អាមេរិក​រំឭក​ខួប​លោក​ Marthin Luther King, Jr

រូបភាព​ឯកសារ​៖ លោក​បណ្ឌិត Martin Luther King Jr., និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​សាធារណៈ Robert Taylor Homes ភាគ​ខាង​ត្បូង​ទីក្រុង​ Chicago នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៥។

ប្រជា​ពលរដ្ឋ​អាមេរិក​នៅ​ទូទាំង​ប្រទេសកំពុង​ឈប់​សម្រាក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សហព័ន្ធ​ ដើម្បីប្រារព្ធ​បុណ្យ​កំណើត​របស់​លោក Martin Luther King, Jr ​មេដឹកនាំ​សិទ្ធិស៊ីវិលដែល​ត្រូវ​បាន​គេ​សម្លាប់។

លោក King ​បាន​ល្បីល្បាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៥៥​ នៅ​ពេល​ដែល​លោក​បាន​ដឹកនាំ​ការ​ធ្វើ​ពិហិការ​មិន​ជិះ​រថយន្ត​ក្រុងបាន​ដោយ​ជោគជ័យ​ក្នុង​ទីក្រុង Montgomery ​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ Alabama ហើយ​បាន​បង្ខំ​ឲ្យ​ទីក្រុង​នោះ​បញ្ចប់ការបែងចែក​រវាង​អ្នក​ដំណើរ​ស្បែក​ខ្មៅ​និង​ស្បែក​ស។ លោក​បាន​ក្លាយ​ជា​ឥស្សរៈជន​នៃ​ចលនា​សិទ្ធិ​ស៊ីវិលនៅ​ក្នុង​ទសវត្សរ៍​១៩៥០ និង​១៩៦០​ ​ដែល​ជំរុញ​លើក​ទឹក​ចិត្តមនុស្ស​រាប់​លាន​នាក់​ដោយ​សារ​សន្ទរកថា​ដ៏​ល្បី​ល្បាញ​របស់​លោក​ “ I have a dream” ​ដែល​មាន​ន័យ​ថា «ខ្ញុំ​មាន​សុបិន្ត​មួយ»​ ក្នុង​ការដើរ​ហែ​ក្បួន​នៅ​ឆ្នាំ​១៩៦៣​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៦៤ ក្នុង​ឆ្នាំ​តែ​មួយ​ដែល​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិស៊ីវិល​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានា​ធិបតី Lyndon Johnson។

លោក King ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខែ​មេសា ​ឆ្នាំ​១៩៦៨​ នៅ​ក្នុង​ទីក្រុង Memphis រដ្ឋ Tennessee ពេល​ដែល​លោក​ធ្វើ​ដំណើរ​ដើម្បី​ជួយការធ្វើ​កូដកម្មរបស់កម្មករ​រើស​សំរាម​ស្បែក​ខ្មៅ​ ដែល​បាន​ស្វះស្វែង​ឲ្យ​មាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា។

ការ​ឈប់​សម្រាក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៣​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Ronald Reagan ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដោយ​កំណត់​យក​ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​៣​ខែ​មករា ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក King ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​១៩២៩។ សភា​បាន​កំណត់​ថ្ងៃ​ឈប់​សម្រាក King ជា​ថ្ងៃ​សេវា​សាធារណៈជាតិ​នៅ​ឆ្នាំ​១៩៩៤ ​ជា​ចំណាត់ការ​មួយ​ដែល​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ជនជាតិ​អាមេរិក​ឲ្យ​ចូលរួម​គម្រោង​សហគមន៍៕