ទឹកជំនន់ដ៏កម្រនៅរដូវរងារបានសម្លាប់មនុស្សចំនួន១៣នាក់ និងបានបំផ្លិចបំផ្លាញលំនៅដ្ឋានជាច្រើនខ្នងនៅរដ្ឋ Missouri ដែលស្ថិតនៅប៉ែកខាងលិចភាគកណ្តាលនៃសហរដ្ឋអាមេរិក។ រដ្ឋ Missouri បានទទួលរងទឹកភ្លៀងយ៉ាងខ្លាំងក្លាជាងសព្វដងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។
លោកJay Nixon អភិបាលរដ្ឋ Missouri បានប្រកាសអាសន្ននិងបានស្នើឲ្យក្រុមយាមល្បាតជាតិជួយសង្រ្គោះស្ថានភាពដែលលោកហៅថាជា «ទឹកជំនន់ដ៏គ្រោះថ្នាក់និងមានលក្ខណៈប្រវត្តិសាស្រ្ត»។
ទឹកជំនន់នេះបានបង្ខំឲ្យផ្អាកដំណើរការផ្នែកមួយចំនួននៃផ្លូវ highway ឆ្លងរដ្ឋចំនួន២ខ្សែ និងកំណាត់ផ្លូវជិត៥០០ខ្សែនៅតំបន់ផ្សេងទៀតក្នុងរដ្ឋនេះ។ កាលពីថ្ងៃអង្គារលោក Nixon បានស្នើឲ្យអ្នកបើកបរយានយន្តទាំងអស់ចៀសវាងបើកបរលើផ្លូវណាដែលលិចទឹក។
លោក Nixon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ភាគច្រើននៃមនុស្សដែលបានស្លាប់ គឺដោយសារតែពួកគេបើកចូលក្នុងទឹក ជាពិសេសគឺនៅពេលយប់។
រដ្ឋ Missouri បានទទួលរងភ្លៀងខ្លាំងរយៈពេលប៉ុន្មានថ្ងៃពីព្យុះសង្ឃរាមួយដែលបានបង្កជាខ្យល់ព្យុះនៅក្នុងរដ្ឋផ្សេងទៀតដែលស្ថិតនៅប៉ែកខាងលិចភាគកណ្តាលនិងប៉ែកខាងត្បូង ហើយបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ផងដែរ។ ទឹកភ្លៀងបានបន្តទៅតំបន់ផ្សេងទៀត ប៉ុន្តែក្រុមមន្រ្តីបានព្រមានថា ទឹកជំនន់នឹងនៅតែបន្តកើនឡើង៕