វ៉ាស៊ីនតោន — រដ្ឋអាជ្ញាម្នាក់បានចោទលោក Derek Chauvin ថា បានសម្លាប់លោក George Floyd ដោយយកជង្គង់សង្កត់កញ្ចឹងករបស់គាត់ អស់រយៈពេលជាង ៩ នាទី។ មេធាវីការពារក្តីឲ្យលោក Chauvin បានអះអាងថា មរណភាពរបស់លោក Floyd មួយផ្នែក បណ្តាលមកពីការប្រើគ្រឿងញៀន ហើយថា លោក Chauvin បានចាប់ខ្លួនលោក Floyd តាមការបង្វឹករបស់ប៉ូលិស ដែលរឿងនេះបានកើតឡើងកាលពីខែឧសភាឆ្នាំមុន នៅតាមដងផ្លូវមួយក្នុងក្រុង Minneapolis។
លោករដ្ឋអាជ្ញា Steve Schleicher បាននិយាយសង្ខេបរឿងក្តីចោទលោក Chauvin អាយុ ៤៥ ឆ្នាំ ជាមន្រ្តីប៉ូលិសស្បែកស ថាបានសង្កត់កលោក Floyd អាយុ ៤៦ ឆ្នាំ ទាំងដៃជាប់ខ្នោះ នៅពេលគាត់ដេកនៅលើផ្លូវក្នុងទីក្រុងនេះ និងបានដកដង្ហើមដង្ហក់ ២៧ ដង។ នេះបើយោងតាមវីដេអូនៃការចាប់ខ្លួនលោក Floyd ដែលលោកនិយាយថា លោកមិនអាចដកដង្ហើមបាន។
លោក Schleicher បាននិយាយថា៖ «លោក George Floyd ត្រូវបានលោក Chauvin យកជង្គង់សង្កត់កញ្ចឹងកជាប់» រយៈពេល ៩ នាទី និង ២៩ វិនាទី។
លោក Schleicher និយាយទៀតថា៖ «លោក George Floyd មិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ គាត់ត្រូវការតែការអាណិតអាសូរខ្លះប៉ុណ្ណោះ ប៉ុន្តែគាត់មិនអាចទទួលបានទេ»។
ប៉ុន្តែនៅក្នុងការដេញដោលរយៈពេលប្រមាណជាង ២ ម៉ោងកន្លះ នៅចំពោះមុខគណៈវិនិច្ឆ័យទាំង ១២ នាក់ ដែលមានចម្រុះជាតិសាសន៍ លោក Eric Nelson ដែលជាមេធាវីចុងចោទបានអះអាងថា លោក Chauvin បានធ្វើតាមការហ្វឹកហាត់របស់លោក ក្នុងការចាប់សង្កត់លោក Floyd ទៅនឹងថ្នល់នៅក្នុងក្រុង Minneapolis បន្ទាប់ពីជនសង្ស័យដែលពីដំបូងបានប្រឆាំងនឹងការប្រឹងប្រែងរបស់ប៉ូលិស ក្នុងការចាប់ខ្លួនលោកដាក់ឡានប៉ូលិស។
លោក Nelson បានអះអាងថា៖ «វាមិនមែនជាឧក្រិដ្ឋកម្មទេ ប្រសិនបើវាជាការអនុវត្តតាមកម្លាំងមានសមត្ថកិច្ច»។
លោក Nelson បាននិយាយបិទបញ្ចប់ដោយសុំឲ្យគណៈវិនិច្ឆ័យសម្រេចឲ្យលោក Chauvin រួចពីការចោទប្រកាន់ពីបទឃាតកម្ម និងបទមនុស្សឃាតដោយអចេតនា ដោយថា៖ «រដ្ឋមិនទាន់បានបញ្ជាក់ដោយគ្មានការសង្ស័យថា ជនសង្ស័យមានទោសនោះទេ»។
មេធាវីការពារក្តីបានជំទាស់ថា លោក Chauvin មិនមានគំនិតអាក្រក់សម្លាប់លោក Floyd ទេ ប៉ុន្តែលោក Chauvin បានប្រាប់ឲ្យលោក Floyd សម្រួលខ្លួនពេលគាត់ដេកនៅលើដី ហើយលោកបានហៅបុគ្គលិកពេទ្យជួយសង្គ្រោះបន្ទាន់ ប៉ុន្តែពួកគេបានមកដល់បន្ទាប់ពីលោក Floyd បានបាត់បង់ស្មារតីទៅហើយ។
