ចៅក្រម​សហព័ន្ធ​បញ្ជា​ឲ្យបន្ត​​កម្មវិធី​ DACA ​ដោយ​មាន​អ្នក​ដាក់​ពាក្យ​ថ្មី

នាង Melody K. អាយុ​២៣​ឆ្នាំ​ដែល​ទទួល​បានកម្មវិធី DACA នៅ​ពេល​នាំមក​សហរដ្ឋ​អាមេរិក​ពេល​នាង​អាយុ​៨​ឆ្នាំ ថ្លែង​គាំទ្រ​ដំណោះ​ស្រាយ​អចិន្ត្រៃយ៍​សម្រាប់​ជន​អន្តោប្រវេសន៍ ទីក្រុង Los Angeles​ កាល​ពី​ខែ​កុម្ភៈ ២០១៨។

ចៅក្រម​សហព័ន្ធបញ្ជា​ដល់​រដ្ឋបាល​លោក​ត្រាំ​ឱ្យ​រក្សា​ទុក​កិច្ច​ការពារ​ប្រឆាំង​នឹង​ការ​បញ្ជូន​ចេញ​នូវ​ពួក​ជន​វ័យ​ក្មេង៧​សែន​នាក់​គ្មាន​ឯកសារ​ដែល​គេ​ស្គាល់​ថា​ជា​ពួក​«dreamers»។

នៅ​ក្នុង​ការ​ស្តី​បន្ទោស​ខ្លាំង​មួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែងរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ​ ក្នុង​ការ​បញ្ចប់​កម្មវិធី​ដែល​គេ​ស្គាល់​ថា​ DACA ​នោះ ​លោក John Bates ​ចៅ​ក្រមតំបន់​ក៏​បាន​បញ្ជា​ដែរ​ដល់​ក្រសួង​សន្តិសុខ​មាតុភូមិ​ឱ្យ​ទទួល​ពួក​អ្នក​ដាក់​ពាក្យ​ថ្មីៗ​សម្រាប់​កម្ម​វិធី​នេះ​ផង​ដែរ។

គោល​នយោបាយ​កាល​ពី​ឆ្នាំ​២០១២​នេះ​ដែល​បាន​ត្រូវ​អនុវត្ត​នៅ​ពេល​លោក បារ៉ាក់ អូបាម៉ា​ កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកាំង​បាន​អនុញ្ញាត​ឱ្យ​ពួក​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ដែល​បាន​មក​កាន់​ស.រ.អា.​នៅ​ពេល​ពួក​គេ​ជា​អនីតិជន ហើយ​ដែល​បាន​ចុះ​ឈ្មោះ​រៀន​ក្នុង​វិទ្យាល័យ​ឬមួយ​បានរៀន​ចប់​វិទ្យាល័យ​ហើយ​នោះ ​ និង​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ណា​មួយ

អាច​រស់​នៅ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​អាមេរិក​ក្នុង​រយៈ​ពេល​រៀង​រាល់​ពីរ​ឆ្នាំ​ដែល​អាច​បន្ត​ពេល​បាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​បញ្ជូន​ខ្លួន​ចេញ​ពី​ស.រ.អា.។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​លប់​ចោល​កម្មវិធី​នេះ​កាល​ពី​ឆ្នាំ​២០១៧​ ដោយ​និយាយ​បង្ហាញ​ហេតុផល​ថា ​រដ្ឋបាល​មុន​គ្មាន​អំណាច​ខាង​ផ្លូវ​ច្បាប់​ដើម្បី​បង្កើត​កម្មវិធី​នេះ​ទេ។

ប្រធានាធិបតី​ ត្រាំ​ បាន​ផ្តល់​ឱ្យ​ពួក​សមាជិកសភា​ស.រ.អា.​នូវ​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​មួយ​នៅ​ខែ​មីនា ​ដើម្បី​ឱ្យមាន​ការ​ដោះ​ស្រាយ​ជា​អចិន្ត្រៃយ៍​មួយ​ដល់​ពួក​ជន​ដែល​ឋិត​ក្នុង​កម្មវិធី​ DACA ​ក៏​ប៉ុន្តែសភា​ស.រ.អា.​ដឹកនាំ​ដោយ​ពួក​សាធារណរដ្ឋ​មិន​បាន​ចាត់​វិធាន​ការ​អ្វី​ទេ។

តុលាការ​សហព័ន្ធមួយ​ចំនួន​ក៏​បាន​សម្រេច​ដែរ​ថា​ កិច្ច​ការពារ​ដែល​មាន​រួច​ហើយ​ដល់​ពួក​ DACA ​ត្រូវ​តែ​មាន​តទៅ​ទៀត​នៅ​ពេល​ដែល​នៅ​តែ​មាន​ការ​ប្រឆាំង​ខាង​ផ្លូវច្បាប់តទៅ​ទៀត៕