សមាជិករដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធនេះលើសេចក្តីព្រាងច្បាប់ព្យួរកម្រិតខ្ចីប្រាក់ ដែលនៅសល់ពេលមិនដល់មួយសប្តាហ៍ផង មុននឹងរដ្ឋាភិបាលអស់លុយយកទៅសងបំណុលរបស់ខ្លួន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានរដ្ឋសភា លោក Kevin McCarthy កំពុងស្វះស្វែងប្រមូលការគាំទ្រកិច្ចព្រមព្រៀងដែលមានការសម្រុះសម្រួលគ្នាដែលមានរួមការកាត់បន្ថយការចាយវាយដែលគណបក្សសាធារណរដ្ឋបានទាមទារ។
ដោយសារគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនស្តួចស្តើង ក្នុងរដ្ឋសភា ហើយគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្តួចស្តើងក្នុងព្រឹទ្ធសភា ហើយក្រុមផ្សេងៗរបស់គណបក្សទាំងពីរ មិនសប្បាយចិត្តចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ គេមិនដឹងថាតើនឹងមានការគាំទ្រគ្រប់គ្រាន់ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នោះ ទទួលបានការអនុម័ត ឬទេ។
គណៈកម្មាធិការចាត់ចែងវិន័យរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នោះ ដោយសំឡេង ៧ ទល់ ៦ ដែលបានបង្ហាញថាមានការមិនពេញចិត្តខ្លះ ខណៈដែលសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋ២នាក់ បានបោះឆ្នោតប្រឆាំងនឹងការបន្តដំណើរនៃសេចក្តីព្រាងច្បាប់នេះ។
អ្នកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Janet Yellen បានព្រមានកាលពីសប្តាហ៍មុនថាសភាចាំបាច់ត្រូវបង្កើនកម្រិតនៃការខ្ចីប្រាក់ មុនថ្ងៃទី៥ ខែមិថុនា បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងគ្មានប្រាក់យកទៅចាយវាយទេ។ អ្នកស្រីបានថ្លែងថាសូម្បីតែរង់ចាំដល់កៀកថ្ងៃ ក៏អាចធ្វើឱ្យខូចខាតដល់ការធ្វើជំនួញ និងដល់ជំនឿទុកចិត្តរបស់អតិថិជនផងដែរ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តលើការខ្ចីប្រាក់របស់សហរដ្ឋអាមេរិក។
uសេចក្តីព្រាងច្បាប់ដែលដាក់ជូនរដ្ឋសភានេះ មានរួមការលើកលែងកម្រិតនៃការខ្ចីប្រាក់បច្ចុប្បន្ន រហូតដល់ខែមករាឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងថវិកាចាយវាយ២ឆ្នាំ ដែលនឹងមានចំនួនដដែលក្នុងឆ្នាំ ២០២៤ ហើយកើនឡើង១% នៅក្នុងឆ្នាំ២០២៥៕