តំណាងរាស្រ្ត​អាមេរិក​មាន​សុទិដ្ឋិនិយម​ក្រោយ​ពី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​កម្ពុជា​ឡើង​វិញ

Vinnitsa shahriga hujumda halok bo’lganlarning soni 20 nafardan oshdi. O’nlab odam yaralangan. Qurbonlar orasida uch bola ham bor. Ukraina, 14-iyul, 2022.

អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​សម្តែង​សុទិដ្ឋិនិយម​ថា​សេចក្តីស្នើ​ច្បាប់​ដែល​ទើប​បាន​​ស្នើ​ឡើង​ជាថ្មី​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​អនុម័ត​​និង​ប្រកាស​​ឱ្យ​ក្លាយ​ជា​ច្បាប់​​បាន​​នៅ​​ក្នុង​នីតិកាល​នេះ។

សេចក្តី​ស្នើ «ច្បាប់ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​‍​នៅ​កម្ពុជា‍» ត្រូវបាន​លោក ថេត យូហូ អ្នកតំណាង​រាស្រ្តប្រចាំ​រដ្ឋ​ផ្លរីដា​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ដាក់ចូល​សភា​តំណាងរាស្រ្ត​ឡើងវិញ​កាលពីដើម​ខែ​មករា។ សេចក្តី​ស្នើ​ច្បាប់នេះ​មានការចូលរួម​គាំទ្រ​ដោយ​លោក​អាឡាំង ឡូវឹនសល (Alan Lowenthal)​ អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក​អ៊ីលៀត អ៊ែងហ្កល​ (Eliot Engel) ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​ជាប្រធាន​គណៈ​កម្មា​ធិការកិច្ច​ការបរទេស​នៃ​សភាតំណាងរាស្ត្រ​និង​លោកម៉ាយឃើល ម៉ាក់ខល (Michael T. McCaul) អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាសនិង​ជា​ប្រធាន​ក្រុម​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស។

សេចក្តីស្នើ​«ច្បាប់ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា‍»​មានគោលបំណង​ដាក់​ទណ្ឌកម្មទិដ្ឋាការនិង​សេដ្ឋកិច្ច​លើ​ជនណាដែល​បាន​ចូលរួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​ចង​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​នឹង​សិទ្ធិ​មនុស្ស។

លោក​ ថេត យូហូ ​ដែល​មកពីគណបក្ស​កាន់អំណាច​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖

«គោល​នយោបាយ​របស់​យើង​គឺ​យើង​ចង់​ធ្វើ​ពាណិជ្ជកម្មដោយ​ឈរ​លើ​មូលដ្ឋាន​យុត្តិធម៌។ ប្រសិន​បើ​ពួកគេ​ចង់​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ ពួកគេ​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ពួកគេ។​ ប្រសិន​បើ​ពួកគេ​មាន​សិទ្ធិ​មនុស្ស​មិន​ល្អ ហើយ​គាប​សង្កត់​ការបោះឆ្នោត​គឺ​ពួកគេ​មិន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ​ហើយ​ដូច្នេះ​សម្ពាធ​នឹង​ដាក់​លើ​ពួកគេ។ លោក​ហ៊ុន សែន​ត្រូវ​តែ​សម្រេច​ថា​គាត់​ចង់​ធ្វើ​អ្វី‍»។​

​សេចក្តី​ស្នើ​ច្បាប់​នេះត្រូវបានលោក​ថេត យូហូ​ស្នើឡើង​ជា​លើកដំបូង​ក្នុងសភា​អាណត្តិមុន​នៅ​ពេល​ដែល​អាជ្ញាធរកម្ពុជា​បង្រ្កាប​លើគណបក្ស​សង្គ្រោះជាតិ អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ។ សេចក្តី​ស្នើ​ច្បាប់នេះដែល​ពេល​មុន​មានលេខ​ថា ​HR5754 ​ត្រូវ​បាន​សភា​តំណាងរាស្ត្របោះឆ្នោតគាំទ្រ​ដោយ​សំឡេង​ឯកច្ឆ័ន្ទ​គឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុនពេល​ដែលកម្ពុជា​រៀប​ចំការបោះឆ្នោត​ជាតិ​ខែកក្កដា​ឆ្នាំ​២០១៨ ប៉ុន្តែបាន​ផុត​សុពល​ភាព ​នៅចុង​ឆ្នាំមុន ដោយសារ​តែព្រឹទ្ធសភា​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ដើម្បី​អនុម័ត។

