ក្រុម​យោធា​សហរដ្ឋ​អាមេរិក​ព្រមាន​អំពី​ការដក​កងទ័ព​ប្រញាប់​ប្រញាល់​ពេក​ចេញពី​អាហ្វកា​នីស្ថាន

ឧត្តម​សេនីយ៍​ឯក ដេវីត រូឌ្រីហ្គេស

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​គ្រោងនឹង​ប្រកាស​អំពី​ទំហំ​នៃកងទ័ព​អាមេរិក​ដែល​ត្រូវ​ដក​ចេញ​ពី​ប្រទេស​អាហ្វកា​នីស្ថាន​ ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ។ ក្រុម​មេដឹកនាំ​យោធា​សហរដ្ឋ​អាមេរិក​ព្រមាន​ថា​ ការកាត់​បន្ថយមិន​ត្រូវ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ភាពជឿន​លឿន​ទៅ​មុខ ដែល​បាន​កសាងឡើងដើម្បី​ធានា​សន្តិសុខដល់​ប្រទេស​នេះ កាលពី​ឆ្នាំ​កន្លង​ទៅ។

លោក​ឧត្តមសេនីយ៍​ ដេវីត ភេធ្រើស (David Petraeus) មេបញ្ជាការ​កំពូល​របស់​ក្រុម​ចម្រុះ​នៅ​អាហ្វកា​នីស្ថាន គ្រោងនឹងដាក់​ជូន​ ទៅ​សេត​វិមាន​ក្នុង​ពេល​ឆាប់ៗ​នេះ ​នូវ​ជម្រើសនៃ​ការដក​កងទ័ព​ចេញ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​បាន​ប្រកាស​ថា ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​ដក​ចេញ​ពី​អាហ្វកានី​ស្ថាននៅ​ខែ​កក្កដា ក្នុង​ឆ្នាំ​នេះ។ ​លោក​ក៏​ធ្លាប់​បាន​ផ្តល់​សិទ្ធិ​អំណាច​ក្នុង​ការដាក់​ពង្រាយ​កង​ទ័ព​ចំនួន​៣០.០០០​នាក់​បន្ថែម​ ដើម្បីប្រយុទ្ធ​នឹងការងើប​បះបោរ ដោយ​បាន​ធ្វើ​ឲ្យចំនួន​ទាហាន​អាមេរិក​សរុប​នៅ​អាហ្វកានីស្ថាន​ឡើង​ដល់​១០០.០០០​នាក់។

ក្រុម​មន្ត្រី​យោធា ថ្លែង​ថា​កំណើន​នេះបាន​នាំ​ឲ្យ​មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​ផ្នែក​សន្តិសុខ​ នៅ​អតីត​តំបន់​រឹង​មាំរបស់​ពួក​តាលី​បាន។ ប៉ុន្តែ​ក្រុម​មន្ត្រី​បញ្ចកោណ​ និយាយ​ថា ​សមិទ្ធិផលទាំង​នេះ​នៅ​មាន​ភាពផុយ​ស្រួយនិង​អាច​វិល​ទៅ​ស្ថានភាព​ដើម​វិញ។ ពួកគេ​ព្រមាន​ថា ​ការដក​កងទ័ព​ណា​មួយ​គួរ​ធ្វើ​បន្តិច​ម្តងៗ ​និង​ផ្អែក​លើ​ស្ថានភាព​សន្តិសុខនៅ​នឹង​កន្លែង​តែ​ម្តង។

ឧត្តម​សេនីយ៍​ឯក ដេវីត រូឌ្រីហ្គេស (David Rodriguez) ជា​មេបញ្ជាកា​រង​នៃកងកម្លាំង​សហរដ្ឋ​អាមេរិក​នៅ​អាហ្វកា​នីស្ថាន។

«ខ្ញុំ​ព្រួយ​បារម្ភ​អំពី​ការដក​កង​ទ័ពដែល​មិន​ទាន់​សម​ស្រប​ជាមួយ​នឹងសមត្ថភាពរបស់​អាហ្វកានី​ស្ថានដែល​កំពុង​មាន​ ឬ​ការដកចេញ​លឿន​ពេក​ដែល​អាចធ្វើ​ឲ្យ​ក្រុមកងទ័ពនិង​ប៉ូលីស ​ប្រព្រឹត្តកំហុស ឬ​នាំឱ្យ​មានគម្លាត​ជា​បណ្តោះ​អាសន្ន។​ ឥឡូវ​នេះ ​ប្រសិន​បើ​រឿង​នេះ​កើត​ឡើង ពួកតាលីបានអាច​ស្តារ​ឡើង​វិញ​នូវ​មូលដ្ឋាន​ចាស់​របស់​ខ្លួន​ក្នុង​ចំណោមប្រជា​ពលរដ្ឋដែល​នៅ​មាន​ការភ័យ​ខ្លាច»។

លោក​ឧត្តមសេនីយ៍ រ៉ូឌ្រីហ្គេស មាន​ប្រសាសន៍​ថា ​កងកម្លាំង​សន្តិសុខ​អាហ្វកានី​ស្ថានជាង២៨៤.០០០​នាក់ ​ត្រូវ​បាន​ហ្វឹក​ហ្វឺននៅ​ទូទាំង​ប្រទេស ដែល​ជា​ការកើន​ឡើង​ចំនួន៥០ភាគ​រយចាប់​តាំង​ពី​ឆ្នាំ​២០០៩។

