សមាជិក​សភា​អាមេរិក​នឹង​ជំរុញ​ឲ្យ​មាន​សម្ពាធ​បន្ថែម​លើ​កម្ពុជា​ក្រោយ​អង្គការ​និង​សារព័ត៌មាន​ត្រូវ​រឹតត្បិត

​រូបឯកសារ៖ លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃ​​សហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

សមាជិក​សភា​អាមេរិក​ម្នាក់​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​កម្ពុជា ដោយសារ​អង្គការ និង​សារព័ត៌មាន​ឯករាជ្យ​នានា​ត្រូវ​រឹតត្បិត​មុន​ការ​បោះឆ្នោត។

សមាជិក​សភា​អាមេរិក​ គឺ​លោក Alan Lowenthal ប្តេជា្ញ​ថា នឹង​តស៊ូមតិ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ទាំង​មូល​ជាមួយ​នឹង​ក្រុម​របស់​លោក​ដើម្បី​ជំរុញ​ឲ្យ​មាន​សម្ពាធ​សេដ្ឋកិច្ច​បន្ថែម​លើ​កម្ពុជា នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ចិត្ត​បណ្តេញ​អង្គការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ចេញ​ពី​ប្រទេស​កម្ពុជា និង​យាយី​ដល់​ដំណើរ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ឯករាជ្យ នៅក្នុង​ពេល​ដ៏​សំខាន់ គឺ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ ក្រោម​អ្វី​មួយ​ដែល​លោក​ថា​ការ​បង់ពន្ធ​មិន​ស្មោះ​ត្រង់។

លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័ញ៉ា (California) និង​ជា​សហប្រធានគណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា (Congressional Cambodia Caucus) ដែល​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​កម្ពុជា​បាន​ថ្លែង​ប្រាប់ VOA ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយ​នៅ​ថ្ងៃសុក្រ​នេះ​ថា សហគមន៍​អន្តជាតិ រដ្ឋាភិបាល​អាមេរិកាំង និង​សភា​អាមេរិកាំង​ទាំងមូល​ចាំបាច់​ត្រូវមាន​វិធានការ​បន្ថែម និង​ថ្កោល​ទោស​លើ​រដ្ឋាភិបាល​កម្ពុជា។

«យើង​ចាំបាច់​ត្រូវការ​ចាប់ផ្តើម​មើល​ពី​បញ្ហា​កម្ពុជា​យ៉ាង​ពិតប្រាដ ហើយ​ចាប់ផ្តើម​ដាក់​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​ប្រទេស​កម្ពុជា‍»។

លោក​បាន​បន្ត​ថា កាលពី​ឆ្នាំ​កន្លង​ទៅ សភា​ស.រ.អា បាន​កាត់​បន្ថយ​ចំនួន​ថវិកា​ជា​ជំនួយ​៥ភាគរយ ដល់​កម្ពុជា​ដោយសារ​តែ​បញ្ហា​ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស យាយី​ក្រុមជំទាស់ និង​បំបិទ​សេរីភាព​បញ្ចេញ​មតិ និង​ដំណើរការ​ប្រជាធិបតេយ្យ ជាដើម​នោះ។

លោក Alan Lowenthal អះអាង​បន្ត​ថា នៅពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បំបិទ​សិទ្ធិ​សេរីភាព អង្គការ​និង​សារព័ត៌មាន​ដែល​យកចិត្ត​ទុកដាក់​នឹង​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​នឹង​មិនមាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌​ដូច​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើ​នោះ​ទេ។

«រឿងនេះ​វា​បញ្ជូន​សារ​ដ៏​ភ័យ​ព្រួយ​មួយ​ទៅ​កាន់​ពិភពលោក​ទាំងមូល​ថា ប្រទេស​កម្ពុជា​នឹង​មិន​លើក​កម្ពស់​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ ហើយ​ខ្ញុំ​គិតថា ពិភពលោក​ទាំងមូល​ត្រូវតែ​ថ្កោល​ទោស​ឲ្យ​បាន​ខ្លាំង និង​ចំៗ​ចំពោះ​ទង្វើ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេសកម្ពុជា​នេះ‍»។

លោកបន្តថា លោក​នឹង​ធ្វើ​កិច្ចការ​ជាមួយ​នឹង​ក្រុម​របស់​លោក ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា រដ្ឋបាល​ស.រ.អា និង​ក្រសួង​ការបរទេស​អាមេរិក នឹង​មាន​ចំណាត់ការ​ខ្លាំងក្លា​ចំពោះ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង៣០ឆ្នាំ​មក​ហើយ​នោះ។

ក្រសួង​ការបរទេស​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បិទ​អង្គការ​ស.រ.អា គឺ វិទ្យាស្ថាន NDI ដោយ​យោង​ថា វិទ្យាស្ថាន​នេះ​បាន​ធ្វើ​ខុស​ច្បាប់​កម្ពុជា ក្នុង​ពេល​ដែល​រង់ចាំ​ច្បាប់​អនុញ្ញាត​ពី​រដ្ឋាភិបាល។ ហើយ​កាសែត The Cambodia Daily ត្រូវ​បង្ខំ​ឲ្យ​មាន​ការ​បង់​ពន្ធ​ដល់​ទៅ​ជាង​៦លាន​ដុល្លារ វិទ្យុ​សំឡេង​ស.រ.អា VOA និង អាស៊ីសេរី RFA ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ ដែល​ពុំមាន​ការ​ធ្វើ​សវនកម្ម អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​គេ​បិទ​សិទ្ធិ មុន​ការ​បោះឆ្នោត ហើយ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​ការ​ផ្សព្វផ្សាយ​កម្មវិធី​ផ្សាយ VOA និង RFA តាម​រលក​ធាតុអាកាស FM ត្រូវ​បិទ ឬ​រងការ​ប្តឹងផ្តល់​ពី​ការ​មិន​គោរព​ច្បាប់​ក្រសួង​ព័ត៌មាន។

បើតាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័ញ៉ា (California) និង Steve Chabot នៃ​គណបក្ស​សាធារណ:រដ្ឋ មក​ពី​រដ្ឋអូហៃយ៉ូ (Ohio) កាលពី​ម្សិលមិញ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​ព្យាយាម​បំបិទ​សំឡេង​ក្រុម​ជំទាស់​យូរ​មក​ហើយ ក្នុង​អំឡុង​ពេល​កាន់កាប់​អំណាច​ជាង​៣០ឆ្នាំ​នេះ។

ប្រទេសកម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជាតិ​នៅខែ​កក្កដា ឆ្នាំ២០១៨​ខាងមុខ ដែល​គណបក្ស​ជំទាស់​រំពឹង​ថា នឹង​ឈ្នះ​សំឡេង​ឆ្នោត តែ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថា​ខ្លួន​នឹង​មាន​ជ័យជម្នះ​ដែរ​នោះ៕