​នេះ​មាន​សារៈ​សំខាន់​ជាង​មុន​ «ដោយ​សារ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន​ និង​ការ​គំរាម​កំហែង​ពិតប្រាកដ»​ដែល​នៅ​តែ​មាន​ក្នុង​តំបន់។​

លោក​ប្រធានាធិបតី​ Marcos ​គ្រោង​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ដើម​ខែ​ឧសភា​ដើម្បី​ជួប​ជា​មួយ​លោក​ Joe Biden ​ប្រធានាធិបតី​ស.រ.អ.។ គេរំពឹង​ថា​ សម្ព័ន្ធភាព​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ជា​បញ្ហា​សំខាន់​បំផុត​ក្នុង​របៀបវារៈ​របស់​លោក​ទាំងពីរ៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ត្រូវបាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារ​ព័ត៌មាន Agence French-Presse។

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