ក្រុម​សាសនទូត​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ហៃទី

រូបឯកសារ៖ ស្ថានទូត​អាមេរិក​នៅ​រដ្ឋធានី​ព័រអូប្រាំង (Port-au-Prince) ប្រទេស​ហៃទី ថត​នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

សាសនទូត​អាមេរិកាំង ១៧ នាក់ ដែល​រួម​មាន​ទាំង​កុមារ​ផងដែរ ត្រូវបាន​ក្រុម​ជន​អន្ធពាល​នៅ​ក្នុង​ប្រទេស​ហៃទី​ ចាប់ពង្រត់​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុម​សាសនា​មួយ​ក្រុម​ដែល​ដឹង​អំពី​ហេតុការណ៍​នេះ។

អង្គការ​សាសនា Christian Aid Ministries ដែល​មាន​ទីតាំង​នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក បាន​បញ្ជូន​សារ​ទៅកាន់​បេសកកម្ម​សាសនា​ផ្សេង​ទៀត ដោយ​និយាយ​ថា សាសនទូត​ទាំង ១៧ នាក់​បាន​ជួយ​សាងសង់​កន្លែង​ក្មេង​កំព្រា ​ហើយ​បាន​ចាកចេញ​ពី​ទីកន្លែង​នោះ ​នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​ចាប់​ពង្រត់។

សារ​នោះ​បាន​បញ្ជាក់​ថា ប្រធាន​បេសកកម្ម​សាសនា​និង​ក្រុម​គ្រួសារ​របស់​លោក​ និង​បុរស​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ស្ថិត​នៅ​មូលដ្ឋាន​បេសកកម្ម​សាសនា នៅ​ពេល​ដែល​សាសនទូត​ផ្សេង​ទៀត​ដែល​ទៅ​កន្លែង​ក្មេង​កំព្រា​នោះ ​ត្រូវបាន​គេ​ចាប់​ពង្រត់។ ប្រធាន​បេសកកម្ម​សាសនា​នោះ​ បាន​ជូន​ដំណឹង​អំពី​ការ​ចាប់ពង្រត់​នេះ​ដល់​មន្ត្រី​សហរដ្ឋ​អាមេរិក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ដឹង​អំពី​សេចក្តី​រាយការណ៍​រឿង​ចាប់​ពង្រត់​នេះ។ អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ដូច្នេះ​ថា៖ «សុខុមាលភាព​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិកាំង​នៅ​បរទេស​ គឺជា​អាទិភាព​កំពូល​មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក»។

ការ​ចាប់​ពង្រត់​នេះ​ បាន​កើត​មាន​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហៃទី​ និង​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ១៥ លាន​ដុល្លារ​ទៀត​ដល់​នគរបាល​ជាតិ​របស់​ប្រទេស​ហៃទី​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ដោយ​ក្រុម​ជន​អន្ធពាល៕

ព័ត៌មាន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។