សហរដ្ឋ​អាមេរិក​ដាក់​ប្រទេស​ស្វីស​និង​វៀត​ណាម​​​ ទៅ​ក្នុង​ប្រទេស​​ដែល​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​ដើម្បី​កេង​ចំណេញ

រូបឯកសារ៖ ឡូហ្គោរបស់ធនាគារឯកជនស្វីស Julius Baer ត្រូវបានគេមើលឃើញនៅទីស្នាក់ការកណ្តាលរបស់ធនាគារនៅទីក្រុង Zurich ប្រទេសស្វីសថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០១៧។ (REUTERS)

សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ប្រទេសស្វីស​និង​វៀត​ណាម​ថា​ជា​ប្រទេស​ដែល​បាន​បញ្ចុះ​តម្លៃ​រូបិយ​ប័ណ្ណ​ដើម្បី​កេង​ចំណេញ ដោយ​បានជ្រៀក​ជ្រែក​ចូល​ក្នុង​ទី​ផ្សារ​ប្តូរ​រូបិយប័ណ្ណ​បរទេសនិង​បង្កើត​ឲ្យ​មាន​ជម្លោះ​រវាង​ដៃ​គូ​ពាណិជ្ជ​កម្ម​ទាំង​ពីរ។​

ប្រទេសទាំង​ពីរ​នេះ​ត្រូវ​បាន​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ចាត់​ទុកជា​ប្រទេស​ដែល​បាន​បញ្ចុះ​តម្លៃ​រូបិយ​ប័ណ្ណ​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​ធ្នូ ឆ្នាំ​២០២០ក្នុងបំណង​បញ្ឈប់​ប្រទេស​នានា ពី​ការ​បញ្ជុះ​តម្លៃរូបិយ​ប័ណ្ណ​ដើម្បី​កេង​យក​ចំណេញ​ខាង​វិស័យ​ពាណិជ្ជកម្ម​ដ៏​អយុត្តិធម៌​។

នេះ​ជា​លើក​ទី​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេសដទៃ​មួយ​ទៅ​ក្នុងប្រទេស​ដែល​បាន​បញ្ចុះ​រូបិយប័ណ្ណ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក​នៅ​ពេល​ដែល​ចិន​ក៏​ត្រូវ​បាន​អាមេរិកដាក់​ចូល​ជា​ប្រទេស​ដែល​បាន​បញ្ចុះតម្លៃ​រូបិយ​ប័ណ្ណ​ផង​ដែរ​ខណៈ​កំពុង​ជួប​ចរចារស្តី​ពី​បញ្ហា​ពាណិជ្ជ​កម្ម​ដ៏​តឹង​តែង​ជា​មួយ​អាមេរិក​នោះ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន បាន​ដ​កប្រទេស​ចិន​ចេញ​ពី​បញ្ជី​ប្រទេសបញ្ចុះ​តម្លៃ​រូបីយ​ប័ណ្ណ​កាល​ពី​ខែ​មករា​ឆ្នាំ​២០២០ បន្ទាប់​ពី​ប្រទេស​ទាំង​ពី​រ​បាន​សម្រេច​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មមួយ​ប៉ុន្តែរូបីយប័ណ្ណ​យ័ន​(yuan) របស់​ចិន​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​នៃ​រូបិយប័ណ្ណ​បរទេស​ជា​ច្រើន​ដែល​ក្រសួង​រតនាគារអាមេរិកកំ​ពុង​តាម​ដាន​ត្រួត​ពិនិត្យ។

របាយ​ការណ៍​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ស្វីស​និង​វៀតណាម​ជា​ប្រទេសដែល​បានធ្លាក់​ចូល​ក្នុង​ប្រភេទ​ទាំង​បី​នៃ​ការដាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែលបាន​បញ្ចុះ​តម្លៃ​រូបិយ​ប័ណ្ណ​ដើម្បី​កេង​ចំណេញ​ដែល​ជា​ចំណាត់​ការ​មួយដែល​នាំ​ឲ្យមានការចរ​ចារ​នៅ​ឆ្នាំ​ក្រោយ។ ​ប្រសិន​បើមិន​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយត្រូវ​បាន​ធ្វើ​ឡើង​ទេ​នោះ​សហរដ្ឋ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចទៅ​លើ​ប្រទេស​ទាំង​ពីរ​នេះ។

ប្រទេស​ដទៃ​ផ្សេងៗ​ទៀត ដែល​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​រួម​មាន​ ប្រទេស​ឥណ្ឌា​អ៊ីតាលី​ ជប៉ុន​ កូរ៉េខាង​ត្បូង​អាល្លឺម៉ង់​ ម៉ាឡេស៊ី​កោះ​តៃវ៉ាន់ និង​ប្រទេស​ថៃ។

នេះ​ជា​របាយ​ការណ៍​ចុង​ក្រោយ​ដែល​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង​ដោយ​ទុក​វា​ឲ្យរដ្ឋមន្ត្រីក្រសួង​រតនាគារ​ថ្មី​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​លោក Joe Biden ជា​អ្នក​សម្រេចថា​តើ​គួរទុក​ឈ្មោះ​ប្រទេស​ទាំង​នោះ​ក្នុង​បញ្ជី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចុះ​តម្លៃ​រូបិយ​ប័ណ្ណ​ដើម្បីកេង​ចំណេញ​ដែរ​ឬ​យ៉ាង​ណានោះ​។

ប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​រតនាគារ​អាមេរិក​លើក​ឡើង​ថា អ្នក​ទទួល​ការតែងតាំង​ជារដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​ថ្មីលោក​ស្រី Janet Yellen មិន​ទាន់​ត្រូវ​បាន​គេប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ពី​ការ​ដាក់​បញ្ជូល​នូវ​ឈ្មោះប្រទេស​ទាំង​នោះ​ដោយ​សារការ​សម្រេច​ចិត្ត​ទាំង​អស់គឺ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ត្រាំ​។ នេះ​បើតាមការ​ផ្សាយ​របស់​ការសែត The New York Times ។

របាយ​ការណ៍​ដែល​លើក​ឡើង​ពី​សកម្ម​ភាព​ទី​ផ្សារ​ក្នុងចន្លោះ​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​២០២០ ត្រូវ​បាន​ផ្សព្វ​ផ្សាយក្នុង​អំឡុង​ពេល​នៃការរាត​ត្បាត​ឆ្លងនៃ​ជំងឺ​កូវីដ​១៩ ដែល​បាន​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ដល់​សេដ្ឋកិច្ច​សាកល​លោកក្នុង​ឆ្នាំ​នេះ​និង​ធ្វើ​ឲ្យ​ទី​ផ្សារ​ប្តូរ​រូបិយប័ណ្ណ​បរទេស​ស្ថិតក្នុង​អស្ថិរភាព៕

ប្រែសម្រួល​ដោយ ជ្រា វណ្ណារិទ្ធ