សហរដ្ឋ​​អាមេរិក​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​លក់​អាវុធ​ឲ្យ​វៀតណាម

  • Cindy​ Saine​

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ចាប់ដៃ​ស្វាគមន័​គ្នានៅ​វិមាន​ប្រធានាធិបតី​របស់​វៀតណាម នៅ​ទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​និយាយ​ថា ​ការ​សម្រេច​អនុញ្ញាត​លក់​អាវុធ​ទៅ​ឲ្យ​វៀត​ណាម​មិនមែន​ដោយ​សារ​បញ្ហា​ចិន​ទេ ទោះជា​ពួក​អាជ្ញាធរ​ចិន​ទំនង​មិន​ទទួល​យក​ការ​បកស្រាយ​នោះ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ​សហរដ្ឋ​អាមេរិក​ និង​វៀត​ណាម​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​អតីត​សត្រូវ​ទាំងពីរ ​ដោយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បញ្ចប់​ទណ្ឌកម្ម​មិន​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​វៀតណាម។​

លោក បារ៉ាក់ ​អូបាម៉ា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ពិធី​ត្រួតពល​វៀតណាម​ ដែល​ជាផ្នែក​មួយ​នៃ​ពិធី​ស្វាគមន៍​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១របស់​លោក​ទៅ​កាន់​ប្រទេស​នោះ។

ក្រោយមក លោក​ អូបាម៉ា បាន​ប្រគល់​អំណោយ​ដែល​វៀតណាម​ចង់​បាន​ជា​ទីបំផុត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ គឺ​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​លក់​អាវុធ​ឲ្យ​វៀតណាម។

វៀត​ណាម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​របស់​អាមេរិក​ ដើម្បី​លុប​ចោល​ទាំងស្រុង​នូវ​ការ​ហាម​ឃាត់​ការ​លក់​អាវុធ​ប្រល័យ​ជីវិត​ឲ្យ​វៀត​ណាម​ដែល​ជា​ភស្តុតាង​ដ៏​ច្បាស់​លាស់​ថា ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រក្រតី​ឡើង​វិញ។

វៀតណាម​បាន​ប្រយ័ត្ន​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​ទាមទារ​សមុទ្រ​ដោយ​ចិន ​ដែល​ជា​ប្រទេស​ជិត​ខាង​ខ្លួននៅ​ភាគ​ខាង​ជើង​ដែល​ធំ​ជាង​ខ្លួន​២៩​ដង។

ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​តានតឹង​រវាង​រដ្ឋាភិបាល​កុម្មុយនិស្ត​ទាំង២​ក្នុង​ក្រុង​ហាណូយ​ និង​ក្រុង​ប៉េកាំង។

ប៉ុន្តែ ​លោក​ប្រធានា​ធិបតី ​អូបាម៉ា ​និយាយ​ថា ​ការ​សម្រេច​អនុញ្ញាត​លក់​អាវុធ​ទៅ​ឲ្យ​វៀត​ណាម​មិនមែន​ដោយ​សារ​បញ្ហា​ចិន​ទេ ទោះជា​ពួក​អាជ្ញាធរ​ចិន​ទំនង​មិន​ទទួល​យក​ការ​បកស្រាយ​នោះ​ក៏​ដោយ។

លោក​ថា៖ «ដោយ​សារ​កិច្ច​ការ​ដែល​យើង​ខិត​ខំ​ធ្វើ​ជាមួយ​គ្នា​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​សន្តិសុខ ​និង​មនុស្សធម៌ ​វា​ជា​ការ​ត្រឹមត្រូវ ក្នុង​ការ​លុប​ចោល​ការ​ហាមឃាត់​ការ​លក់​អាវុធ​ទាំងស្រុង​នោះ‍»។

ប្រទេស​ទាំងពីរ​ទទួល​ស្គាល់ថា ​ខ្លួន​មាន​ការ​ខ្វែង​គំនិត​ក្នុង​បញ្ហា​សំខាន់ៗ​ដូចជា​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិនល្អ​របស់​វៀតណាម​ជាដើម។

នៅ​ថ្ងៃ​អង្គារ ​លោក​ អូបាម៉ា​ ត្រូវ​គេ​រំពឹង​ថា នឹង​ជួប​ជាមួយ​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិលក្នុង​រដ្ឋ​ធានី​ហាណូយ​ មុនពេល​ចាក​ចេញ​ទៅ​កាន់​ក្រុង​ហូជីមិញ ​ដែល​ដំណើរ​ទស្សនកិច្ច​នៅ​ទីនោះ​ទំនង​ផ្តោត​លើ​ចំណង​ទាក់ទង​ពាណិជ្ជកម្ម។

សេតវិមាន ​ឲ្យ​ដឹង​ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ជិត​៣ដង​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ ​ហើយ​ឥឡូវនេះ​ឡើង​ដល់​៤៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន