ក្រុមមេបញ្ជាការកងទ័ពជើងគោក កងទ័ពជើងអាកាស កងទ័ពជើងទឹក និងកងទាហានម៉ារីនអាមេរិកាំង កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកបដោយសារមុតមាំមួយ ថ្កោលទោសទៅលើភាពមិនចេះអត់ធ្មត់ និងការប្រកាន់ពូជសាសន៍ បន្ទាប់ពីការធ្វើបាតុកម្មតាមកន្លែងផ្សេងៗនៅក្រុង Charlottesville រដ្ឋ Virginia បានបណ្តាលឲ្យមានមនុស្សស្លាប់មក។ ក្រុមអ្នករៀបចំ និងអ្នកចូលរួមនៅក្នុងបាតុកម្មលើកដំបូងគេ គឺជា ក្រុមជនប្រកាន់គោលជំហរប្រកាន់ពូជសាសន៍ និងជាក្រុមជនស្បែកសជាតិនិយម។
អ្នកជំនាញផ្នែកយោធា និងយោធាចូលនិវត្តន៍មួយចំនួននិយាយថា នេះជាសារដ៏សំខាន់មួយសម្រាប់អ្នកបម្រើការនៅក្នុងជួរយោធា។
លោក Peter Mansoor វរសេនីយ៍ឯកកងទ័ពជើងគោកអាមេរិកាំង ចូលនិវត្តន៍មួយរូប និងជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រយោធានៅសាកលវិទ្យាល័យ Ohio State បាននិយាយថា៖
«ខ្ញុំគិតថា វាជាការសំខាន់ សម្រាប់មេបញ្ជាការយោធាក្នុងការប្រកាសពីអ្វីដែលបានកើតឡើង និងជាការសំខាន់សម្រាប់ពួកគេក្នុងការបង្ហាញថា ករណីដែលប្រជាពលរដ្ឋចេញមុខមកគាំទ្រវប្បធម៌របស់ពួកគេនៅក្នុងទីក្រុង Charlottesville គឺមិនមានសោះឡើយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់យើង។ នេះមិនមែនជាវប្បធម៌ (យោធា) របស់យើងទេ»។
លោក Steven Leonard វរសេនីយ៍ឯកកងទ័ពជើងគោកអាមេរិកាំងចូលនិវត្តន៍ ដែលនាពេលបច្ចុប្បន្ននេះជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Kansas (University of Kansas School of Business) បាននិយាយថា សារពីសំណាក់ក្រុមមេបញ្ជាការយោធាគឺ មានលក្ខណៈច្បាស់លាស់។ លោកបានមានប្រសាសន៍ថា៖
«ប្រសិនបើអ្នកមិនអាចគោរពតាមតម្លៃរបស់អង្គភាពរបស់យើងនោះទេ នោះអ្នកក៏មិនអាចមានតំណែងនៅក្នុងជួរយោធានោះដែរ»។
លោក Leonard ក៏ជាអ្នកគ្រប់គ្រងប្លុកដ៏មានប្រជាប្រិយភាពមួយឈ្មោះថា Doctrine Man និងវេទិកាបណ្តាញសង្គម ដែលពិភាក្សាពីបញ្ហាយោធា និងយោធិនចូលនិវត្តន៍ផងដែរ។
ក្រសួងការពារជាតិអាមេរិកបានដាក់បម្រាមហាមឃាត់ការគាំទ្រយ៉ាងសកម្មណាមួយទៅលើបុព្វហេតុរបស់ក្រុមជនដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេ ក្រុមជនជ្រុលនិយម និងក្រុមជនអន្ធពាល។ ការប្រព្រឹត្តដូចនេះអាចនាំឲ្យមានការដកចេញពីជួរយោធា។
ខណៈដែលយោធាគឺជា សហគមន៍ដែលបញ្ច្រាបចូលសង្គមដ៏ខ្លាំងក្លាមួយនៅក្នុងសហរដ្ឋអាមេរិក បញ្ហានៃក្រុមជនជ្រុលនិយមក៏មានកើតឡើងផងដែរ។ មេដឹកនាំមួយចំនួននៃក្រុមជនប្រកាន់ពូជសាសន៍នាពេលបច្ចុប្បន្នធ្លាប់បានបម្រើការនៅក្នុងជួរយោធាពីមុនមក ហើយយោធិនចូលនិវត្តន៍មួយចំនួនធ្លាប់បានប្រព្រឹត្តបទល្មើសស្អប់គុំគួន និងបំភិតបំភ័យនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