លោក Nelson បានច្រានចោលការចោទប្រកាន់របស់អយ្យការថា លោក Chauvin បានធ្វើឲ្យលោក Floyd ស្ទះដង្ហើម។ លោកនិយាយថា មរណភាពរបស់លោក Floyd យ៉ាងហោចណាស់មួយផ្នែក បណ្តាលមកពីគាត់ប្រើគ្រឿងញៀននិងការគាំងបេះដូងភ្លាមៗ។
លោក Floyd ត្រូវបានគេសង្ស័យថា បានព្យាយាមចាយលុយក្រដាស ២០ ដុល្លារក្លែងក្លាយនៅហាងទំនិញក្បែរនោះ។
ប៉ុន្តែការស៊ើបអង្កេតជាប្រចាំរបស់ប៉ូលិសលើសំណុំរឿងតូចតាចមួយ ដែលបានកើតឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ហើយមរណភាពរបស់លោក Floyd ដែលបានកើតឡើងបន្ទាប់នោះ បានបណ្តាលឱ្យមានការជំនុំជម្រះបទព្រហ្មទណ្ឌដែលមានឥទ្ធិពលបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
បន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងអស់រយៈពេល ១១ ខែមកហើយនោះ មរណភាពរបស់លោក Floyd បានបង្កឲ្យមានការតវ៉ានៅតាមដងផ្លូវក្នុងទ្រង់ទ្រាយធំ ប្រឆាំងនឹងការរំលោភបំពានរបស់ប៉ូលិសលើជនជាតិភាគតិចនៅទូទាំងសហរដ្ឋអាមេរិក និងនៅតាមទីក្រុងធំៗ នៅក្នុងប្រទេសផ្សេងៗទៀត។
លោក Schleicher បានអះអាងថា លោក Chauvin ដែលបានធ្វើជាប៉ូលិសអស់រយៈពេល ១៩ ឆ្នាំមុនពេលលោកត្រូវបានគេបណ្តេញចេញពីការងារ បន្ទាប់ពីមរណភាពរបស់លោក Floyd នោះ មិនអើពើនឹងវិធាននៃការបណ្តុះបណ្តាលប៉ូលិសរបស់លោកទេ បើពិនិត្យពីរបៀបដែលលោកបានចាប់លោក Floyd ហើយបានប្រើកម្លាំងហួសហេតុ និងមិនចាំបាច់ក្នុងការសង្កត់កលោក Floyd។
លោក Chauvin បានប្រកែកថា លោកមិនមានកំហុសដូចការចោទប្រកាន់លោក ទាក់ទងនឹងមរណភាពរបស់លោក Floyd ទេ។ ប្រសិនបើត្រូវបានសម្រេចថាមានទោស លោក Chauvin ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤០ ឆ្នាំ។
សេចក្តីសន្និដ្ឋានបញ្ចប់របស់លោក Schleicher មានរយៈពេល ១ ម៉ោងនិង ៤៣ នាទី ដោយរដ្ឋអាជ្ញារូបនេះបានអះអាងម្តងហើយម្តងទៀតថា លោក Floyd នឹងមិនស្លាប់ទេ ប្រសិនបើលោក Chauvin គ្រាន់តែបានធ្វើតាមការបណ្តុះបណ្តាលផ្នែកប៉ូលិសរបស់លោក ហើយនិងបានប្រើកម្លាំងសមស្របក្នុងការចាប់ខ្លួនលោក Floyd ឬផ្តល់ជំនួយវេជ្ជសាស្ត្រដល់គាត់ នៅពេលគាត់និយាយថា គាត់មិនអាចដកដង្ហើមបាន។
លោក Schleicher បានអះអាងថា៖ «លោក [Chauvin] បានរំលោភនីតិវិធីប៉ូលិសក្នុងការប្រើប្រាស់កម្លាំង។ គាត់មិនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ទេ។ គាត់បានធ្វើវាដោយមានចេតនា។ គាត់បានរំលោភលើការបណ្តុះបណ្តាលរបស់គាត់ ហើយគាត់បានសម្លាប់បុរសម្នាក់»។
រដ្ឋអាជ្ញារូបនេះបានអះអាងទៀតថា លោក Chauvin «មានចេតនាមិនអើពើ» នឹងជីវិតរបស់លោក Floyd ទេ។ លោក Schleicher បានសួរគណៈវិនិច្ឆ័យថា៖ «តើការប្រើកម្លាំងនេះត្រូវបានអនុញ្ញាតឬទេ? តើវាមានយុត្តិកម្មទេ?ចម្លើយគឺគ្មានទេ»។
