នៅថ្ងៃអាទិត្យ ជាខួបទី៧៣នៃការវាយប្រហាររបស់ជប៉ុនលើទីតាំងនាវាសហរដ្ឋអាមេរិកនៅកំពង់ផែ Pearl Harbor នៅកោះហាវ៉ៃ ក៏ប៉ុន្តែ ឥឡូវនេះ ទិវានេះ មានភាពអ៊ឹកធឹកតិចតួច។
នៅឆ្នាំ១៩៤១ ប្រធានាធិបតីសហរដ្ឋអាមេរិក Franklin Roosevelt បានប្រកាសការវាយប្រហារនៅថ្ងៃ ទី៧ ខែធ្នូ ថាជាថ្ងៃដែលនឹងនៅរស់ប្រកបដោយភាពទុយ៌ស ដោយសហរដ្ឋអាមេរិក បានប្រកាសសង្គ្រាមប្រឆាំងជប៉ុនមួយថ្ងៃក្រោយមក និងបានចូលក្នុងសង្គ្រាមលោកលើកទី២។ នាវិកអាមេរិកាំងជាង២ពាន់៤រយនាក់ និងទាហានផ្សេងទៀត បានត្រូវសម្លាប់នៅក្នុងការវាយប្រហារទៅលើអ្វីដែលឥឡូវនេះ បានក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិកដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានចេញសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យថាទិវានេះជាទិវារំឮកអនុស្សាវរីយ៍ជាតិ Pearl Harbor ដោយរំឮកឡើងវិញថា ជាជំនាន់មនុស្សដ៏អស្ចារ្យមួយដែលបានបញ្ជូនពលរដ្ឋអាមេរិកាំងរាប់លាននាក់ទៅធ្វើសង្គ្រាមដើម្បីធ្វើឲ្យពិភពលោកមានសុវត្ថិភាព សេរីភាពនិងយុត្តិធម៌កាន់តែខ្លាំងឡើង។
ក៏ប៉ុន្តែ លោកប្រធានាធិបតី មិនមានផែនការចូលរួមពិធីណាមួយដើម្បីរំឭកថ្ងៃនោះទេ។ ការដាក់កម្រងផ្កា បានត្រូវធ្វើឡើងនៅកំពង់ផែ Pearl Harbor ដោយមានអ្នកនៅរស់រានមានជីវិត បានរំឮកឡើងវិញពីការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យនោះ៕