ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​ផ្ដល់​សក្ខីកម្ម​សាធារណៈ​ករណី​លោកត្រាំស្នើ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​លើ​គូ​ប្រជែង​

រូបឯកសារ៖ ប្រធានាធិបតីលោក Donald Trump ថ្លែងនៅអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Minneapolis រដ្ឋ​ Minnesota កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​សាធារណៈ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​ដើម្បី​ស៊ើបអង្កេត​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតីដូណាល់ ត្រាំពី​តំណែងបាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជាង​១១​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ ​

អ្នកតំណាងរាស្ត្រ​នៅ​ក្នុង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​បាន​ស្ដាប់ឮ​ពាក្យ​ពេចន៍​ពី​សាក្សី​បួន​នាក់ ដែល​ក្នុង​ចំណោម​នោះ បី​នាក់​បាន​ស្ដាប់​ឮ​ដោយ​ផ្ទាល់​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតីត្រាំ ជាមួយ​នឹង​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន លោក Volodymyr Zelenskiy។ នៅ​ក្នុង​ការ​សន្ទនា​នោះ លោកត្រាំ បាន​ស្នើ​ឲ្យ​លោក Zelenskiy បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក Joe Biden។

លោក​ឧត្តមសេនីយ៍ Alexander Vindman ដែល​ជា​អ្នកជំនាញ​កំពូល​ទទួល​បន្ទុក​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្ដិសុខជាតិ​របស់​សេតវិមាន និង​ក៏​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​បាន​ផ្ដល់​សក្ខីកម្ម​បាន​ថ្លែង​ថា ការ​សន្ទនា​របស់​លោក ត្រាំ គឺ​ជា​រឿង​«មិន​សមស្រប​និង​មិន​ត្រឹមត្រូវ‍​នោះ​ទេ‍»។

លោកVindman បាន​និយាយ​ថា សំណើ​របស់​លោក ត្រាំ ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​លោក Biden មិន​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្នែក​សន្ដិសុខជាតិ​របស់​អាមេរិក​ទាល់​តែ​សោះ ហើយ​រឿង​នោះ​ក៏​មិនមែន​ជា​ចំណុច​ដែល​លោក Vindman និង​មន្ត្រី​ផ្សេងទៀត បាន​ត្រៀម​ទុក​ជាមុន​សម្រាប់​ឲ្យ​លោកត្រាំពិភាក្សា​នោះ​ដែរ។

អ្នកស្រី Jennifer Williams ដែល​ជា​ទីប្រឹក្សា​កិច្ចការ​បរទេស​របស់​លោក​អនុប្រធានាធិបតី Mike Pence គឺ​ជា​សាក្សី​ម្នាក់​ទៀត​ដែល​បាន​ផ្ដល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​អង្គារ។ អ្នកស្រី​បាន​ស្ដាប់​ឮ​ការ​សន្ទនា​នោះ ហើយ​និយាយ​ថា សំណើ​របស់​លោក ត្រាំ ឲ្យ​ស៊ើបអង្កេត​លើ​លោក Biden គឺ​ជា​រឿង​ខុស​ប្លែក​ពី​ធម្មតា​មួយ ដោយសារ​តែ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស ហើយ​មិនមែន​ជា​គោលនយោបាយ​ការ​បរទេស​នោះ​ទេ។

ចំណែក​សាក្សី​ម្នាក់​ទៀត​គឺ​លោក​ឯកអគ្គរដ្ឋទូត​ Kurt Volker ដែល​ជា​អតីត​បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​អសាធារណៈ​ថា លោក​មិន​ឃើញ​ថា​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ដាក់​សម្ពាធ​របស់​លោក ត្រាំ ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​លោក Biden និង​ការ​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ទឹកប្រាក់​ជិត​៤០០​លាន​ដុល្លារ​នោះ​ទេ។

សាក្សី​ទី​បួន​គឺ​លោក Tim Morrison ដែល​ជា​នាយក​កំពូល​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្ដិសុខជាតិ​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​អង្គារ​ដូចគ្នា​នោះ​ថា លោក​មិន​បាន​ស្ដាប់​ឮ​អ្វី​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក ត្រាំ កាល​ពី​ខែ​កក្កដា​នោះ ថា​ជា​រឿង​ខុសច្បាប់​នោះ​ទេ។

ប៉ុន្តែ​លោក Morrison ថ្លែង​ថា លោក​គិត​ថា ការ​ស៊ើបអង្កេត​លើ​លោក Biden មិន​គួរ​ជា​គោលបំណង​នៃ​គោលនយោបាយនោះ​ទេ៕