លោក Schleicher បានសន្និដ្ឋានថា៖ «នេះគឺជាឃាតកម្ម»។
លោក Peter Cahill ចៅក្រមជំនុំជម្រះបានអានសេចក្តីណែនាំស្តីពីទិដ្ឋភាពច្បាប់នៃរឿងក្តីនេះសម្រាប់គណៈវិនិច្ឆ័យអនុវត្ត នៅពេលគណៈវិនិច្ឆ័យពិចារណាថាត្រូវសម្រេចឲ្យលោក Chauvin មានទោស ឬឲ្យរួចពីការចោទប្រកាន់។ ចៅក្រមបានប្រាប់គណៈវិនិច្ឆ័យថា កុំយកហេតុផលដែលលោក Chauvin មិនឡើងឆ្លើយបំភ្លឺមកធ្វើការវិនិច្ឆ័យទោសរបស់លោក ព្រោះនេះជាសិទ្ធិរបស់លោកទេ។
កាលពីសប្តាហ៍មុន លោក Chauvin បានប្រើសិទ្ធិរបស់លោក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រឆាំងនឹងការចោទប្រកាន់លើខ្លួនឯង ហើយលោកមិនឡើងការពារខ្លួនឯងទេ។
តាមច្បាប់សហរដ្ឋអាមេរិកការកាត់ទោសត្រូវតែបង្ហាញពីការចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទ ហើយជនជាប់ចោទគ្មានទោសទេ លុះត្រាតែមានភស្តុតាងមិនមែនត្រឹមតែសង្ស័យថាសមហេតុផលនោះទេ ដែលមានន័យថា វិមតិសង្ស័យមិនអាចកាត់ទោសជនសង្ស័យបានទេ។
គណៈវិនិច្ឆ័យត្រូវដកខ្លួនទៅពិចារណារហូតដល់ពួកគេសម្រេចសាលក្រម។
នៅពេលសំណុំរឿងនេះជិតដល់ទីបញ្ចប់អាជ្ញាធរនៅទីក្រុង Minneapolis ត្រូវត្រៀមខ្លួនជាស្រេច ក្នុងករណីដែលអាចមានការតវ៉ានៅតាមដងផ្លូវ បន្ទាប់ពីចេញសាលក្រម។ ហាងជាច្រើនបានដាក់ជញ្ជាំងក្តារដើម្បីបង្ការការខូចខាត និងការលួចប្លន់ជាថ្មីទៀតដូច ដែលធ្លាប់បានកើតឡើង បន្ទាប់ពីមរណភាពរបស់លោក Floyd កាលពីជិតមួយឆ្នាំកន្លងទៅ។
ការតវ៉ានានា ដែលមួយចំនួនមានអំពើហិង្សា បានកើតឡើងនៅក្នុងទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។ ចលនា «ជីវិតជនជាតិស្បែកខ្មៅមានតម្លៃ» (Black Lives Matter) ជាចលនានាំមុខគេក្នុងបាតុកម្មនានា ប៉ុន្តែមនុស្សរាប់ពាន់នាក់ ដែលពីមុនមិនមានជាប់ទំនាក់ទំនងជាមួយបាតុកម្មដែលដឹកនាំដោយពួកជនជាតិស្បែកខ្មៅបានចូលរួមក្នុងការថ្កោលទោសសកម្មភាពរបស់លោក Chauvin ហើយនិយាយជាទូទៅគឺទង្វើរបស់ប៉ូលិសទៅលើជនជាតិភាគតិច។
បញ្ហាដូចដែលត្រូវបានលើកឡើងទាក់ទងនឹងមរណភាពរបស់លោក Floyd នេះ បានឈានមុខគេនៅក្នុងសហគមន៍ជាថ្មីម្តងទៀត នៅពេលដែលមន្រ្តីប៉ូលិសដែលបានលាឈប់ពីតំណែងនៅជាយក្រុង Minneapolis បានបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់វ័យ ២០ ឆ្នាំ ក្នុងអំឡុងពេលឈប់ចរាចរណ៍កាលពីថ្ងៃទី ១១ ខែមេសា៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