មន្ត្រី​អាមេរិក​ច្រានចោល​ការ​ប្រកូកប្រកាស​របស់​សមាជិក​សភា​ម្នាក់​ដែល​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​ការ​គំរាម​សន្តិសុខ

រូបឯកសារ៖ ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​ស៊ើបការណ៍​សម្ងាត់​លោក Mike Turner ថ្លែង​អំឡុង​សវនាការមួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ២០១៩។

សេតវិមាន​រួមជាមួយ​នឹង​មន្ត្រី​អាមេរិក​កំពូលៗ​ដទៃ​ទៀត​កំពុង​ខ្នះខ្នែង​ធានា​ដល់​សាធារណជន​អាមេរិកាំង ក្រោយពី​សមាជិក​សំខាន់​ម្នាក់​នៃ​រដ្ឋសភា​អាមេរិក​បាន​ប្រកូកប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​អំពី «ការ​គំរាម​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ» ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម។

នៅ​ក្នុង​ការ​ប្រកូកប្រកាស​មិន​ធម្មតា​មួយ​ដែល​ធ្វើ​ឱ្យ​សមាជិក​រដ្ឋសភា​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​ស៊ើបការណ៍​សម្ងាត់​លោក Mike Turner បាន​អំពាវនាវ​ជា​សាធារណៈ​ដល់​លោក​ប្រធានាធិបតី Joe Biden ឱ្យ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ជា​សាធារណៈ​អំពី​ការ​គំរាម​មួយ​ដែល​គេ​មិន​ប្រាប់​ឈ្មោះ ដើម្បី​ឱ្យ​សាធារណជន​អាមេរិកាំង​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​អាច​បង្កើត​ការ​ឆ្លើយតប​បាន។

លោក Turner ដែល​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នេះ បាន​បដិសេធ​បកស្រាយ​បន្ថែម។ ប៉ុន្តែ​នៅ​ក្នុង​សារ​អ៊ីមែល​មួយ​ដែល​លោក​បាន​ផ្ញើ​ទៅ​កាន់​សហការី​របស់​លោក​និង​ដែល​ត្រូវ​បាន​ចែកផ្សាយ​បន្ត​លើ​បណ្តាញ​សង្គម​អនឡាញ​ដោយ​ស្ថាប័ន​សារព័ត៌មាន​នានា លោក​បាន​ហៅ​គ្រោះថ្នាក់​នោះ​ថា​ជា «សមត្ថភាព​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដោយ​យោធា​បរទេស»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ដែល​បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​ពុធ​ថា ការ​គំរាម​នោះ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​លើ​ដែន​អវកាស​ថ្មី​មួយ​របស់​រុស្ស៊ី។

ប៉ុន្តែ មន្ត្រី​អាមេរិក​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ភាព​រសើប​នៃ​ព័ត៌មាន​សម្ងាត់​នេះ បាន​ថ្លែង​ថា គ្រោះថ្នាក់​នេះ​គឺ​សំខាន់ តែ​វា​មិន​បន្ទាន់​នោះទេ៕