លោក​ថេត​ យូហូ​បានបន្ថែម​ថា​លោក​មានជំនឿ​ថា​នឹង​ទទួល​បាន​ការគាំទ្រ​ច្រើន​ដូច​គ្នា​ដែរ​នៅ​ឆ្នាំ​នេះ៖​

«កាលពីឆ្នាំមុន​យើង​មានការគាំទ្រ​ច្រើន​ពីគណបក្ស​ទាំងពីរ​ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​ទទួល​បាន​ការគាំទ្រ​ដូចគ្នា​នៅ​ឆ្នាំ​នេះ។ យើង​ក៏​មាន​សេចក្តីស្នើ​ច្បាប់​ដៃគូ​មួយ​ទៀត​នៅ​ក្នុង​ព្រឹទ្ធ​សភា។ សេចក្តី​ស្នើ​ច្បាប់នេះ​ហៀប​នឹង​ទទួល​បាន​ការ​អនុម័ត​ហើយ​កាលពី​អាណត្តិ​មុន​ ដូច្នេះនេះ​ជា​ការ​បង្ហាញ​ថា​សភាអាណត្តិ​នេះ​នឹង​អាច​អនុម័ត​បាន‍»។​

សេចក្តី​ស្នើ​ច្បាប់ថ្មីមួយ​ទៀត​ដែល​ព្រឹទ្ធសភា​ស្នើឡើង​គឺ​ «ច្បាប់ពាណិជ្ជកម្ម​កម្ពុជា‍»​ដែល​បាន​ស្នើ​ឡើង​ដោយ​សមាជិកព្រឹទ្ធសភា​ ថេត គ្រូស នៃ​រដ្ឋ​តិចសាស និង​លោក​គ្រីស ឃូន​ នៃ​រដ្ឋ​ឌែលឡាវែ មាន​គោល​បំណង​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP ​ពីប្រទេស​កម្ពុជា។

លោក​អាឡាំង ឡូវឹនសល នៃ​គណបក្សប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់គ្រង​សភា​តំណាង​រាស្ត្រ​បាន​បញ្ជាក់ថា៖

«យើង​គិត​ថា​ការផ្លាស់ប្តូរ​បន្ទាប់​ដែល​យើង​ចង់បាន​គឺ​ឋានៈអនុគ្រោះពន្ធ​ពាណិជ្ជ​កម្ម​ដែលកម្ពុជា​កំពុង​ទទួល​បាន​និង​ចង់​ចងភ្ជាប់​វា​ទៅ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការរំលោភ​ដោយមិន​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ និង​ប្រជាធិបតេយ្យ‍»។​

លោក ឡូវឹនសល ​យល់​ថា​ក្រៅពីខិតខំអនុម័ត​ច្បាប់នេះ​ អ្នកតំណាងរាស្ត្រក៏​នឹង​ត្រូវ​ប្រាប់​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​ឱ្យ​ប្រកាន់ជំហរ​តឹង​រ៉ឹង​ជាង​ពេល​បច្ចុប្បន្ន​ដាក់កម្ពុជា​ផងដែរ៖​

«ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ដំឡើង​ឋានៈ​នៃ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ជា​អាទិភាព​ខ្ពស់។ ​ខ្ញុំសង្កេត​ឃើញថារដ្ឋបាល​ត្រាំ​ផ្តោតចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច‍»។​

រូបឯកសារ៖ លោក​ Alan Lowenthal​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)

សេចក្តីស្នើ​ច្បាប់នេះ​បាន​ផ្តល់ក្តីសង្ឃឹម​ជាថ្មី​ដល់​សកម្មជន​សហគមន៍​ខ្មែរ​-អាមេរិកាំង​ដែល​ចង់​ឱ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​និងការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេដោយ​សារ​ស្ថានភាព​កាន់តែអាក្រក់ទៅៗ​ក្នុងរយៈពេល​ជាង​ពីរឆ្នាំ​មកនេះ។​

លោក​ជា មាស​អ្នកនាំពាក្យ​នៃ​សាខា​គណបក្ស​សង្គ្រោះជាតិ​សហរដ្ឋ​អាមេរិក ​(CNRP-USA) បានសម្តែង​ក្តី​សង្ឃឹម​ថា​សេចក្តី​ស្នើច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​រួច​នៅ​ក្នុង​ឆ្នាំ​២០១៩នេះដែរ។

«ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​ឥតឧបមា​ដោយសារ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​សហរដ្ឋ​អាមេរិក​មាន​ការ​ងារ​រវល់​នៅក្នុងស្រុក​ច្រើន​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​មិន​អាច​អនុម័ត​ច្បាប់​HR 5754 ​ទាន់ពេល​វេលាដូច្នេះ​ច្បាប់​នេះ​ត្រូវ​ដាក់​ចូល​ក្នុង​សភា​សារជាថ្មី​។ ប៉ុន្តែ​ខ្ញុំ​ថា​ទម្រង់​នៃការ​ងារ​ពីឆ្នាំ​២០១៨​ហ្នឹង​គឺ​សភា​ដែល​បាន​បោះឆ្នោត​ជូនកាលពីឆ្នាំ​២០១៨​គេ​បា​ន​ដឹង​អស់​ហើយ​។ អីចឹង​ខ្ញុំ​មានសុទិដ្ឋិ​និយម។ ខ្ញុំ​មាន​ជំនឿ​មួយ​មុត​មាំ​ថា​សភា​នឹង​អាច​អនុម័ត​បាន​នៅ​ឆ្នាំ​២០១៩​នេះបើ​យោង​តាម​ស្ថានការណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​ប្រែប្រួល‍»។​

រីឯ​ លោកប៉ុន សៅរី អ្នកនាំពាក្យ​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​ (CNRPA) បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​មាន​សេចក្តី​រំភើប​ចំពោះ​ច្បាប់នេះ​ដែល​បាន​ស្នើ​ជាថ្មី​ម្តងទៀត​ដោយ​លោក​សមាជិក​រដ្ឋ​សភា​ថេត យូហូ ​ទៅក្នុង​គណៈកម្មការ​រដ្ឋ​សភាជាតិ​ដើម្បី​ពិនិត្យ​មើល​មុន​នឹង​ដាក់​ចូល​ទៅ​ក្នុង​សភា​ពេញ​អង្គ​អនុម័ត​ជាលើកទីពីរ‍»។​

លោកសៅរី ​មាន​សុទិដ្ឋិនិយម​ថាច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ​ដោយ​សារ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​ខិតខំ​ធ្វើ​សកម្ម​តស៊ូ​មតិ​ជាច្រើន​ដើម្បី​បញ្ចុះបញ្ចូល​អ្នកតំណាងរាស្ត្រ​របស់​ពួកគេ។

រូបឯកសារ៖ លោក ប៉ុន សៅរី អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​អាមេរិក​និង​កាណាដា និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស នៅ​ក្នុង​ការិយាល័យ​VOA ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៩។ (សាយ មុន្នី/ VOA)

សេចក្តីព្រាងច្បាប់​ទាំង​២របស់ព្រឹទ្ធសភា​និង​សភាតំណាងរាស្ត្រសហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើង​តាំងពី​ដើម​អាណត្តិ​ដែល​បាន​ចាប់ផ្តើម​នៅ​ដើម​ខែ​មករា​នេះ ដើម្បី​ឱ្យ​មានលទ្ធភាពដាក់​ទណ្ឌកម្ម​ទាន់ពេលលើប្រទេស​កម្ពុជា​និង​មន្ត្រី​រដ្ឋាភិបាល។ រីឯ​សហភាព​អឺរ៉ុបក៏​កំពុងតែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ (EBA) ដែល​កម្ពុជា​ទទួលបាន​ផងដែរ។ ​អ្នកតំណាងរាស្រ្ត​រំពឹង​ថា​សហភាព​អឺរ៉ុប​នឹង​ចូលរួម​ដាក់ទណ្ឌកម្ម​កម្ពុជា​ផងដែរ។

លោកយ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យបាន​បញ្ជាក់​ថា​គម្រោង​ដាក់ទណ្ឌកម្ម​ដែល​មានទាំងមកពី​ដៃគូពាណិជ្ជកម្ម​ដ៏​ធំ​ទាំងពីរ​របស់​កម្ពុជា​គួរតែ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ដោះស្រាយបញ្ហា​ក្នុង​ប្រទេស​៖

«រដ្ឋាភិបាល​ខ្មែរ​គួរតែ​ស្តាប់​សេចក្តីសំណើរ​បស់​អាមេរិកាំង​និង​អឺរ៉ុប​ពីព្រោះ​គេ​ឃើញ​ថា​យើង​បំពាន​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​នឹង​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ម្ល៉ោះ​ហើយ​គេ​នឹង​គាប​សង្កត់​។ បើ​សិន​ជា​លោក​ហ៊ុន សែន​ចង់​ជួយប្រជារាស្ត្រ​ខ្មែរ​លោក​ហ៊ុន សែន​គួរតែ​អនុវត្ត​លទ្ធិ​ប្រជា​ធិប តេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ​បើមិន​ដូច្នេះ​ទេ​លោក​ហ៊ុន សែន​នឹង​នាំ​ទុក្ខវេទនា​ដល់​ប្រជាជន​ខ្មែរ‍»។​

