ចៅក្រម​ស.រ.អា.កាត់ទោស​អាចារ្យ​អ៊ីស្លាម​ឲ្យ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត​

រូប​គំនូរ​បង្ហាញ​ពី​អាចារ្យ​អ៊ីស្លាម​ Abu Hamza al-Masri (កណ្តាល) ជាមួយ​នឹងក្រុម​មេធាវី​របស់​ខ្លួន​នៅ​តុលាការ​ក្រុង​ញូយ៉ក​។

ចៅក្រម​សហរដ្ឋ​អាមេរិក ​បាន​កាត់​ទោសអាចារ្យ​អ៊ីស្លាម​ជ្រុល​និយម​ម្នាក់​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ​៨​ខែ​បន្ទាប់​ពី​លោក​បាន​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ចោទ​ប្រកាន់​ភេរវកម្ម​សហព័ន្ធ។

កាល​ពី​ថ្ងៃ​សុក្រ ​ចៅក្រម​បាន​កាត់​ទោស Mustafa Kamel Mustafa ​ដែល​ត្រូវ​បានគេស្គាល់​ជា​ទូទៅ​ថា Abu Hamza ​នៅ​ឯតុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ញូយ៉ក (New York)។

Hamza ​ដែល​ពិការ​ភ្នែក​ម្ខាង​និង​ពិការ​ដៃ​ទាំង​សងខាង​ ​បាន​ស្ថិត​នៅ​ក្នុង​តុលាការ​នៅពេល​លោក​ត្រូវ​បាន​កាត់ទោស។​មេធាវី​របស់​លោក ​បានសុំ​ឲ្យ​ចៅក្រម​ពិចារណា​ពី​ពិការ​ភាពរបស់​លោក​នៅពេល​ដាក់​ទោស​លោក។

​កាល​ពី​ខែឧសភា​ឆ្នាំ​មុន Hamza ​បាន​ត្រូវ​តុលាការ​ចោទ​ប្រកាន់ចំនួន​១១ប្រការ​ដែល​លោក​បាន​ប្រឈម​នៅ​ក្នុង​ការឧបត្ថម្ភ​សម្ភារៈ​ទៅ​ឲ្យ​ភេរវជន។​ការ​ចោទ​ប្រកាន់​ទាំង​នោះ​រួមមាន​ការ​បញ្ជូន​អ្នក​ដើរ​តាម​ដើម្បី​បង្កើត​ជំរុំ​ហ្វឹកហាត់ក្រុម​សង្រ្គាម​សាសនា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ការ​បញ្ជូន​មនុស្ស​ទៅ​ជួយ​ក្រុម​អាល់ កៃដា (al-Qaida) នៅ​ក្នុង​ប្រ​ទេស​អាហ្វ​ហ្គានីស្ថាន ​និង​ការ​ផ្តល់​ទូរសព្ទ​ផ្កាយ​រណប​ទៅ​ឲ្យ​ក្រុមសកម្ម​ប្រយុទ្ធ​យ៉េម៉ែនដែល​បាន​ចាប់​ជំរិត​អ្នកទេសចរណ៍​ប្រទេស​លោក​ខាង​លិច​នៅ​ឆ្នាំ​១៩៩៨។ចំណាប់​ខ្មាំង​៤​នាក់ ​បាន​ស្លាប់​ក្នុង​អំឡុងពេល​នៃការ​ប៉ុនប៉ង​ជួយ​សង្គ្រោះ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ ​លោក John Carlin ឧបការីរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ ​បាន​ហៅ Hamza ថា​ ​ជា​ភេរវជន​ដែល​មិន​ព្រម​ទទួល​កំហុស។

Hamza ​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​មុនពេល​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋ​អាមេរិកនៅឆ្នាំ​២០១២ ​បាន​ធ្វើ​ការ​ទេសនា​លិទ្ធិ​យ៉ាង​សាហាវ ​ប្រឆាំង​នឹង​ប្រទេស​លោក​ខាង​លិច​នៅ​ព្រះ​វិហារ​អ៊ី​ស្លាម Finsbury ​ក្នុង​ទីក្រុង​ឡុងដ៍៕