ពួកមន្រ្តីជាន់ខ្ពស់រដ្ឋបាលរបស់លោកអូបាម៉ាកាលពីថ្ងៃអង្គារបានពិភាក្សាពេលវេលាដើម្បីបញ្ជូនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចរចាជាមួយប្រទេសប៉ាណាម៉ា កូឡុំប៊ីនិងប្រទេសកូរ៉េខាងត្បូងទៅឲ្យសភាធ្វើការពិនិត្យ។
បន្ទាប់ពីពន្យារពេលអស់ជាច្រើនឆ្នាំមក កិច្ចព្រមព្រៀងលើកស្ទួយពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប៉ាណាម៉ាក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសប៉ាណាម៉ា កូឡុំប៊ីនិងកូរ៉េខាងត្បូងទំនងជាស្ថិតនៅលើផ្លូវទៅឱ្យសភាធ្វើការពិចារណា។
ការឲ្យសច្ចានុម័តកាលពីពេលថ្មីៗនេះដោយប្រទេសប៉ាណាម៉ាលើសន្ធិសញ្ញាពន្ធដារបានដកចេញនូវឧបសគ្គសំខាន់ៗនៅក្នុងវិធានការដែលមានជាបន្តបន្ទាប់ដែលពួកមន្រ្តីនិយាយថាបានត្រួសត្រាយផ្លូវដើម្បីធ្វើការពិភាក្សាជាមួយសមាជិកសភាសហរដ្ឋអាមេរិកអំពីកិច្ចព្រមព្រៀងទាំងនោះ។
លោកស្រី Miriam Sapiro ជាអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
«ពួកគេបានដោះស្រាយបញ្ហាមួយចំនួនដែលធ្វើឲ្យយើងឥឡូវនេះស្ថិតក្នុងជំហរដ៏ខ្លាំងមួយដើម្បីចាប់ផ្តើមដំណើរការពិភាក្សាក្រៅផ្លូវការលើកិច្ចព្រមព្រៀងនេះជាមួយសភាសហរដ្ឋអាមេរិក»។
លោកស្រី Sapiro មានប្រសាសន៍បន្តទៀតថាវិធានការនានាដែលប្រទេសប៉ាណាម៉ាបានធ្វើរួមមានចំណាត់ការដើម្បីលុបបំបាត់លក្ខខណ្ឌដែលនៅសេសសល់លើសិទ្ធិការងារក៏ដូចជាកំណែទម្រង់តាមផ្លូវច្បាប់ដែលជាប់ទាក់ទិនទៅនឹងសិទ្ធិចរចារួមហើយនឹងកិច្ចការពារកម្មករ។
នៅឯសេតវិមានសប្តាហ៍ក្រោយ លោកប្រធានាធិបតី Barack Obama និងប្រធានាធិបតី Ricardo Martinelli នៃប្រទេសប៉ាណាម៉ា ត្រូវគេរំពឹងនឹងពិភាក្សាពីវិធានការបន្ទាប់ទៀតសម្រាប់កិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនិងប៉ាណាម៉ា ហើយនឹងការផ្តួចផ្តើមសន្តិសុខថ្មីសម្រាប់តំបន់។
សមាគមពាណិជ្ជកម្មសហរដ្ឋអាមេរិកជាទូទៅបានគាំទ្រការជំរុញរបស់រដ្ឋបាលដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង៣។ ជាពិសេសពួកមន្រ្តីបានចង្អុលបង្ហាញការរៀបចំបង្កើតសហជីពដែលគាំទ្រដោយសហភាពកម្មកររថយន្តសម្រាប់កិច្ចព្រមព្រៀងជាមួយកូរ៉េ។
ក៏ប៉ុន្តែ លោក Richard Trumka មេដឹកនាំសហព័ន្ធពាណិជ្ជកម្មសហរដ្ឋអាមេរិកនៃអង្គការ AFL –CIO កាលពីពេលថ្មីៗនេះបានបន្តការរិះគន់របស់លោកដល់កិច្ចព្រមព្រៀងទាំងនោះ រួមមានកិច្ចព្រមព្រៀងប្រទេសកូឡុំប៊ី ដោយចោទសួរថាតើកិច្ចព្រមព្រៀងទាំងអស់នោះ នឹងជួយសេដ្ឋកិច្ចសហរដ្ឋអាមេរិកឬធ្វើ
ល្មមគ្រប់គ្រាន់ដើម្បីការពារពួកកម្មករក្នុងប្រទេសនានាដែលពាក់ព័ន្ធឬទេ។
កាលពីថ្ងៃអង្គារ លោក Mike Michaud តំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Maine បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅកិច្ចព្រមព្រៀងទាំងបីនោះថានៅមានគុណវិបត្តិ លោកនិយាយបន្ថែមទៀតថាលោកនិងតំណាងរាស្រ្តផ្សេងទៀតនៅក្នុងសភា នឹងធ្វើការដើម្បីខ្ទប់កិច្ចព្រមព្រៀងទាំងនោះមិនឲ្យបានទទួលការអនុម័ត។
ប្រែសម្រួលដោយជឹង ប៉ូជីន