វិស័យ​កម្មន្តសាល​អាមេរិក​​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ខែ​កក្កដា

រូបឯកសារ៖ កម្មករម្នាក់ចូលរួមក្នុងការផលិតមួករបស់ក្រុមហ៊ុន Bollman Hat នៅទីក្រុង Adamstown រដ្ឋ Pennsylvania ។

សកម្មភាព​ផលិតកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ជាង​ការរំពឹងទុក​កាលពី​ខែមុន។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​សន្ទស្សន៍ឧស្សាហកម្ម​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍។ ការធ្លាក់​ចុះកាន់តែ​ខ្លាំង​នាពេល​ថ្មីៗ​នេះ​ដោយសារ​តម្រូវការ​បន្ត​ធ្លាក់​ចុះ​និង​ការផ្គត់ផ្គង់​ធ្លាក់ចុះ។

សន្ទស្សន៍​ផលិតកម្ម​របស់​វិទ្យាស្ថាន​សម្រាប់​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ (ISM) ​គឺ​មាន​៤៦,៨​ ភាគរយ​នៅក្នុង​ខែកក្កដា​ ដោយ​ធ្លាក់​ចុះ​ចំនួន​១,៧​ភាគរយធៀប​នឹង​ខែ​មុន។

ព័ត៌មាន​ស្តី​ពី​ការធ្លាក់ចុះ​នៃវិស័យ​កម្មន្តសាល​របស់​សហរដ្ឋ​អាមេរិក​នឹង​អាច​ជំរុញ​ដល់​ការ​លើក​ឡើង​ដោយ​ប្រធាន​ធនាគារ​កណ្តាល​លោក​Jerome Powell​ កាលពី​ថ្ងៃពុធ​ដែល​ថា​ធនាគារ​កណ្តាល​អាមេរិក​អាច​កាត់បន្ថយ​អត្រា​ការប្រាក់​ជាលើក​ដំបូង​របស់ខ្លួន​នៅ​ត្រឹម​ខែកញ្ញា។