កាលពី​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ​HR5754 ​ក៏មានការស្នើឡើង​ដោយ​លោក​អេដ រ៉យ ដែល​ពេលនោះ​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ឱ្យ​ដាក់ទណ្ឌកម្ម​មន្ត្រី​មួយ​ចំនួន​នៅ​ជុំ​វិញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​សមាជិកក្រុមគ្រួសារ​ខ្លះ​របស់​លោក។

នៅពេល​នេះ គណបក្ស​សង្គ្រោះជាតិ​យល់ថា​ឧត្តមសេនីយ៍​ចំនួន​១២រូប​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​ហៅថា​«ឧត្តមសេនីយ៍​ទុច្ចរិតទាំង១២នាក់‍»​គួរត្រូវទទួល​ទណ្ឌកម្ម​មុន​គេ។ ឧត្តមសេនីយ៍​ទាំង​១២​នាក់​នោះ​មាន​ដូច​ជា​លោក​គន់ គីម លោក​ម៉ក់ ជីតូ និង​លោក​សុខ ផល​ជាដើម។ បន្ទាប់​មក​ទៀត​គឺ​ក្រុមឧកញ៉ាចំនួន​៤នាក់​ដែល​អង្គការ ​Global Witness ​កំណត់​ថា​បាន​ចូលរួម​រំលោភសិទ្ធិ​មនុស្ស​ក៏​គួរ​តែ​ទទួល​ទណ្ឌកម្ម​ដែរ។ ឧកញ៉ា​ទាំង​នេះមាន​លោក​ម៉ុង ឫទ្ធី លោក​ឡៅ ម៉េងឃីន លោក​លី យ៉ុងផាត់ ​និង​លោក​ទ្រី ភាព​។ ប៉ុន្តែ​បញ្ជី​នេះ​មិន​ចប់​ត្រឹម​នេះ​ទេ។

លោក​ប៉ុន សៅរី ​អ្នកនាំពាក្យ​សាខា​គណបក្ស​សង្គ្រោះជាតិនៅ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

«ឥឡូវនេះ​យើង​ឃើញ​មាន​សកម្ម​ភាព​ធ្វើ​ទុក​បុកម្នេញ​ សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ថ្នាក់មូលដ្ឋាន​តាម​ខេត្ត​មួយចំនួន​....។ អីចឹង​បុគ្គល​ទាំងឡាយ​ណា​ដែល​ទទួលខុសត្រូវ​បញ្ជា​ឱ្យ​ធ្វើ​បាប​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​ឬ​ក៏​ថ្នាក់​ដឹក​នាំសង្គ្រោះជាតិ​នៅមូលដ្ឋាន​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ យើង​នឹង​ស្រាវ​ជ្រាវ​អ្នក​ដែល​នៅ​ក្រោយ​ខ្នង​បញ្ជាឱ្យដាក់​បញ្ចូល​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផងដែរ‍»។​

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​ប្រកាន់ជំហរ​តឹងរ៉ឹង​បើទោះបី​ជាមានសម្ពាធ​ជាច្រើន​។

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​សម័យ​កាល​នៃ​ការ​ដាក់​សម្ពាធពី​ខាងក្រៅ​គឺ​ក្លាយជា«រឿងអតីតកាល‍»​ហើយ។

«យើង​យល់​ឃើញ​ថា​សម័យ​កាល​នេះ​ជា​សម័យ​កាលជជែក​គ្នា​។ សម័យ​កាល​សហប្រតិ​បត្តិ​ការ​ហើយ​សហរដ្ឋ​អាមេរិក​អ្នកនយោបាយ​ជើង​ថ្មីនោះយល់​ឃើញ​ថាគេ​ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​នៃ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​គឺ​យល់​ច្រឡំ​ហើយ‍»។​

សហរដ្ឋ​អាមេរិក​បាន​បន្ត​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​មួយ​ចំនួនក្រោយពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិដែល​គណបក្ស​កាន់អំណាច​ឈ្នះ​យក​អាសនៈសភា​ទាំង​១២៥៕