យោធាបានទទួលស្គាល់ថា ខ្លួនក៏មានបញ្ហានេះកើតឡើងដែរ។ ជាពិសេស បន្ទាប់ពីយោធិនចូលនិវត្តន៍លោក Timothy McVeigh បានបំផ្ទុះអគាររដ្ឋាភិបាលសហព័ន្ធមួយក្នុងក្រុង Oklahoma City រដ្ឋ Oklahoma ក្នុងឆ្នាំ ១៩៩៥ ដោយបានសម្លាប់មនុស្ស ១៦៨នាក់។ បន្ទាប់ពីនោះមក ក្រសួងការពារជាតិអាមេរិកបានបើកយុទ្ធនាការមួយបណ្តេញជនសកម្មប្រយុទ្ធចេញពីជួរយោធា។
ហើយយុទ្ធនាការនេះទទួលបានលទ្ធផលវិជ្ជមាន។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គការ Southern Poverty Law Center ដែលតាមដានក្រុមស្អប់គុំគួននៅសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងរយៈពេលតិចជាងមួយទសវត្សរ៍មកនេះ ដំណើរការវិវត្តទៅមុខនេះបានថមថយទៅវិញ ពីព្រោះយោធាបានបន្ធូរបន្ថយលក្ខខណ្ឌក្នុងការជ្រើសរើសទាហានថ្មី ដើម្បីបំពេញតម្រូវការ ពេលដែលសហរដ្ឋអាមេរិកធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ នេះបើយោងទៅតាមរបាយការណ៍ឆ្នាំ ២០០៦ និង២០១២ របស់អង្គការ Southern Poverty Law Center នេះ។
លោក Peter Mansoor បាននិយាយថា៖ «យោធាគឺជា ការឆ្លុះបញ្ចាំងមួយពីសង្គមអាមេរិក» ដែលនេះមានន័យថា យោធាមានសមាជិកដែលប្រវត្តិផ្សេងៗគ្នា និងមានជំនឿខុសៗគ្នា។ លោកបានបន្តថា៖ «នៅពេលដែលយើងមានបុគ្គលថ្មីម្នាក់ចូលមក បុគ្គលនោះអាចកើតនៅក្នុងសង្គមជនអន្ធពាល ឬសង្គមជនស្បែកសជាតិនិយមជាដើម»។
ក្រុមជនអន្ធពាល និងក្រុមជនស្បែកសជាតិនិយមមួយចំនួននៅសហរដ្ឋអាមេរិក បានជំរុញឲ្យសមាជិករបស់ខ្លួនចូលបម្រើការក្នុងជួរយោធា ជាពិសេសនៅក្នុងកងទាហានជើងគោក និងកងម៉ារីន។ នេះបើយោងទៅតាមការសិក្សារបស់អង្គការ Southern Poverty Law Center។ ក្រុមជនជាតិនិយមមួយចំនួនគាំទ្រ «សង្គ្រាមពូជសាសន៍» ប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ជនជាតិជ្វីព និងក្រុមជនភាគតិចដទៃទៀត ហើយពួកគេចង់បានសមាជិកមានអាវុធ និងបទពិសោធន៍ផ្នែកយុទ្ធសាស្ត្រ។
លោក Leonard បាននិយាយថា៖ «ពួកគេបានធ្វើដូចនេះអស់រយៈពេលរាប់ឆ្នាំមកហើយ។ ហើយក្រុមជនអន្ធពាលក៏បានធ្វើដូចនេះផងដែរ។ លោកបានបន្តថា៖ «តើអ្នកអាចទទួលបានជំនាញទាំងនោះពីកន្លែងណាទៀត?»។
ប៉ុន្តែការណ៍នេះបានបង្កជា បញ្ហាប្រឈមមួយ។ សមាជិកយោធាណា ដែលមានការប្តូរផ្តាច់ជាមួយនឹងក្រុមស្អប់គុំគួន ឬក្រុមជនអន្ធពាលគឺទំនងជានឹងរក្សាភាពស្ងៀមស្ងាត់។
លោក Leonard បាននិយាយថា៖ «ប្រសិនបើពួកគេមិនបង្ហាញខ្លួន តើអ្នកអាចធ្វើអ្វីបានទៅ?»។
ទោះបីជាការហ្វឹកហាត់របស់យោធាសង្កត់ធ្ងន់ទៅលើភាពអត់ធ្មត់ក៏ដោយ ក៏លោក Mansoor បានកត់សម្គាល់ថា វាមិនអាចទៅរួចក្នុងការ «បង្ហាត់បង្រៀន» ឲ្យពួកគេបោះបង់ចោលជំនឿមិនល្អនោះ។ លោកបានបន្តថា៖ «អ្នកត្រូវតែរៀនសម្របជាមួយនឹងវាពីមួយថ្ងៃទៅមួយថ្ងៃ និងបង្ហាញតម្លៃជាគំរូនៅពេលណាឱកាសផ្តល់ឲ្យ»។