ការហ្វឹក​ហ្វឺន​កង​កម្លាំង​អាហ្វកានីស្ថានមាន​សារៈ​សំខាន់​សម្រាប់​សម័យ​អន្តរ​កាល ​ដោយ​ការគ្រប់​គ្រង​ផ្នែក​សន្តិសុខ​នៅ​តាម​បណ្តា​ទីក្រុង​និង​ខេត្ត​ចំនួន​៧​របស់​អាហ្វកានីស្ថាន​ នឹង​ត្រូវ​ផ្ទេរ​ពី​កង​កម្លាំង​បរទេស​ទៅ​ឲ្យ​កង​កម្លាំង​តាម​មូលដ្ឋាន ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ។

«យើង​ត្រូវ​តែ​ជំរុញ​ដៃ​គូ​អាហ្វកានីស្ថាន​របស់​យើងឲ្យ​ចាប់​ផ្តើម​ដឹកនាំ​កាន់តែ​ច្រើន​ឡើងៗ។ ក្នុង​ន័យ​នេះ ​យើង​ត្រូវតែ​ហ៊ាន​ប្រថុយ ហើយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ពួក​គេ​កាន់​តែ​ខ្លាំង»។

ខណៈ​ពេល​ដែល​កង​កម្លាំង​អន្តរ​ជាតិ​ខិត​ខំ​កសាង​កម្លាំង​អាហ្វកានីស្ថាន ​អំពើ​ហិង្សា​មិន​បាន​ថយ​ចុះ​នោះ​ទេ។ ពួក​តាលីបាន ​បាន​បើក​យុទ្ធនាការ​វាយ​ប្រហារ និងបំភិត​បំភ័យ​ ដែល​លោក​ឧត្តសេនីយ៍ រ៉ូឌ្រីហ្គេស ថ្លែង​ថា ទង្វើ​នោះ​ធ្វើ​ឡើង​សំដៅ​បំផ្លាញ​ការជឿ​ទុក​ចិត្តរបស់ពលរដ្ឋ​អាហ្វកានីស្ថានទៅ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាលក្នុង​ការ​ការ​ពារ​ប្រជាពលរដ្ឋ។

សហរដ្ឋ​អាមេរិក ​និង​អង្គការ​អូតង់​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​សង្ឃឹម​ថា​នឹង​ឲ្យ​កងទ័ព​ប្រយុទ្ធ​ទាំង​អស់​របស់​អន្តរ​ជាតិ​ចេញ​ពី​អាហ្វកានីស្ថាន នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៤​ ដោយ​កង​កម្លាំង​អាហ្វកានីស្ថាន​មាន​លទ្ធភាព​គ្រប់គ្រង​សន្តិសុខនៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ថ្លែង​ថា ក្រុម​សម្ព័ន្ធ​មិត្ត​ មិន​ទាន់​ច្បាស់​អំពី​គោល​ដៅ​ក្នុង​តំបន់​ក្រោយ​ឆ្នាំ​២០១៤​ ដែល​ពួកគេ​និយាយ​ថា​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​អាហ្វកានី​ស្ថាន​ ជាពិសេស​គឺ​ប្រទេស​ប៉ាគីស្ថាន។

លោកដេវីត បាណូ (David Barno) ឧត្តមសេនីយ៍​ឯក​ចូល​និវត្តន៍​ ដែល​ធ្លាប់​បម្រើការ​នៅ​អាហ្វកានី​ស្ថាន ហើយ​បច្ចុប្បន្ន​ជាអ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​មជ្ឈ​មណ្ឌល​សម្រាប់​សន្តិសុខអាមេរិក​ថ្មី ​(Center for a New American Security)។

លោក​ថ្លែង​ថា កងកម្លាំង​ចំនួន​ពី​២៥.០០០​នាក់ដល់​៣៥.០០០​នាក់​គួរ​រក្សា​ទុក​នៅ​អាហ្វកា​នី​ស្ថានក្រោយ​ឆ្នាំ​២០១៤ ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​អាល់កៃដា ហើយ​ក៏​ប្រហែល​ជា​អាច​ប្រយុទ្ធ​នឹងពួក​តាលី​បាន​ដែល​នៅសេស​សល់។

«សហរដ្ឋ​អាមេរិកត្រូវការ​វត្តមាន​យោធា​យូរ​អង្វែង​ក្នុង​ទ្រង់​ទ្រាយ​តូច​នៅ​ក្នុង​ផ្នែក​នេះ​របស់​ពិភព​លោក។ ការណ៍​នោះបញ្ជូន​សារ​ច្បាស់​លាស់​ថា យើង​នឹង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ជានិច្ច»។

ការ​ពិចារណា​មួយ​ទៀតសម្រាប់​សេត​វិមាន​នោះគឺ​ការចំណាយទៅ​លើ​សង្រ្គាមនៅ​អាហ្វកា​នី​ស្ថាន ដែល​បច្ចុប្បន្ន​នេះ មាន​ទឹក​ប្រាក់​ចំនួន​ជាង​១០០ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ។

បើ​ពិនិត្យ​មើល​ពី​ស្ថានភាព​ដ៏​លំបាក​ផ្នែក​សេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេរិ​ក​ និង​ការសម្លាប់​មេដឹកនាំអាល់កៃដា ​ឈ្មោះ ​អូសាម៉ា ​ប៊ិនឡាដិន ​សមាជិក​សភា​មួយ​ចំនួនកំពុង​អំពាវ​នាវ​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វកានី​ស្ថាន​ឲ្យ​បាន​លឿន៕

ប្រែសម្រួល​ដោយ លី​ សុខឃាង