កងកម្លាំងគាំទ្រដោយអ.ស.ប កំពុងខិតខំព្យាយាមពង្រីកតំបន់ហាមប្រាមមិនឱ្យយន្តហោះយោធា Libya ហោះកាត់ភាគច្រើននៃតំបន់ខាងជើងនៃប្រទេសនេះ ក្រោយពីការវាយប្រហារតាមអាកាសបីថ្ងៃបានធ្វើឱ្យខ្សោយដល់កិច្ចការពាររបស់មេដឹកនាំលីប៊ី Moammar Gadhafi។
ក្រុមចំរុះអន្តរជាតិគ្រោងនឹងពង្រីកតំបន់ហាមប្រាមមិនឱ្យយន្តហោះយោធាលីប៊ីហោះលើប្រទេសនេះពីសំបុកពួកឧទ្ទាមនៅ Benghazi នៅខាងកើតទៅកាន់រដ្ឋធានី Tripoli ចម្ងាយមួយពាន់គ.ម.ទៅខាងលិច។
កងកម្លាំងស្មោះត្រង់នឹង Gadhafi នៅក្នុងក្រុងTripoliបានបាញ់កាំភ្លើងការពារដែនអាកាសនៅក្នុងការប៉ុនប៉ងរារាំងការវាយប្រហារដោយកងយន្តហោះប្រតិកម្មប្រយុទ្ធរបស់ស.រ.អ. ប្រទេសបារាំងនិងប្រទេសអង់គ្លេស។
ស.រ.អ.បានបញ្ជាក់កាលពីថ្ងៃអង្គារថាយន្តហោះប្រតិកម្មមួយគ្រឿងរបស់ខ្លួនបានធ្លាក់ពេលចុះក្នុងប្រទេសលីប៊ីមួយថ្ងៃមុននេះ។ពួកយោធាបាននិយាយថាបុព្វហេតុនៃការធ្លាក់យន្តហោះនេះទំនងជាបញ្ហាម៉ាស៊ីនខូចមិនមែនដោយសារការបាញ់ដោយសត្រូវទេ។គេនិយាយថាពួកយានិកមានសុវត្ថិភាព។
ទោះណាជាមានការពង្រីកកិច្ចប្រតិបត្តិការនៅក្នុងតំបន់ហាមប្រាមមិនឱ្យយន្តហោះយោធាលីប៊ីហោះលើប្រទេសនេះ-ដែលជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តមួយរបស់អ.ស.ប.ដើម្បីការពារក្រុមជនស៊ីវិលពីការវាយប្រហារដោយរដ្ឋាភិបាលលីប៊ីក៏ដោយ-ក៏ប្រភពក្រុមប្រឆាំងនៅក្នុងក្រុងពីរនាផ្នែកខាងលិចប្រទេសរាយការណ៍ថាមានការប្រយុទ្ធគ្នាតទៅទៀត។
ក្រុមអ្នកស្រុកបានថ្លែងថាកងកម្លាំងលំអៀងទៅខាងGadhafiធ្វើការវាយលុកនៅក្នុងក្រុងMisrataនិងក្រុងZintanនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគេចចេញពីការវាយប្រហារតាមអាកាស។ ភាពតានតឹងក្នុងកិច្ចគាំទ្រអន្តរជាតិដល់បេសកកម្មនេះបានកើនទ្បើងកាលពីថ្ងៃអង្គារដោយប្រទេសចិនចូលរួមជាមួយពួកអ្នកជំទាស់។
អ្នកស្រី Jiang Yu អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់និងស្វះស្វែងរកដំណោះស្រាយជម្លោះនេះដោយសន្តិវិធី។
ប្រទេសចិន ដូចជាប្រទេសរុស្សីដែរ បានបោះឆ្នោតអនុប្បវាទមិនបានគាំទ្រដល់សេចក្តីសម្រេចចិត្តរបស់អ.ស.ប.ដែលអនុញ្ញាតឱ្យមានការវាយប្រហារនេះទេក៏ប៉ុន្តែមិនបានបោះឆ្នោតវ៉េតូជំទាស់នឹងវិធានការនេះទ្បើយ។ សម្ព័ន្ធអារ៉ាប់ដែលពីដំបូងទ្បើយបានគាំទ្រវិធានការនេះរបស់អ.ស.ប. ក៏បានសម្តែងការមិនទ្រទ្រង់ទាំងស្រុងដែរ។
ពួកប្រទេសទាំងនេះនិយាយថាពួកគេខ្វល់ខ្វាយអំពីការស្លាប់នៃពួកជនស៊ិវិលនិងវិបត្តិមនុស្សធម៌ដែលជាអ្វីដែលវិធានការទាំងនេះមានគោលដៅបញ្ចៀសមិនឱ្យមាន៕
ប្រែសម្រួលដោយ ឈឹម សុមេធ