លោក Mansoor ដែលបានបម្រើការជាមេបញ្ជាការកងពលមួយនៅអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣ បាននិយាយថា ការធ្វើដូចនេះមានសារៈសំខាន់។ លោកបាននិយាយថា៖
«ប្រសិនបើអ្នកមានការបែងចែកនៅក្នុងជួរយោធា ដោយផ្អែកលើពណ៌សម្បុររបស់បុគ្គលណាម្នាក់ ឬជំនឿ ឬភេទរបស់ជននោះ វាហាក់ដូចជាជំងឺមហារីកមួយដែលកំពុងរីករាលដាល និងបង្កឲ្យមានការបែកបាក់ ហើយនៅទីបំផុតវានឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការប្រយុទ្ធរបស់កងទាហាន»។
អតីតមេបញ្ជាការនានាបាននិយាយថា ដោយសារតែហេតុនេះហើយបានជា មេបញ្ជាការបង្វឹកកងទាហានតាំងពីដើមទីមក ដើម្បីឲ្យក្លាយជាកងកម្លាំងរួមមួយ បើមិនដូច្នេះទេ កងទាហាននឹងចុះខ្សោយ។
សរុបមក ខណៈដែលប្រហែលមានក្រុមជនស្បែកស ដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេនៅក្នុងជួរយោធា យោធាអាមេរិកបានក្លាយជាទីប្រជុំពលរដ្ឋជាតិសាសន៍លាយគ្នាច្រើនជាងគេបង្អស់មួយនៅក្នុងប្រទេសចាប់តាំងពីយោធាត្រូវបានធ្វើការរួមបញ្ចូលកាលពីជិត ៧០ឆ្នាំមុន។ ទាហានបម្រើការ ដែលមានប្រវត្តិផ្សេងៗគ្នា រស់នៅ និងធ្វើការនៅលើនាវា និងក្នុងបន្ទាយ ខណៈដែលការស្នាក់អាស្រ័យ និងការរៀនសូត្រសម្រាប់គ្រួសារពួកគេលាតត្រដាងឲ្យឃើញពីពលរដ្ឋគ្រប់ជាតិសាសន៍ក្នុងសហរដ្ឋអាមេរិក។
អ្នកស្រី Margaret Witt ដែលជានាយឧត្តមសេនីយ៍កងទ័ពជើងអាកាសចូលនិវត្តន៍ ដែលត្រូវគេបញ្ឈប់ការងារ ដោយសារតែជម្រើសផ្លូវភេទរបស់អ្នកស្រី បាននិយាយថា «យើងអាចជាឧបករណ៍ល្អក្នុងការធ្វើជាពលរដ្ឋល្អម្នាក់»។ ឥឡូវនេះអ្នកស្រីបម្រើការជាអ្នកព្យាបាលផ្នែកកាយសម្បទាឲ្យការិយាល័យគ្រប់គ្រងយោធិនចូលនិវត្តន៍ក្នុងក្រុង Portland រដ្ឋ Oregon។ ការឈ្នះការប្តឹងផ្តល់ក្នុងរឿងក្តីរើសអើងរបស់អ្នកស្រី បានត្រួសត្រាយផ្លូវឲ្យក្រសួងការពារជាតិអាមេរិកអនុញ្ញាតឲ្យបុរស និងស្ត្រី ដែលស្រឡាញ់ភេទដូចគ្នា ចូលបម្រើការនៅក្នុងជួរយោធាបាន។
អ្នកស្រីបាននិយាយថា «យោធាពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការជំរុញទៅមុខលើបញ្ហាភាពអត់ធ្មត់នេះ» ដែលរួមមានការទទួលយកបុរស និងស្ត្រី ដែលស្រឡាញ់ភេទដូចគ្នា ទោះបីជា វាត្រូវការពេលវេលាដើម្បីផ្លាស់ប្តូរឥរិយាបថនៅក្នុងស្ថាប័នដ៏ធំមួយនេះក៏ដោយ។
លោក Leonard និយាយថា យោធាពិតជាបានសម្របទៅនឹងការផ្លាស់ប្តូរក្នុងសង្គម ដោយសារតែអ្វីដែលសំខាន់នោះ គឺសមត្ថភាពរបស់ទាហានបម្រើការទៅវិញទេ។
លោកបាននិយាយថា៖ «តើអ្នកអាចបំពេញតូនាទីរបស់អ្នកបានទេ នៅពេលមានការបាញ់បោះទៅវិញទៅមក?»។ លោកបានបន្តថា ប្រសិនបើអ្នកមិនអាចធ្វើបាននោះទេ «អ្នកនឹងធ្វើឲ្យជីវិតអ្នកដទៃជួបគ្រោះថ្នាក់ហើយ»៕
ប្រែសម្រួលដោយណឹម សុភ័ក្ត្របញ្ញា